Wednesday, July 11, 2018

នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបង្ហាញទឹកខ្មៅជ្រលក់ដៃមកពីឥណ្ឌាសម្រាប់ការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានកំណត់យកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅព្រលប់ថ្ងៃទី១០ ខែកក្កដានេះ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការបង្ហាញទឹកខ្មៅជ្រលក់ដៃនេះ គ.ជ.ប ក៏បានអញ្ជើញក្រុមហ៊ុនឥណ្ឌា ដែលផលិតទឹកខ្មៅជ្រលក់ដៃនេះមកធ្វើការបង្ហាញពីគុណភាពទឹកខ្មៅដល់អ្នកចូលរួមផងដែរ។ លោក បានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ដើម្បីឱ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃនេះ។

សូមបញ្ជាក់ថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១,០០០ដប ពីប្រទេសឥណ្ឌា ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។
ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប៕

No comments:

Post a Comment