Friday, March 10, 2017

មេឃុំនៅទូទាំងស្រុកបាទី ខេត្តតាកែវ ចេញញត្តិថ្កោលទោសចំពោះ​ការចោទប្រកាន់ថា​ជាមេឃុំបម្រើ​បក្ស​

បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដាក់ចេញនូវសារនយោបាយរបស់ ​ ដែលចោទ​ប្រកាន់​ថា «មេឃុំធ្វើការបម្រើបក្ស» ក៏មានការផ្ទុះកំហឹងជាបន្តបន្ទាប់ពីមេឃុំ-ចៅសង្កាត់ទូទាំងប្រទេស។ ដូចគ្នាដែរមេឃុំ​នៅទូទាំងស្រុកបាទី នៃខេត្តតាកែវ ក៏បានចេញញត្កិថ្កោលទោសព្រមៗគ្នា ដោយបាន​ថ្កោលទោស​យ៉ាងដាច់អហង្ការចំពោះគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើពួកគាត់។
ខ្លឹមសារនៅក្នុងញត្តិនោះបានបញ្ជាក់ថា៖ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គ្រប់មេឃុំទាំងអស់គឺចេញ​ពីបក្សនយោបាយដោយប្រព័ន្ធបោះឆ្នោតឯកត្តនាម គណបក្សចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត គឺបានរៀបចំជាកម្មវិធីនយោបាយដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍឃុំសង្កាត់​ មានន័យថាគណបក្ស​ប្រកួតប្រជែងគ្នា​ដើម្បីបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន…។ ក្រោយពេលប្រជាពលរដ្ឋបោះឆ្នោតរួចហើយ មេឃុំជាប់ឆ្នោតត្រូវអនុវត្តតួនាទី មុខងារ និងសិទ្ធិអំណាចនានា ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ​ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន។
នៅក្នុងញត្តិថ្កោលទោសនោះបានចាត់ទុក ការចោទប្រកាន់ថាមេឃុំបម្រើបក្សគឺមិនត្រឹមត្រូវ ជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះវិរៈភាពរបស់មេឃុំ ដែលបាន​លះបង់កម្លាំងកាយ ចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក និងជាការប្រមាថមើលងាយឆន្ទៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានបោះឆ្នោតផ្តល់ការទុកចិត្តដល់មេឃុំកន្លងមក។
គួររំលឹកផងដែរថា សកម្មជនគណបក្សសង្គ្រោះជាតិបានចាកចេញពីបក្សដោយមូលហេតុអស់ជំនឿលើការដឹកនាំរបស់ថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ដោយឡែកនៅក្នុងឃុំកុមារាជា ស្រុកបាទី  ខេត្តតាកែវនេះក៏សកម្មជន​គណបក្ស​សង្គ្រោះជាតិជាច្រើន​បានប្រារព្ធពិធីលាលែងពីបក្ស ត្រឡប់មករួមរស់ក្នុងជីវភាពបក្សប្រជាជនកម្ពុជាវិញចំនួន២លើករួចមកហើយ៕






No comments:

Post a Comment