Wednesday, July 11, 2018

គ.ជ.ប នឹងដោះស្រាយ បើសិនមានពាក្យបណ្តឹង ពាក់ព័ន្ធនឹងករណីយករថយន្តរដ្ឋ ទៅប្រើប្រាស់​​ឃោសនាឱ្យគណបក្ស​នយោបាយ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ ឱ្យដឹង​នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានការរិះគន់​ ទៅលើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ ដើម្បី​បម្រើការ​ឃោសនាឱ្យ​គណបក្សនោះ រហូតមកដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួលពាក្យបណ្តឹង ពីភាគីណាមួយនៅឡើយទេ។ លោកបញ្ជាក់ថាប្រសិនបើមានពាក្យបណ្តឹងអំពីករណីនេះ គ.ជ.ប នឹងធ្វើការដោះស្រាយតែម្តង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទី១ គ.ជ.ប មិនអត់ទាន់មានទទួលពាក្យបណ្តឹង ទី២ខ្ញុំចង់​ជម្រាប​ពីទិដ្ឋភាពផ្លូវច្បាប់នៅក្នុងប្រការ១០ នៃនីតិវិធីនៃការបោះឆ្នោត ចែងថាជនណា​ក៏ដោយ​ក៏មានសិទ្ធិ​ប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប នឹងចាត់ការ ហើយ គ.ជ.ប អត់មានតួនាទី ដូចព្រះរាជអាជ្ញាទេ មានន័យថា ទោះបីអត់មានអ្នកប្តឹង ក៏គាត់អាចប្តឹងបានដែរ។ ប៉ុន្តែ គ.ជ.ប អត់ធ្វើការងារនេះទេ»។
លោក ហង្ស ពុទ្ធា បានបន្តថា ការរិះគន់​លើ​អ្នកប្រើប្រាស់​រថយន្ត​រដ្ឋ សម្រាប់​បម្រើការ​ឃោសនា​បោះឆ្នោត​នោះ ​វា​គ្មាន​ន័យ​ទេ ប្រសិនជា​គ្មាន​ពាក្យបណ្ដឹង​ដល់ដៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហើយ គ​.​ជ​.​ប រង់ចាំតែ​អនុវត្ត​ច្បាប់​លើ​អ្នកប្រព្រឹត្ត​ខុស​ប៉ុណ្ណោះ​។​ ក្នុងន័យនេះ​លោក ហង្ស ពុទ្ធា ចង់​បញ្ជាក់ថា ការសម្រេច​ដាក់ពិន័យ​របស់​គ​.​ជ​.​ប ទៅលើ​អ្នកប្រព្រឹត្ត​ផ្ទុយ​ពី​បម្រាម​ច្បាប់​បាន លុះត្រាតែ​មានការ​ដាក់ពាក្យ​ប្ដឹង​មក​គ​.​ជ​.​ប។
ជាមួយគ្នានេះ អ្នកនាំពាក្យ ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​ ​បើ​មាន​អ្នកដាក់ពាក្យ​ប្ដឹង​ គ.ជ.បនឹងចាត់ការ​លើ​ករណីនេះ តាម​មាត្រា​ច្បាប់​១៥៨ ស្តីពី​ច្បាប់បោះឆ្នោត ដោយ​ហៅ​មក​ដាក់ពិន័យ​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​នៅតែ​ប្រព្រឹត្ត​ខុស​ដដែល គ.ជ.បនឹង​ផាកពិន័យ​ជា​ទឹកប្រាក់​ពី​៥​លាន​រៀល ទៅ​១០​លាន​រៀល។
ទទ្ទឹមនេះ​លោក ហង្ស ពុទ្ធា ក៏អំពាវនាវ​ឱ្យគណបក្សនយោបាយ​ទាំងអស់ ណែ​នាំទៅ​មន្ត្រី សមាជិក និង​អ្នកគាំទ្រ​គណបក្ស អនុវត្ត​តាមច្បាប់ និង​បម្រាម​របស់​គ​.​ជ​.​ប ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​ល្អ តាម​គោលការណ៍​សេរី និង​យុត្តិធម៌​ ៕



No comments:

Post a Comment