Thursday, December 21, 2017

(មានវីដេអូ) ក្រុមកម្មករ ខឹងសម្បារមេដឹកនាំបក្សប្រឆាំងក្រៅច្បាប់ដែលកំពុងញុះញង់ឱ្យអន្តរជាតិឈប់ទិញទំនិញកម្ពុជា



កម្មករ កម្មការិនី កំពុងពឹងអាស្រ័យ និងផ្ញើជីវិតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែក​ជើងនៅកម្ពុជា បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះការអំពាវនាវឱ្យអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលដទៃទៀត ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ ការប្រតិកម្មរបស់កម្មករបានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់ បាននិងកំពុងធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំនៅក្រៅប្រទេសឱ្យសហគមន៍អន្តរជាតិដាក់វិធានការផ្សេងៗលើរាជរដ្ឋាភិបាលជាថ្នូរឱ្យពួកគេបានចូលរួមធ្វើសកម្មភាពនយោបាយឡើងវិញ។ ក្រៅ​​ពីក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ក្នុងបទសម្ភាសន៍នាពេលកន្លងទៅជាមួយវិទ្យុអាស៊ីសេរី ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជា​តិ​ដាក់ទណ្ឌកម្ម និងបញ្ឈប់ការបញ្ជាទិញផលិតរបស់កម្ពុជាឱ្យបានឆាប់ផងដែរ។

អ្នកស្រី នួន ធីតា ធ្វើការនៅរោងចក្រហុងវ័ន្តបានថ្លែងថា ប្រសិនអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងផលិតផលដទៃទៀតរបស់កម្ពុជាមែននោះ វានឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពរប​ស់ពួកគាត់នាពេលបច្ចុប្បន្ន។ អ្នកស្រីបានចាត់ទុកការអំពាវនាវទាំងអស់នេះ គឺជាការប្រឆាំងជាមួយជីវភាព និងបំផ្លាញឆ្នាំងបាយរបស់កម្មករ ដែលកំពុងពឹងអាស្រ័យលើការងារក្នុងវិស័យកាត់ដេរជាចាំបាច់នាពេលបច្ចុប្បន្ន។

កម្មការិនីម្នាក់ទៀត ក៏បានបញ្ជាក់ផងដែរថា ការងារកាត់ដែរសម្លៀក និងស្បែកជើងនាពេលបច្ចុប្បន្ននេះ ពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់នាង និងក្រុមគ្រួសារ ក៏ដូចជាកម្មករ កម្មការិនីដទៃទៀត។ អ្នកនាង ស៊ុម សុភា បានលើកឡើងថា បើអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងទំនិញដទៃទៀតពីប្រទេសកម្ពុជាតាមការអំពាវនាវរបស់ក្រុមអ្នកនយោបាយ ដែលបាត់បង់សិទ្ធិនយោបាយមែននោះ ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងជួបបញ្ហាជាខ្លាំង។ ទន្ទឹមនឹងការខឹងសម្បាបងប្អូនកម្មករ កម្មការិនី ក៏បានទទូចផងដែរ ទៅដល់ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំងឱ្យបញ្ឈប់ធ្វើយុទ្ធនាការសូមអន្តរជាតិដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា ប្រសិនបើពួកគេស្រឡាញ់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីមែននោះ។

គួរបញ្ជាក់ថា សភាសហគមន៍អឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ បានអនុម័តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពេញអង្គសភាអឺរ៉ុប ដោយស្នើរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ ការសម្រេចនេះបានធ្វើឡើងតបតាមការអំពាវនាវរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅទំហំនាំចេញផលិ​តផលទៅកាន់សហគមន៍អឺរ៉ុប មានជាង ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញទៅអាមេរិកមានជិត ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញទៅអឺរ៉ុបគឺទទួលបានការអនុគ្រោះពន្ធរហូតដល់ ៦៧៦លានដុល្លារអាមេរិក។

បើទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា អ្វីដែលសភាសហគមន៍អឺរ៉ុបបានសម្រេចនេះមិនប្រាកដថានឹងត្រូវរដ្ឋាភិបាលអឺរ៉ុបអនុវត្តន៍នោះឡើយ ព្រោះ​ត្រូវការសេចក្តីសម្រេច និងព្រមព្រៀងពីប្រទេសជាសមាជិក។ នៅក្នុងជំនួបសំណេះ​សំណាលជាមួយកម្មករ កម្មការិនី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថា ដាក់ចេញវិធានការចំនួនសម្រាប់ទប់ទល់ជាមួយទណ្ឌកម្មណាមួយពីបរទេសដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនិងការផ្តល់ការងារជូនប្រជាពលរដ្ឋ។ ដើ​​​ម្បី​ទប់ស្កាត់ការអនុវត្តន៍វិធានការទណ្ឌកម្មណាមួយពីអន្តរជាតិនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យអភិវឌ្ឍន៍ទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងកម្មន្តសាលជាដើម។ លោក ហ៊ុន សែន ក៏បានបង្ហាញគម្រោងបង្កើតធនាគារសម្រាប់សហគ្រាសធន់តូច និងមធ្យមជាមួយទុនប្រមាណ ១០០លានដុល្លារផងដែរ ដើម្បីជំរុញការផលិតនៅកម្ពុជា ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ៕

ប្រភព៖ Fresh News

No comments:

Post a Comment