Thursday, December 21, 2017

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងថា នៅក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើបុណ្យ

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌ័សីមា ព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានាវត្ដព្រះពុទ្ធមណ្ឌ​លគិរី (ហៅវត្ដលើ) ស្ថិតនៅក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងថា ប្រទេសជាតិក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទូទាំងប្រទេស មានការរីកចម្រើន រហូតដល់សព្វថ្ងៃ ដោយសារមានការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឱ្យយើងមានឱកាសប្រកបមុខរបអាជីវកម្មផ្សេងៗ និងបានបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូត ដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

នាឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់ អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងតែងតែមានឧត្តមគតិគិតគូចំពោះ វិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា៕








No comments:

Post a Comment