(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា កន្លងមកឱ្យតែជិតដល់រដូវការឃោសនាបោះឆ្នោត តែងមានមានអ្នកនយោបាយឃោសនាបោកប្រាស់រឿងតម្លៃអង្ករ។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលផ្សេងៗមួយចំនួនក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានអ្នកនយោបាយខ្លះដើរសន្យាបោកប្រាស់ ប្រជាពលរដ្ឋពាក់ព័ន្ធរឿងតម្លៃអង្ករ។ នៅពេលទៅឃោសនានៅតាមទីផ្សារ គេសន្យាថានឹងធ្វើ ឱ្យតម្លៃអង្ករចុះថោក ប៉ុន្តែនៅពេលទៅឃោសនាតាមទីជនបទស្រែចម្ការ គេសន្យាថានឹងធ្វើឱ្យ តម្លៃអង្ករលក់បានថ្លៃជាដើម គឺមានន័យថា ក្នុងមួយរយៈពេលខ្លី គេភូតកុហកបានពីរដងទៅ លើប្រធានបទដូចគ្នា។ លោក ក៏បានបន្ថែមទៀតថា អ្នកខ្លះជិះកង់ទេ តែដើរសន្យាថានឹងទិញ ម៉ូតូឱ្យជិះនៅពេលបានឈ្នះឆ្នោត អ្នកខ្លះរស់នៅផ្ទះខ្ទមទេ ប៉ុន្តែ ដើរសន្យាថាធ្វើផ្ទះក្បឿងចែកឱ្យ គេនៅ នៅពេលឈ្នះឆ្នោតជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ពាក់ព័ន្ធការកុហកបោកប្រាស់របស់អ្នកនយោបាយនេះ គឺតែងតែកើតឡើងជារឿយៗឱ្យតែជិតដល់រដូវការបោះឆ្នោត។ លោក បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើគេភូតយើងម្តង អ្នកភូតខុស គឺយើងមិនខុសទេ បើគេភូតយើងលើកទី២ អ្នកភូតខុស គឺយើងមិនខុសទេ ប៉ុន្តែនៅពេលដែលគេភូតយើងលើកទី៣ អ្នកភូតមិនខុសទេ គឺយើងនេះហើយជាអ្នកខុសព្រោះឱ្យគេភូតបានដល់ទៅបីដង៕


No comments:
Post a Comment