Tuesday, November 17, 2015

បទអត្ថាធិប្បាយ ដោយ៖ សួន ចំរើន អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត

ជំនឿអរូបីយ​ មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​ ទាំង​ជាតិ​សាសន៍​អឺរុប​ និង​សាសន៍​ដទៃ​លើ​ពិភព​លោក ក៏​មាន​ជំនឿលើ​រឿង​អរូបីយ​នេះ​ដែរ​ ជាពិសេស​ប្រជាជន​បារាំង​តែ​ម្តង​ តែង​ជឿជាក់​ថា​នឹង​មាន​រឿង​មិនល្អ​​​កើត​ឡើង​​មក​លើ​ពួក​គេ​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣​​ ដែល​ជាថ្ងៃ​ដ៏​អាក្រក់បំផុត​ប្រចាំឆ្នាំ​។​ ព្រឹត្តិការណ៍​បាញ់​​ប្រហារ និង​បំផ្ទុះគ្រាប់​បែក​​ដោយ​ក្រុម​ភេរវករ​ នៅ​ទីក្រុង​ប៉ារីស​​ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកានេះ​​​ បាន​បង្ក​ឲ្យ​មាន​មនុស្សស្លាប់​ និង​របួស​រាប់​រយ​នាក់​ ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់​ស័រ​ ហូឡង់​ ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​បិទ​ព្រំដែនជាមួយប្រទេសជិតខាង​ទាំង​អស់​​។​

ប្រហែល​ជាចំ​ថ្ងៃសយបំផុត​​ របស់​លោក សម រង្ស៊ី​ ដែរ​ហើយ​មើល​ទៅ​ ព្រោះ​លោក​ក៏​ជា​ជន​ជាតិ​​បារាំង​​ម្នាក់ដែរ​​​ ហើយ​ត្រូវ​បាន​តុលាការ​ ប្រកាស​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ ចំ​ថ្ងៃសុក្រ​ ទី១៣ ដែរ​។
កាលពី​រសៀលថ្ងៃសុក្រ​ ទី​១៣ ខែ​វិច្ឆិ​កា ឆ្នាំ២០១៥​​ សាលាដំបូងរាជធានីភ្នំពេញ បាន​​​ចេញដី​កា​បង្គាប់ឲ្យចាប់​​ខ្លួនលោក សម​ រង្ស៊ី ពាក់ព័ន្ធនឹងបទ​ «បរិហាកេរ្តិ៍ជា​សាធារណៈ និងញុះញង់​ឲ្យ​មាន​ការរើសអើង» ដែលមានលោក​ ហោ ណាំហុង ​ជាដើម​បណ្តឹង​ដែល​សុំ​ឲ្យ​​តុលាការ​អនុវត្តសាលក្រម និងសាលដីកា​ ដែលលោក​បានឈ្នះក្តីលើ​ លោក សម រង្ស៊ី ​ដែលប្រព្រឹត្ត​​នៅ​សារមន្ទីរ​ជើងឯក​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៧​ ខែមេសា ​ឆ្នាំ២០០៨ ​ហើយ​ដែល​នៅ​ក្នុង​សាលដីកា​ស្ថាពរនោះ​ តុលាការបាន​សម្រេចផ្តន្ទា​ទោសលោក​ សម​ រ​ង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨លានរៀល។​

បើ​ពិនិត្យ​មើល​អង្គហេតុ​នៃ​រឿង​នេះ​ វា​ពិត​ជា​បទល្មើសព្រហ្មទណ្ឌដែល​កើត​ឡើង​ រវាង​បុគ្គល​ និង​​បុគ្គល​សុទ្ធសាធ​ គឺ​មិន​មែន​ជារឿង​ដែល​ទាក់​ទង​ជាមួយ​​សមាជិក​រាជរដ្ឋាភិបាល​ ឬ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​អីនោះ​ទេ​។ ​អ្នក​នយោបាយ​ខ្លះ​បែរ​ជាមានមតិយល់​ថា ករណី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី​ នៅ​ពេល​នេះ​គឺ​ជារឿង​នយោបាយ​​ទៅ​វិញ​។ តាម​ពិត​នេះ​គឺ​ជារឿង​ក្តី​ដែល​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៨ មុន​ពេល​ដែល​លោក សម រង្ស៊ី​ មិន​ទាន់​ក្លាយ​ជា​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯកសិទ្ធិសភា​ទៅទៀត។

ដូច្នេះ​ការចេញ​ដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន​នេះ​​គឺ​មិន​មាន​ការ​ប៉ះ​ពាល់ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ ​ឬប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​អីនោះទេ​។​ ​អ្នក​នយោបាយ​​ខ្លះទៀតក៏យល់ដែរ​ថា ​លោក​ សម រង្ស៊ី​ បាន​ទទួល​ការ​លើក​លែង​ទោស​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​​រួចអស់​ហើយ​ដែរ​ ​ប៉ុន្តែ​ តាមពិត​វាជាការ​យល់​ខុស​ ដោយ​មិន​បាន​ពិនិត្យ​មើល​អត្ថន័យ និង​ខ្លឹមសារ​នៃ​​ព្រះរាជក្រឹត្យ​ឲ្យ​បាន​​ល្អិតល្អន់​។

ការ​ដែល​មាន​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​លោក​ សម រង្ស៊ី​​ កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ២០១៣ គឺ​បាន​បញ្ជាក់​ថា​ «លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​​​ សម រង្ស៊ី​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ តាមអំ​ណាច​​​សាលដីកា​លេខ​៣២ ចុះថ្ងៃទី១ ខែមីនា​ ឆ្នាំ២០១១ របស់​តុលាការ​កំពូល​​​ ​ដែល​នេះ​​​គឺ​ជា​ព្រះរាជក្រឹត្យ​​​​លើក​លែង​ទោស​សម្រាប់​បទល្មើស​មួយករណី​ និង​​មាន​ការ​លើក​លែង​ទោស​មួយ​ករណី​ទៀត​ តាម​អំណាច​សាលដីកា​ស្ថាពរ​ដែរ ​លេខ​៨៤ ក្រ៣ឃ ចុះថ្ងៃ​ទី​២០ ខែកញ្ញា​ ឆ្នាំ២០១១ របស់​សាលាឧទ្ធរណ៍​​»​។ នេះមាន​ន័យថា​ ព្រះរាជក្រឹត្យ​លើកលែង​​ទោសរបស់​ព្រះមហាក្សត្រ គឺ​រួម​បញ្ចូល​បទល្មើស​​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ ដែល​​ទណ្ឌិត​ សម រង្ស៊ី​ បាន​ប្រព្រឹត្តិ​  គឺ​មិន​រាប់​បញ្ចូល​នូវ​បទល្មើស​ទាំង​អស់​នោះទេ​។

ចំណែក​សំណុំ​រឿង​ ដែល​បាន​តតាំង​គ្នា​ជាចុងក្រោយ​នៅឆ្នាំ​២០០៨ រវាង​​លោក ហោ ណាំហុង និង​​​លោក សម រង្ស៊ី នៅ​សាលាឧទ្ធរណ៍ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀត ដែល​លោក ហោ ណាំហុង​ ជាភាគីអ្នកឈ្នះក្តី​ តាម​សាលដីកាចុះ​ថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០១៣ មក​ម្ល៉េះ​ រហូត​ដល់​សាលក្រម​នេះ​បាន​ចូល​ជាស្ថាពរ​។ ដូច្នេះហើយ​​ទើប​សាលដីកា​នេះ​ នៅតែ​មាន​អាជ្ញាយុកាល​អនុវត្ត​មក​ដល់​ពេល​នេះ​។ ដោយមិនទាន់​បាន​អនុវត្ត​​សាល​ដីកា​ស្ថាពរ​នេះនៅឡើយ​​​ ទើបមេធាវី​របស់លោក ហោ ណាំហុង​​ បានស្នើសុំ ដែលនាំឲ្យមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី១៣ ​នេះដូច្នេះ​។​​

តើ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ ទណ្ឌិត សម រង្ស៊ី​ នៅពេល​នេះ​ គឺ​ជារឿង​ខុសនីតិវិធី​ច្បាប់​ ដោយ​​មិន​បាន​​ដក​អភ័យ​ឯកសិទ្ធិសភា ​ជាមុន​ ឬយ៉ាង​ណា?​
យោង​មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​សមាជិក​សភា​​​ បាន​ចែងច្បាស់​​ថា​ «តំណាង​រាស្ត្រ​ ដែល​​មាន​សាល​ក្រម​ស្ថាពរ​ ឬសាល​ដីកា​ស្ថាពរ​ សម្រេច​​ថា​​ជាទណ្ឌិតជាប់​ពន្ធនាគារ​ ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ ​បុព្វ​សិទ្ធិ​​​ និង​​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​»

បើ​តាម​អ្នក​ជំនាញ​​ច្បាប់​បាន​បកស្រាយ​ថា​ ករណីចេញ​ដីកាបង្គាប់ឲ្យ​ចាប់ខ្លួនលោក សម​ រ​ង្ស៊ី របស់តុលាការ​ គឺជាដែនសមត្ថ​កិច្ចរបស់ស្ថាប័ន​តុលាការ ចំណែក​ពាក់ព័ន្ធ​នឹងករណី​ការពារ​​អភ័យ​​ឯកសិទិ្ធ​​​របស់​ លោក សម​ រង្ស៊ី គឺជាដែន​សមត្ថកិច្ច​ការពារ​ពីសំណាក់​រដ្ឋសភា ព្រោះ​​លោក សម​ រង្ស៊ី បាន​ប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ពី​សំណាក់​បណ្តឹង​របស់​លោក​​ ហោ ណាំហុង កាលពីឆ្នាំ២០០៨ ហើយ​ជា​បទល្មើស​ព្រហ្មទណ្ឌ មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​​ទេ។​​ ​ករណីដែល​​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺជានីតិវិធីបន្តរបស់តុលាការ តាមការស្នើសុំរបស់គូភាគីប៉ុណ្ណោះ។​
ផ្អែក​តាម​ច្បាប់​លក្ខន្តិកៈរបស់​តំណាង​រាស្ត្រ​ និង​នីតិវិធី​​​របស់​តុលាការ​ ដែលបាន​ចែង​ច្បាស់​នោះ​ សមត្ថកិច្ច​ពិត​ជាអាច​ចាប់​ខ្លួន​ទណ្ឌិត​ សម រង្ស៊ី បាន​ដោយ​រលូន​ ប្រសិន​បើ​លោក សម រង្ស៊ី​ ពិត​ជានឹង​ត្រឡប់​មក​ពី​ក្រៅស្រុក​វិញ​នៅថ្ងៃទី១៦​ ខែវិច្ឆិកា​​មែននោះ​។

រួមសេចក្តីមក​ រឿងរ៉ាវដែល​បង្កើតជាគ្រោះ​សម្រាប់លោក​ សម រង្ស៊ី​ នៅពេលនេះ គឺវាបាន​កើតឡើងដោយ​សារតែអណ្តាត​ អត់ឆ្អឹង​ និងមាត់អត់​គម្រប់របស់លោក​ សម រង្ស៊ី ខ្លួ​នឯងតែប៉ុណ្ណោះ៕​​
​​​


No comments:

Post a Comment