សូមជម្រាបផងដែរថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ត្រូវបានទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន ជាសាលាដែលបណ្តុះបណ្តាលជំនាញទេសចរណ៍ក្រប ខ័ណ្ឌគុណវុឌ្ឍិអាស៊ាន ស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ( MRA)។
បច្ចុប្បន្ន សាលាកំពុងធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ានកម្រិតវិញ្ញាបនបត្រ ២ (ASEAN Certificate II) ស្របតាមផែនការយុទ្ធសាស្រ្តអាស៊ាន និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍។ រហូត មកដល់បច្ចុប្បន្នសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជាប្រមាណ ៣០០០នាក់ ដែលសិស្ស និស្សិតប្រមាណ ៩០% កំពុងបម្រីការងារក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ព្រមទាំងទទួលបានមេដាយឆ្នើម (Medallion of Excellence) លើជំនាញចុងភៅក្នុងកម្មវិធីប្រកួតជំនាញអាស៊ានឆ្នាំ ២០១៤។ ជាមួយគ្នានេះដែរ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ត្រូវបានក្រសួងទេសចរណ៍ទួលស្គាល់ជាមជ្ឈមណ្ឌលវាយតម្លៃ (Assessment Center) ដែលនឹងត្រូវរៀបចំការវាយតម្លៃជំនាញអាស៊ានចាប់ពីខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។
លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សជ័យលាភីចំនួន ៣១៤រូប ផ្នែកការីទេសចរណ៍ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ក្រសួងទេសចរណ៍ នឹងបញ្ជូនឈ្មោះសិស្ស និស្សិតជ័យលាភីទាំងនេះ ទៅលេខាធិការដ្ឋានអាស៊ាន ដើម្បីចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (www.atprs.org ) និងបានការទទួលស្គាល់វិញ្ញាបនបត្រដោយសមាជិកអាស៊ានដទៃទៀត ព្រមទាំងអាចមានលទ្ធភាពបម្លាស់ទីការងារស្របតាមយន្តការនៃកិច្ចព្រមព្រៀង MRA។
សូមរម្លឹកថា ត្រឹមឆ្នាំ២០១៦ កម្ពុជាមានអ្នកជំនាញទេសចរណ៍ ជាយុវជនក្មេងៗ ជាង ៨០០រូបរួចហើយ ដែលបានចុះបញ្ជី។ សម្រាប់សិស្សជំនាន់មុនៗ ដែលមិនបានឆ្លងកាត់កម្មវិធីអាស៊ាន ក្រសួងទេសចរណ៍ នឹងរៀបចំធ្វើសមមូលភាព នៅខែកញ្ញាខាងមុខ៕

No comments:
Post a Comment