Friday, March 10, 2017

ទស្សនៈ៖ កុំយកមនុស្សប្រូ មកដូរមេឃុំទេវតា!

បើបងប្អូនប្រជាពលរដ្ឋសម្រេចចិត្តខុស នឹងនាំឱ្យមានជម្លោះ បែកបាក់សាមគ្គីភាពនៅក្នុងមូលដ្ឋានភូមិឃុំរបស់អស់លោកអ្នកជាក់ជាពុំខាន។ ពាក្យស្លោកក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា តាមបណ្តាញសង្គម «មេឃុំប្រូពូកែសន្យា មេឃុំទេវតាពូកែធ្វើការ» និង «កុំយកមេឃុំប្រូ ដូរមេឃុំទេវតា» ជាអាវុធគំនិតសាធារណៈ​មួយទប់ទល់នឹង ពាក្យស្លោកនយោបាយរបស់គណបក្សប្រឆាំង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។ តើនេះជាការប្រកួតប្រជែងបែបប្រជាធិបតេយ្យ ឬជាការឈានទៅរកភាពតានតឹងថ្មីមួយសម្រាប់បរិយាកាសនយោបាយមុនពេលបោះឆ្នោតឃុំសង្កាត់?
ការបង្ហាញទស្សនៈមតិ និងការយល់ឃើញក្រោយសមាជគណបក្សប្រឆាំងបានជះឥទ្ធិពលថ្មីមួយ នាំដល់ប្រតិកម្មជាបន្តបន្ទាប់របស់គណបក្សនយោបាយទាំងពីរ (#CPP) និងមានការថ្លែងសារទៅវិញទៅមកដើម្បីទាមទារកែតម្រូវ និងការប្រកែករឹងរូសមិនយល់ព្រម (CNRP)។ ការវិវឌ្ឍន៍មិននៅស្ងៀមទេ ចលនាថ្លែងញត្តិពីបណ្តាមេឃុំភាគច្រើនលើសលុប ទូទាំងប្រទេសបានបញ្ជូនពីគ្រប់ទិសទីទាមទារការពន្យល់ និងមិនសុខចិត្តទទួលយកការប្រមាថលើតម្លៃការងារអព្យាក្រឹត្យរបស់មេឃុំកំពុងកាន់តំណែងទាំងឡាយ។
រយៈពេលកសាងបរិយាកាសនយោបាយស្ងប់ស្ងាត់ និងយោគយល់មានមិនច្រើនទេ។ ដូច្នេះតើសមត្ថកិច្ចមួយណាទើបអាចចាត់ការតាមនីតិវិធីស្របច្បាប់ដើម្បីបញ្ចៀសការប្រឈមទាំងឡាយ? បើគិតតាមច្បាប់បោះឆ្នោតឃុំសង្កាត់មានស្ថាប័នពីរជាសំខាន់គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (#គ.ជ.ប.)ប្រៀបជាស្ថាប័នម្តាយដែលបង្កើតកូន និងក្រសួងមហាផ្ទៃជាស្ថាប័នឪពុកមើលការខុសត្រូវ និងដាក់វិន័យករណីកូនណាធ្វើខុស។ បន្ថែមលើសអំពីនេះ ច្បាប់វិសោធនកម្មស្តីពីច្បាប់គណបក្សនយោបាយ ក៍បានបញ្ជាក់រឹតតែច្បាស់ទៅទៀតថា មានតែក្រសួងមហាផ្ទៃមួយគត់ដែលមានសិទ្ធិគ្រប់គ្រងគណបក្សនយោបាយតាមច្បាប់ប្រគល់ឱ្យសម្រាប់ចាត់ការទូទៅ ទាំងចុះបញ្ជីគណបក្សនយោបាយ រហូតដល់ចាត់ចែងនីតិវិធីដាក់វិន័យ ឬលើកបណ្តឹងទៅស្ថាប័នតុលាការ (#court)។ មេឃុំមិនបានកើតពីការបោះឆ្នោត ឯកត្តនាមទេ គឺមេឃុំតំណាងឱ្យគណបក្សនយោបាយ ហើយឈរតំណាងឱ្យគណបក្សតាមការស្រឡាញ់គាំទ្ររបស់ប្រជាជនមូលដ្ឋាន ដូច្នេះពេលដែលមេឃុំដាក់ញត្តិទាមទារកម្រិតទូទាំងប្រទេសហើយនោះ មានតែស្ថាប័នជាអាណាព្យាបាលមួយគត់ដែលអាចលើកករណីមកពិចារណា?
ដំណោះស្រាយអាចមានច្រើនយ៉ាង បើសិនជាបញ្ហានោះមានកម្រិតស្រាល ឬមិនប៉ះពាល់ដល់ស្ថិរភាពនយោបាយ ឬសណ្តាប់ធ្នាប់សាធារណៈ។ ការយល់ឃើញពេលនេះគឺថាអាចជាកម្រិតធ្ងន់បើសិនជាតំណាងគណបក្សនៅមូលដ្ឋានយល់ថាខ្លួនកំពុងទទួលសម្ពាធ និងការប្រមាថជាសាធារណៈចំពោះតម្លៃការងាររបស់ខ្លួន ពិសេសនៅពេលដែលសារកុហកបំភ័ន្តស្មារតី និងការចោទប្រកាន់មិនត្រូវបានដោះស្រាយទាន់ពេលវេលាទេនោះ វានឹងនាំឱ្យមានការបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋទៅលើស្ថាប័នមូលដ្ឋានរបស់រដ្ឋទាំងមូល។
ឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់ និងការអនុវត្តជាទូទៅក្នុងយន្តការអន្តរជាតិដែរគឺមានតែការជជែកពិភាក្សាក្នុងចំណោមអង្គនៃតំណាងគណបក្សនយោបាយទេ ដែលអាចធ្វើឱ្យដំណើរការវិមជ្ឈការ និងវិសហមជ្ឈការអាចរំកិលខ្លួនដល់ដំណាក់កាលរឹងមាំបាន។ អា​ស្រ័យហេតុនេះ ស្ថាប័នក្រសួងមហាផ្ទៃ គួរតែកោះប្រជុំសមាជមេឃុំពីគ្រប់គណបក្សនយោ​បាយនៅទូទាំងប្រទេសដើម្បីផ្លាស់ប្តូរយោបល់ និងទស្សនៈជាវិជ្ជមានឆ្ពោះទៅកាន់សន្តិភាពយូរអង្វែង ជៀសវាងការឆ្លៀតឱកាសរបស់ក្រុមអ្នកប្រជាកលនិយមបន្តកុហកបោកប្រាស់ប្រជាជនតទៅទៀត ហើយនេះជាប្រជាធិបតេយ្យប្រជាជនពិតប្រាកដ។ សមាជមេឃុំទូទាំងប្រទេសទៀតសោត នឹងជួយបញ្ចៀសការប្រឈមមុខតានតឹងដាក់គ្នា រវាងគណបក្សនយោ​បាយធំៗនៅកម្ពុជាផងដែរ៕
អត្ថបទ៖ ក្រពុំឈូក

No comments:

Post a Comment