រដូវយុទ្ធនាការបោះឆ្នោតរបស់ម៉ាឡេស៊ីបានធ្វើឱ្យរង្គោះរង្គើដោយការត្រឡប់មកវិញរបស់លោក Mahathir Mohamad ជាអតីតនាយករដ្ឋមន្រ្តីដែលមានបំណងចង់ប្រឈមជាមួយនឹងគណបក្ស ដែលគាត់ធ្លាប់ដឹកនាំកន្លងមក។ ការត្រឡប់មកវិញរបស់គាត់អាចជាកក្តាដ៏សំខាន់ក្នុងការបង្រួបបង្រួមគណបក្សប្រឆាំង និងធ្វើឱ្យមានការចោទប្រកាន់ឡើងវិញពីអំពើពុករលួយប្រឆាំងនឹងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
គណបក្សនយោបាយកំពុងតែប្រមូលផ្តុំគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលត្រូវបានគេរៀបចំឡើងនៅខែសីហា ឆ្នាំ២០១៨។ រដ្ឋាភិបាលចម្រុះដ៏ធំ ដែលដឹកនាំដោយគណបក្ស Barisan Nasional បានឈ្នះរាល់ការបោះឆ្នោត ចាប់តាំងពីខ្លួនត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ១៩៧៣ មកនោះ និងគណបក្ស Pakatan Haraban ដែលបានទទួលសម្លេងឆ្នោតឋិតថេរក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ការបោះឆ្នោតលើកនេះមានសារៈសំខាន់ណាស់ ដោយសារតែមានកក្តាពីរយ៉ាង គឺការត្រឡប់មកវិញរបស់លោក Mahathir Mohamad ជាអតីតនាយករដ្ឋមន្រ្តី ដែលបានចូលរួមជាមួយនឹងក្រុមប្រឆាំង និងរឿងអាស្រូវនៃគម្រោង 1MDB ដែលបន្តតាមដាននាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក Najib Razak។ សរុបមក កក្តាទាំងពីរនេះ ប្រហែលជាអាចធ្វើឱ្យគណបក្សប្រឆាំងទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក។
គេហទំព័រដែលបំភ្លៃព័ត៌មាន
លោក Mahathir ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលកាន់តំណែងយូរជាងគេបំផុត គឺអស់រយៈពេល២២ ឆ្នាំ នៅចន្លោះឆ្នាំ១៩៨១ និងឆ្នាំ២០០៣។ សូម្បីតែ បន្ទាប់ពីគាត់បានចូលនិវត្តន៍ហើយក៏ដោយ ក៏គាត់នៅតែរិះគន់អ្នកដែលស្នងតំណែងពីគាត់ដែរ។ ឥឡូវនេះ ស្ថិតក្នុងវ័យ៩២ ឆ្នាំ គាត់បានចាកចេញពីភាពចូលនិវត្តន៍របស់គាត់ ដើម្បីចូលរួមជាមួយនឹងក្រុមប្រឆាំង រួមជាមួយនឹងអតីតឧបនាយករដ្ឋមន្រ្តីដែលគាត់បានចាប់ដាក់គុកកាលពីមុន គឺលោក Anwar Ibrahim ដោយមានបំណងដើម្បីផ្តួលបក្សដែលគាត់ដឹកនាំកន្លងមក។
លោក Anwar ដែលជាស្ថាបនិកនៃគណបក្សប្រឆាំង នាពេលថ្មីៗស្ថិតនៅក្នុងពន្ធនាគារតាមការចោទប្រកាន់ពីបទរួមភេទដូចគ្នា ប៉ុន្តែការញែកបទល្មើសចេញពីបទល្មើសប្រឆាំងនឹងគាត់ ដែលចោទប្រកាន់ដោយលោក Mahathir។ ក៏ប៉ុន្តែ បើទោះបីជាមានការលំបាកនាពេលកន្លងមកក៏ដោយ ក៏លោក Anwar បានស្វាគមន៍ការវិលត្រឡប់មកវិញរបស់លោក Mahathir ចូលក្នុងឆាកនយោបាយ។ ហេតុផលគឺថា លោក Mahathir អាចបង្រួបបង្រួមអ្នកនយោបាយសម្រាប់ក្រុមប្រឆាំងដែលបែកបាក់គ្នា និងជាឱកាសដើម្បីទទួលបានការគាំទ្រនៅជនបទដែលចូលមិនបាន។ នៅទីបញ្ចប់ ក្រុមប្រឆាំងនាពេលបច្ចុប្បន្ននេះគ្មានមេដឹកនាំទេ ចាប់តាំងពីលោក Anwar មិនអាចគ្រប់គ្រងបានពីពន្ធនាគារ ហើយទាមទារឱ្យមានការលើកលែងទោសទាំងស្រុងពីព្រះមហាក្សត្រ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតខាងមុខនេះ។
ស្ថានភាពរបស់គណបក្សប្រឆាំងមានសន្ទុះ ដោយសារតែការជាប់ពាក់ព័ន្ធរបស់លោក Najib ជាមួយនឹងរឿងអាស្រូវ 1MDB។ គាត់បានច្រានចោលនូវការចោទប្រកាន់ទាំងនេះថា ជាចេតនានយោបាយ បើទោះបីជាវាមិនទាន់មានភាពច្បាស់លាស់ ថាតើគោលបំណងដ៏អាថ៌កំបាំងនោះនឹងទៅជាយ៉ាងណាក៏ដោយ។ នៅឆ្នាំ២០១៥ គឺវាមិនទាន់មានភាពច្បាស់លាស់ ថាតើលោក Najib អាចរួចផុតពីរឿងអាស្រូវឬយ៉ាងណា ក៏ប៉ុន្តែគាត់ក៏បានចាត់ចែងដើម្បីរក្សានូវមុខតំណែងរបស់គាត់ជានាយករដ្ឋមន្រ្តី ដែលឥឡូវនេះគាត់ត្រូវប្រឈមមុខជាមួយនឹងម្ចាស់ឆ្នោត។
អំពើពុករលួយ និងសេដ្ឋកិច្ច
ការស្ទង់មតិដែលបានធ្វើឡើងដោយអង្គការ Transparency International បានរកឃើញថា ប្រជាជនម៉ាឡេស៊ីចំនួន៥៩ ភាគរយ មានអារម្មណ៍ថា អំពើពុករលួយបានកើនឡើងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ហើយចំនួន៦២ ភាគរយ មានអារម្មណ៍ថា រដ្ឋាភិបាលអនុវត្តន៍ការងារមិនសូវបានល្អក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការបោះឆ្នោតខាងមុខប្រហែលជាបង្ហាញឱ្យឃើញ ថាតើប្រតិកម្មទាំងអស់នេះ នឹងក្លាយទៅជាលទ្ធផលយ៉ាងណា។
ពេលវេលាវែងឆ្ងាយនឹងមកដល់
គណបក្ស Barisan Nasional ដែលជារដ្ឋាភិបាលចម្រុះកំពុងតែគ្រប់គ្រងអំណាចនាពេលបច្ចុប្បន្ននេះ មិនដែលចាញ់ឆ្នោត ចាប់តាំងពីខ្លួនត្រូវបានគេបង្កើតឡើងនៅឆ្នាំ១៩៧៣ គោលជំហរកំពូលរបស់ម៉ាឡេស៊ីបង្ហាញឱ្យឃើញពីភាពចុះសម្រុងគ្នារបស់នាយករដ្ឋមន្រ្តី ដែលចេញពីបក្ស UMNO ជាបក្សចម្រុះដ៏ចម្បង។
ទោះបីជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងបន្តរបស់ពួកគេ លែងមានលក្ខណៈច្បាស់លាស់តទៀតហើយ។ គណបក្ស Barisan Nasional បានបាត់បង់សម្លេងឆ្នោតបន្តិចម្តងៗក្នុងការបោះឆ្នោតច្រើនលើកកន្លងមកនេះ។ នៅឆ្នាំ២០០៤ ពួកគេទទួលបានសម្លេងឆ្នោតគាំទ្រ៦៣,៨ ភាគរយ និង៥១,៤ ភាគរយនៅឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ ពួកគេទទួលបានសម្លេងឆ្នោតសរុបត្រឹមតែ៤៧,៤ ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅតែរក្សាបាននូវការគ្រប់គ្រងក្នុងរដ្ឋសភា ដែលនាំឱ្យមានការចោទប្រកាន់ក្នុងការបំភ្លៃចំនួនសន្លឹកដើម្បីគាំទ្របក្សណាមួយនោះ៕
ប្រភព: Global Risk Insights ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧
No comments:
Post a Comment