Thursday, September 20, 2018

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលនិងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សប្រឡងជាប់និទ្ទេស A ១១នាក់

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ដល់សិស្សជ័យលាភីដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន ១១នាក់ មកពី០៦វិទ្យាល័យ ក្នុងខេត្តកំពង់ធំ ដោយម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង ឡេបថបយួរដៃ ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង និងថវិកា ១០០ដុល្លារអាមេរិក។
លោក សុខ លូ បានធ្វើការកោតសរសើរក្មួយៗសិស្សា​នុសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាពរបស់ខ្លួន ហើយការទទួលបានលទ្ធផលជោគ​ជ័យនេះកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យ ជាពិសេសកំណែ​ទម្រង់ប្រព័ន្ធអប់រំថ្មី របស់លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។
លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំទៅកាន់យុវសិស្សជ័យលាភីថា ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់​ទុននៅកម្ពុជា ដូចនេះកម្ពុជា ត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់យុវសិស្សជំនាន់ក្រោយត្រូវស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿង​ញៀនដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិរបស់យើង។
ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់ដែលបានជួយគាំទ្រជាសម្ភារៈ ថវិកា និងស្មារតី ដល់សិស្សជាប់និទ្ទេស A ក្នុងនោះមានលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ងួន រាសី នាយកខុទ្ទកាល័យ លោក ងួន ញ៉ិល លោក ឬទ្ធី រស្មី ទីប្រឹក្សាលោក ងួន ញ៉ិល លោក យៀប ហេង ទីប្រឹក្សាលោក ងួន ញ៉ិល៕









No comments:

Post a Comment