Wednesday, June 08, 2016

សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាភារកិច្ចនិងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា

នេះជាការលើកឡើងនៅក្នុងលិខិតចំហរមួយ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះរបស់ឯក​ឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តីដែល បាន​បង្ហោះ​នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ពី តម្លៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដែលមានតម្លៃខ្ពស់ មិនសំរាប់តែការដណ្តើមយកជីវិតរស់នៅនោះទេ ក៏ប៉ុន្តែ តម្លៃជីវិត និងវប្បធម៌ថ្លៃថ្នូរ​នៃជីវិត​របស់ពលរដ្ឋកម្ពុជា បានបង្ហាញកាលពីល្ងាចម៉្សិលម៉ិញ ទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ពហុ​កីឡា​​ដ្ឋានជាតិ ដែលមានមនុស្សជាង ៦ ម៉ឺននាក់ ចូលទស្សនាការប្រកួតបាល់ទាត់ រវាង​ព្រះ​រាជា​ណាចក្រកម្ពុជា និងក្រុមជម្រើសជាតិតៃវ៉ាន់ នោះមិនគិតដល់មនុស្សរាប់លាននាក់ ដែល​តាមដាន តាមទូរទស្សន៍បាយ័ន និង Fresh news ដែលផ្សាយបន្តផ្ទាល់។

ជ័យឃោសរីករាយ បន្លឺឡើងនូវក្តីរំភើបយ៉ាងខ្លាំង និងប្រកបដោយថាមពល ចាប់តាំងពីពហុ​កីឡា​ដ្ឋានជាតិ តាមហាងកាហ្វេ និងគេហដ្ឋាន ដែលគេស្រែក « ខ្មែរឈ្នះ-ឈ្នះ » ដែលគេមាន​អារម្មណ៍ពិតៗ នៃ « មោទនភាពជាតិខ្មែរ » ។ ក្រោមកម្តៅ​រង់ចាំឆាក​កីឡាចាប់ផ្តើម និងដំណក់​ទឹកស្រោចរបស់ទឹកភ្លៀង មិនធ្វើឲ្យគេអស់កម្លាំងក្នុងការរង់ចាំទស្សនា ឬ ក៏ស្រែកជ័យឃោស នៅពេលដែលបាល់ ឋិតនៅក្នុងជើងកីឡាករកម្ពុជានោះឡើយ ហើយបើយើង​ធ្វើការ​ប្រៀប​ធៀប​​​ រវាងទស្សនិកជនគាំទ្រនៅក្នុងកីឡាដ្ឋានអូឡាំពិកកម្ពុជា និងកីឡាដ្ឋានធំជាង​គេនៅ​តៃ​វ៉ាន់ គឺមានភាពខុសគ្នាដូចមេឃនិងដី។

ឯកឧត្តម បានបន្តទៀតថា ភាពកក់ក្តៅបំផុតដែលបង្ហាញពីសមត្ថភាពគ្រប់គ្រង ការពារ​សណ្តាប់​​​ធ្នាប់សាធារណៈ និងសន្តិសុខប្រកបដោយថាមពលខ្លាំង និងរស់រវើករបស់​កង​រាជ​អាវុធ​ហត្ថជាតិ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានា ក្នុងកិច្ចប្រតិបត្តិការ គាំទ្រការប្រកួត​ប្រជែង​នេះ ក៏ជារូបភាពជោគជ័យមួយដ៏ត្រចះត្រចង់ ដែលទទួលបាននូវការវាយតម្លៃខ្ពស់ គោរពជូន​ពី​សាធារណជន។

វប្បធម៌ និងអារិយធម៌ ជីវិតកម្ពុជាបច្ចុប្បន្ន គឺបានចាប់ផ្តើមវិលត្រឡប់មក កម្ពុជាវិញ ចាប់​តាំ​ង​ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ដូចនេះ ខ្ញុំបាទ ព្រមទាំងសហការី សូមឆ្លៀត ឧិកាសនេះ ធ្វើ​គារវកិច្ច វន្ទាគោរពជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងវីរជន ទាំងអស់ជាពិសេស​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ដែលប្រឹងប្រែងដណ្តើមឲ្យមានការរស់​ឡើង​វិញ​នូវ​វប្បធម៌ និងអារិយធម៌ នៃជីវិតជាតិ នៃភាពស៊ីវិល័យរបស់កម្ពុជា។


សន្តិភាព និងសណ្តាប់ធ្នាប់សង្គម គឺជាភារកិច្ច និងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តម របស់យើង​ទាំង​អស់​​គ្នា ក៏ដូចជាកាតព្វកិច្ចដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នូវគ្រប់រាល់តម្លៃ នៃកិច្ច​ប្រតិបត្តិការ​របស់ខ្លួន ដើម្បីកិច្ចការពារនៃបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ៕





No comments:

Post a Comment