Thursday, December 21, 2017

កម្ពុជា-ជប៉ុន រកឃើញរូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

កម្ពុជា និងជប៉ុន បានសម្រេចជ្រើសរើសយករូបភាពដែលរំលេចដោយទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតជានិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ រូបភាពនេះ ត្រូវបានរចនាឡើងដោយកុលបុត្រខ្មែរមួយរូបមានអាយុ១៥ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប។ រូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុននេះ ត្រូវបានលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរប្រកាសទទួលយករួមគ្នានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

សូមរំលឹកថា ស្ថានទូតជប៉ុនកាលពីពេលកន្លងទៅ បានដាក់ឱ្យមានការប្រកួតប្រជែងរចនារូបជានិមិត្តសញ្ញា (Logo) ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។ ក្រោ​ម​ការប្រកួតប្រជែងស្នាដៃជាច្រើននោះ ស្ថានទូតជប៉ុនក៏បានសម្រេចផ្តល់ជយលាភីដល់យុវជន ចាន់ ទេពខេមរិន្ទ ដែលជាសិស្សរៀននៅថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយក្នុងខេត្តសៀមរាប។ រូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុននេះ ត្រូវបានចម្រាញ់ចេញពីស្នាដៃចំនួន៣១ ដែលមានទម្រង់ជារូបផ្លិតរំលេចដោយទង់ជាតិកម្ពុជា និងជប៉ុនបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយរវាងកម្ពុជា និងជប៉ុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា «ឡូហ្គោ នេះមានគូរទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតដ៏ស្រស់ស្អាត។ ខ្ញុំសង្ឃឹមថាមិត្តភាពជប៉ុន-កម្ពុជា នឹងរីកសាយធំឡើងដូចផ្លិតបើកនេះពេញមួយឆ្នាំ»។ កម្មវិធីអបអរសាទរ «ខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងជាមិត្តភាព រវាងជប៉ុន និងកម្ពុជា» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូ​តដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ អំឡុងពេលដ៏សំខាន់នេះ ស្ថានទូតជប៉ុន រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នឯកជននឹងរៀបចំព្រឹតិ្តការណ៍អនុស្សាវរីយ៍ជាច្រើន និងសង្ឃឹមថា នឹងមានការចូលរួមពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ក្នុងរយៈពេ​លមួយឆ្នាំពេញនេះ៕



No comments:

Post a Comment