Friday, August 04, 2017

ការដោះស្រាយពាក្យបណ្ដឹងរបស់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ គឺជាកិច្ចការ​ចាំបាច់​បំផុត​សម្រាប់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណនេយ្យភាពខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារគណនេយ្យភាពខេត្តលើកទី៣ ដើម្បីត្រួតពិនិត្យ និងដោះស្រាយពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញតួនាទី ភារកិច្ច និងការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាកិច្ចការចាំបាច់បំផុតសម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងស្របតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកបានបន្តថា ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពុះពារដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ សម្រាប់កិច្ចប្រជុំនាពេលនេះ គឺទទួលបានពាក្យបណ្ដឹងពេញលេញចំនួន៨ ដែលត្រូវបង្កើតក្រុមចុះស៊ើបអង្កេតរកការពិត និងពាក្យបណ្ដឹងមិនពេញលេញចំនួន៥ ដែលត្រូវចាត់ឲ្យមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការបំភ្លឺ និងផ្ដល់ព័ត៌មានត្រឡប់។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ក្រុមការងារគណនេយ្យភាពខេត្តកំពង់ឆ្នាំង មានសមាសភាពចម្រុះពីគ្រប់អ្នកពាក់ព័ន្ធ មានដូចជា គណៈអភិបាលខេត្ត មន្ទីរ អង្គភាពសំខាន់ៗ ទីចាត់ការចំណុះសាលាខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងគណបក្សនយោបាយ ដែលមានអសនៈក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងក្រុមហ៊ុនឯកជន៕



No comments:

Post a Comment