Wednesday, June 08, 2016

របបកម្ពុជា​ប្រជាធិបតេយ្យមានគោលការ​ណ៍មួយគឺ កាលណាគេចាប់​មេគ្រួសារណាម្នាក់ គឺសមាជិកគ្រួសារ​ទាំងអស់ក៏ត្រូវតែចាប់ខ្លួន​ជាមួយគ្នាផងដែរ

អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងដូចនេះនៅថ្ងៃទី០៨   ខែមិថុនា ឆ្នាំ២០១៦នេះ។ លោកក៏បានថ្លែងថាកូន និងប្រពន្ធរបស់អ្នកទោសដែលគេចាប់ខ្លួន ក៏ត្រូវបានគេចាត់ទុកថាជាអ្នកមានទោសដែរត្រូវតែកម្ទេចចោល។ ក្មេងៗ ដែលត្រូវបានចាប់ខ្លួនឌុច មកជាមួយឪពុកម្តាយ គឺមិនត្រូវបានធ្វើការសួរចម្លើយទេ និងត្រូវបានក្រុមខ្មែរក្រហមកម្ទេចចោល។ ឌុចបានលើកឡើងថា ​ ​​​មិនមែនត្រឹមតែជាកូនប្រពន្ធរបស់អ្នកទោសធម្មតាទេ ​សូម្បីតែប្រពន្ធកូនកម្មាភិបាល ជាន់ខ្ពស់ក៏ត្រូវតែចាប់ខ្លួនដូចគ្នាឱ្យតែមានខ្សែស្រឡាយក្បត់ផងដែរ។
ឌុចក៏បានឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូងថា៖ «កុំថាតែកូន ថាច់ ជា ដែលគាត់ធ្វើជារដ្ឋ​​មន្រ្តីរបស់ លន់ នល់ សូម្បីតែកូនបង វន វ៉េត តួនាទីជាសមាជិកអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេចាប់បងវន បងវិន (ប្រពន្ធរបស់ វន វ៉េត) ក៏ត្រូវគេចាប់ដែរ។ កាលណាបើគេចាប់ឪពុកហើយគឺគេចាប់កូននិងប្រពន្ធហើយ។
លោកក៏បានបន្តទៀតថាគោលការណ៍ នៃការម្ទេចក្រុមគ្រួសាររបស់អ្នកទោសនេះធ្វើឡើងក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥។ លោកក៏បានបញ្ជាក់ទៀតថាការចាប់ក្រុមគ្រួសាររបស់អ្នក​​ទោសនេះគឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេចរបស់ប្រធានគុកទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។ លោកថ្លែងថាប្រសិនបើមន្ទីរស-២១ធ្វើដោយខ្លួនឯង នោះប្រធានមន្ទីរស-២១ អាចកំបុតក។ លោកក៏បានឲ្យដឹងទៀតថាលោកក៏ធ្លាប់មានបទពិសោធន៍ក្នុងការជួយក្មេងៗមួយចំនួនផងដែរ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំងព្រោះការចិញ្ចឹមក្មេងៗ ត្រូវមានមនោសញ្ចេតនា។
ឆ្លើយសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ ដាល់ លីសាក់ ដែលសួរថា តើមានមូលហេតុអ្វីបានជាគេចាប់ប្រពន្ធកូនរបស់ខ្មាំង លោក ឌុច បានឆ្លើយថានេះជាគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយពីពុទ្ធឱវាទដែលថាពៀរ ត្រូវរំងាប់ដោយការមិនចងពៀរគឺជាគោលការណ៍បក្សកុម្មុយនីស្តកម្ពុជាបំណុលឈាមត្រូវតែសងដោយឈាម។
លោកបានឭជាញឹកញាប់ពីលោក  ​​សុន ​​ សេន ​​​​ ដែលថាការកម្ទេចកូនៗរបស់អ្នកទោសចោល​​​ដោយខ្លាចកូនៗទាំងនោះ ​​​ ​​ ធ្វើការសងសឹក  ​​   ​​ និងម្យ៉ាងទៀតដោយសារតែអង្គការគ្មាន​​បាយឱ្យក្មេងៗនោះហូប។
លោក ឌុច បានឲ្យដឹងទៀតថា លោកបានទទួលការណែនាំពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន ​ វ៉េត ​​​​​ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្រពន្ធរបស់លោក ចេង អន ជាអតីត
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។ ឌុចក៏បានថ្លែងថាក្រៅពីនោះមានការបញ្ជាពីមិត្តប៉ង់ និងមិត្តឌីន ដែលទទួលបញ្ជាពីថ្នាក់លើឱ្យលោកធ្វើការចាប់ខ្លួន។

អតីតប្រធានគុកទួលស្លែង ​​​ កាំង ​​ ​​​ហ្កេកអ៊ាវ   ​​ ​​ហៅឌុច   ​​បានថ្លែងថា   ​​​ការសម្រិតសម្រាំងកម្មាភិបាលក្នុងរបបខ្មែរក្រហមជាពិសេសនៅមន្ទីរស-២១ មានការប៉ះពាល់អារម្មណ៍ដល់មនុស្សជាច្រើនក្នុងនោះមានទាំងរូបលោកផងដែរ ដែលមានការភ័យខ្លាចត្រូវគេសម្លាប់។ បើតាមឌុច អ្នកដែលត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់គុកទួលស្លែង  គឺមានឈ្មោះថាជាអ្នកស្លាប់ និងគ្មាននរណាម្នាក់អាចចេញពីគុកនេះបានឡើយ។ ឌុចបានថ្លែងថាលោកមិនដែលទទួលបញ្ជាពី នួន ជា ឬពីប៉ុល ពត ឱ្យទុកជីវិតទៅលើអ្នកទោសជាស្ត្រី និងកុមារនៅមន្ទីរស-២១ នោះទេ៕


No comments:

Post a Comment