Thursday, December 21, 2017

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា ព.ស២​៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យក្រសួងការពារជាតិវៀតណាមសហការឱ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជាក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។

នៅក្នុងជំនួបនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយលោកក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិកម្ពុជា និងវៀតណាម សហការគ្នាឱ្យបានស្អិតរមួតក្នុងការចែកបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើការជួយសង្គ្រោះប្រ​ជាជនតាមព្រំដែនពេលមានគ្រោះអន្តរាយដោយបានណែនាំឱ្យត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងករណីមានភ្លើងឆេះព្រៃ។ លោកក៏បានណែនាំឱ្យផ្តើមមានកិច្ចប្រតិបត្តិការគ្នាក្នុងការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញមក ក្នុងការបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិចំពោះកងទ័ពដែលបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នៅល្ងាចនេះ លោកនឹងជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលនឹងមានការពិភាក្សាលើការបណ្តុះបណ្តាល ធនធានមនុស្ស, កិច្ចសហប្រតិបត្តិការវិស័យយោធា, ការចែករំលែកបទពិ​សោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌, កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ, កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន, ជំរុញការងារលើអ្វីដែលថ្នាក់ដឹកនាំកំពូល បានចុះហត្ថលេខារួចហើយ៕








No comments:

Post a Comment