Thursday, September 20, 2018

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណ បសស ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណ បសស ជូនអតីតយុទ្ធ ជនកម្ពុជាខេត្តព្រះសីហនុចំនួន ១.០១៦នាក់។
លោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី ប្រធានសមាគមអតីតយុទ្ធជន ខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្នអតីតយុទ្ធ ជនខេត្តព្រះសីហនុ មានចំនួន ១.០១៦នាក់ យើងបានធ្វើបច្ចុប្បន្នភាពបានចំនួន ៤៩៧នាក់ នៅសល់ ១៦៩នាក់ ក្នុងនោះ ជនពលី ២៤នាក់ ជនមរណ: ២១នាក់ ជនពិការ ១២៣នាក់ និវត្តជន៤២៣នាក់ សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជួយអន្តរាគមន៍ ដល់សមាជិក សមាគមអតីតយុទ្ធជន ដែលមានជំងឺជួបការលំបាកខ្វះខាត ក្នុងជីវភាពតាមរយ:នៃការរៀបចំថវិកា និងសម្ភារ:មួយចំនួនដល់លំនៅដ្ឋាន ឬនៅមន្ទីរពេទ្យជាដើម។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានមានប្រសាសន៍ថា ប័ណ្ណ បសស មានប្រសិទ្ធភាពក្នុងការរក្សាសម្រាប់យកទៅពិនិត្យ សម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ព្រមទាំងថ្លែងអរគុណដល់បងប្អូនអតីតយុទ្ធជនដែល មាន ទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមចំណែករបស់ អតីតយុទ្ធ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងថ្លែងអំណគុណប្រធាន សមាគមន៍ អតីតយុទ្ធជនខេត្ត បានខិតខំកសាងផ្ទះ ជួយសម្រួលជីវភាព រស់នៅ ដល់អតីតយុទ្ធជន នៅតាមឃុំ សង្កាត់ ស្រុក ក្រុង ពិសេសថែរក្សា សុខភាពដល់អតីតយុទ្ធជនរបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ធានាសុវត្ថិភាព និងផ្តល់របបសន្តិសុខសង្គមជូនដល់អតីតយុទ្ធជន បានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ការចែកប័ណ្ណ បសស ពេលនេះ អាចឱ្យបងប្អូនអតីតយុទ្ធជនរបស់យើងយកទៅពិនិត្យ ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យណាក៏បាន ហើយយើងនឹងបន្តធ្វើប័ណ្ណចែកជូនគ្រួសារ មរណ:បន្ថែមទៀត។ ដំណាក់កាលទីមួយ យើងធ្វើការចែកប័ណ្ណ បសស ជូនដល់រអតីតយុទ្ធជន និងដំណាក់កាលទី២ យើងនឹងបន្តធ្វើប័ណ្ណចែក ជូនគ្រួសារអតីតយុទ្ធជនទទួលមរណ:បន្តទៀត ដោយសារអតីតយុទ្ធជន របស់យើងនៅទូទាំងប្រទេសមានជាង ១០ម៉ឺននាក់ ។ លោក ក៏បានផ្តាំផ្ញើឱ្យ ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុត្រៀមរៀបចំដីសម្បទានសង្គមកិច្ចបែងចែកជូនដល់អតីតយុទ្ធជនរបស់យើងឱ្យបានគ្រប់គ្នា៕




No comments:

Post a Comment