សាធារណរដ្ឋកូរ៉េ
បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានកម្ពុជា
ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួនក្នុងនោះទាក់ទងនឹងការគ្រប់គ្រងសំរាមនៅកម្ពុជា។
ការលើកឡើងនេះបានបញ្ជាក់នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងបរិស្ថានកម្ពុជា
ដឹកនាំដោយ លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង
អគ្គនាយកក្រសួងបរិស្ថានកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល
សាធារណរដ្ឋកូរ៉េ
ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបរិស្ថាន។
លោក ហេង ណារ៉េត បានបញ្ជាក់ថាភាគីកូរ៉េមានបំណងគ្រប់គ្រងសំណល់រឹង រាវ
និងការទាញយកធនធានពីសំណល់ទាំងនោះ។ នៅក្នុងជំនួបនេះ ប្រតិភូកម្ពុជា
បានលើកឡើងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង
ជាពិសេសបញ្ហាគ្រប់គ្រងទីលាន និងការកែច្នៃសំរាម ទៅជាធនធានជាដើម។
ជាមួយគ្នានេះ ភាគីក្រសួងបរិស្ថានកូរ៉េបានទទួលយកសំណើរបស់កម្ពុជា
ហើយនឹងចាត់តាំងមន្រ្តីបង្គោលដើម្បីទំនាក់ទំនងធ្វើការងារជាមួយកម្ពុជាកាន់តែប្រសើរឡើងបន្តទៀតផងដែរ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋបានបញ្ចេញសំរាមក្នុង១ថ្ងៃ ជាង
២០០០តោន។ ការកើនឡើងនៃសំរាមក្នុងទីក្រុង ជាក្តីកង្វល់របស់ក្រសួងបរិស្ថាន
និងអាជ្ញាធរពាក់ព័ន្ធ
ហើយបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសំរាមនៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះដែរ
ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
កុំបោះសំរាមពាសវាលពាសកាល ខណៈសំរាមផ្លាស្ទិចនឹងនៅក្នុងទឹក ឬដីរាប់រយឆ្នាំ
បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើនទាំងបច្ចុប្បន្ន
និងទៅថ្ងៃអនាគតចំពោះបរិស្ថាន៕
No comments:
Post a Comment