Wednesday, June 08, 2016

សុខ​សន្តិភាព​គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ បើគ្មាន​សន្តិភាព​ទេក៏គ្មាន​អ្វីៗ​ទាំង​អស់

នេះជាការលើកឡើងរបស់ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជា​ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​មនុស្ស​កម្ពុជា ​នៅក្នុងបទបង្ហាញមួយស្តីពីសិទ្ធិមនុស្ស និង​ការ​ពង្រឹងការអនុវត្តច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦។
ឯកឧត្តម កែវ រ៉េមី បានលើកឡើងថាប្រជាពលរដ្ឋម្នាក់ៗត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបាន​ត្រឹម​​ត្រូវក្នុងនាមជាពលរដ្ឋ ដោយមានការគោរពច្បាប់ជាធរមាន ចៀសវាងការប្រើ​សិទ្ធិ​របស់​ខ្លួន​​តាមបែបអនាធិបតេយ្យ។ ឯកឧត្តម ក៏បានមានប្រសាសន៍ថា មានប្រទេសមហាអំណាច មួយ​ចំនួន ដែលចូលទៅបំផ្លាញសេចក្តីសុខសន្តិភាពរបស់ប្រទេសដទៃទៀត ជ្រកតាមផ្លាក សិទ្ធិ​មនុស្ស។
ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងឆ្លើយតបទៅនឹងការចោទប្រកាន់ថាមានការរំលោភសិទ្ធិ មនុស្ស​នៅកម្ពុជា ថាការរំលោភសិទ្ធិមនុស្សលុះត្រាតែមានលក្ខណៈជាប្រព័ន្ធ បំបិទសិទ្ធិ​សេរីភាព បង្ខិតបង្ខំ តួយ៉ាងដូចជាមិនមានសិទ្ធិសិក្សារៀនសូត្រ បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ មិន​អាចដើរហើរដោយសេរីបាន ដូចនៅសម័យ ប៉ុល ពតជាដើម។ ឯកឧត្តម ប្រធានគណៈ​កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានធ្វើការប្រៀបធៀបពីការអនុវត្តសិទ្ធិ​មនុស្សនៅប្រទេស​ជឿន​លឿនមួយចំនួន ដែលមានការអនុវត្តសិទ្ធិមនុស្សផ្សេងៗគ្នាអាស្រ័យលើកត្តាប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ គឺពុំមានស្តង់ដារតែមួយ​ដូចគ្នាក្នុង​ការ​អនុវត្តសិទ្ធិមនុស្សនោះឡើយ។

ឯកឧត្តម កែវ រ៉េមី ក៏បានលើកឡើងផងដែរថា ការអនុវត្តច្បាប់ទៅលើអ្នកដែលបានប្រព្រឹត្ត ល្មើសនឹងច្បាប់ពុំមែន ជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការអនុវត្តច្បាប់និងពង្រឹងនីតិរដ្ឋ ហើយឯកឧត្តម ក៏បានអំពាវនាវ និងលើកទឹកចិត្តរាជរដ្ឋាភិបាល ឱ្យបន្តអនុវត្តច្បាប់ និងដឹកនាំ ប្រទេសតាមបែបនីតិរដ្ឋ ដើម្បីរក្សាបានសុខសន្តិភាពជាតិទាំងមូល៕



No comments:

Post a Comment