Tuesday, November 17, 2015

លោកមេធាវី អឿន សុខា បានពន្យល់ស្តីពីការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរករណីសំនុំរឿងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥​ ខែវិច្ឆិកា ​ឆ្នាំ២០១៥​កន្លងទៅនេះ ​ភ្នាក់ងារបណ្តាញ​ព័ត៌មានរាជ​រដ្ឋាភិបាល GNN បានបង្ហោះវីដេអូ​ស្តីពីកិច្ចសម្ភាសន៍​លោក អឿន​ សុខា មេធាវីឯក​រាជ្យ និង​ជាសាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យមួយ លើការ​អនុវត្តសាល​ក្រម ឬសាលដីកា​ស្ថាពរលើក​រណីសំណុំរឿងព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី ​ប្រធានគណបក្ស​សង្រ្គោះជាតិ។

សូមជម្រាប​ថាកាលពីថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ សាលា​ដំបូងរាជធានីភ្នំពេញ​បានចេញ​ដីកាបង្គាប់ឱ្យចាប់ ខ្លួនលោក​ សម រង្ស៊ី ដោយ​អនុវត្តទៅតាម​សាលក្រម​និងសាលដីកា​របស់តុលាការ​ ពាក់ព័ន្ធនឹងបទ​ បរិហាកេរ្តិ៍ជា​សាធារណៈ​ និងញុះញង់ឱ្យមាន​ការរើសអើង ដែល​មានលោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុងជាជនរងគ្រោះ​ ដែលបានប្រព្រឹត្ត​នៅសារៈមន្ទីរ​ជើងឯក ​សង្កាត់ដង្កោ ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០០៨​ ដោយបានចោទ​ប្រកាន់លោក​ ហោ ណាំហុង​ ថាជាប្រធានជំរុំបឹងត្របែក​នៅក្នុង​សម័យខ្មែរក្រហម​។

លោកមេធាវី​ អឿន សុខា ​បានបញ្ជាក់​ឱ្យដឹងថាការ​អនុវត្តសាលក្រម​ ឬសាលដីកា​ស្ថាពរមានបីប្រភេទគឺការអនុវត្ត​ទោសដាក់​ពន្ធធនាគារ​ ការអនុវត្ត​ទណ្ឌកម្មរដ្ឋ​ប្បវេណី និង​ការអនុវត្ត​ ទណ្ឌកម្មពិន័យជាប្រាក់។​ ចំពោះការអនុវត្ត​ទោសដាក់ពន្ធ​ធនាគារ យោង​តាមមាត្រា​៤៩៦ កថាខណ្ឌទី១ ​នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា​ ការអនុវត្ត​ទោស និងការ​បង្ខំដល់រូបកាយ​ត្រូវធ្វើតាមគំនិត​ផ្តើមរបស់​ អយ្យការ​ ក្នុងន័យនេះគឺព្រះរាជ​អាជ្ញា ជាអ្នក​មានសមត្ថកិច្ច​យកបញ្ញត្តិពាក់ព័ន្ធ​នឹងការដាក់​ទោសជាប់ពន្ធ​ ធនាគារក្នុងសាលក្រម ឬសាល​ដីកាព្រហ្មទណ្ឌ​ទៅអនុវត្ត​ បានន័យថាព្រះរាជ​អាជ្ញាជាអ្នកទទួល​ខុសត្រូវ ក្នុងការចាត់វិធានការនាំ​ខ្លួនជនជាប់​ចោទមកដាក់ពន្ធ​ធនាគារ ​ក្នុងករណីនៅ​ក្រៅឃុំ។ ​ចំពោះការអនុវត្ត ទណ្ឌកម្មរដ្ឋប្បវេណី​ យោងតាមមាត្រា​ ៤៩៦ កថាខណ្ឌទី​ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការអនុវត្ត​ ទណ្ឌកម្មរដ្ឋប្បវេណី​ ត្រូវតែធ្វើតាម​គំនិតផ្តើមរបស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ ចំពោះ​ការអនុវត្តទណ្ឌកម្មពិន័យជាប្រាក់​ យោងតាមមាត្រា​ ៤៩៨ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ​ចែងថា ការប្រមូល​ប្រាក់ពិន័យ​ និងប្រាក់​ ពន្ធនៃនីតិវិធីត្រូវ​ធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោម​ឱវាទរបស់អយ្យការ។​

លោកមេធាវី​ក៏បានបន្ថែមទៀតថា​ ការអនុវត្ត​សាលក្រម ឬសាលដីកា​ស្ថាពរករណីសំ​ណុំរឿងព្រហ្មទណ្ឌ​ ត្រូវធ្វើ​ឡើងនៅពេល​ដែលសេចក្តីសម្រេច​របស់តុលាការ​បានក្លាយជាស្ថាពរ​ ដូចមានចែង​កំណត់ច្បាស់​ នៅក្នុងមាត្រា​ ៤៩៧ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ។​ ប៉ុន្តែនៅ​ក្នុងមាត្រា​ ១៤៤ នៃ​ក្រមព្រហ្ម​ទណ្ឌដែលបានចែងពីអាជ្ញាយុកាល​នៃទោសថា​ អាជ្ញាយុកាល​នៃទោសបទ​ឧក្រិដ្ឋគឺមានរយៈពេល​ ២០ ឆ្នាំ ​បទមជ្ឈឹម​ គឺ៥ឆ្នាំ ចំណែកបទលហុគឺ១ឆ្នាំ​។

លោកមេធាវីក៏បាន​បំភ្លឺផងដែរថា​ ចំពោះមតិខ្លះ​ដែលលើក​ឡើងថាសាល​ក្រម ឬសាលដីកា​ស្ថាពរដែល ​សម្រេច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​មិនអាចអនុវត្តបាន​ចំពោះតំណាង​រាស្រ្តបើគ្មាន​ការដកអភ័យ​ឯកសិទ្ធិសភា​ ជាមុននោះ​ ជាការមើលឃើញ​តែមួយជ្រុង​នៃច្បាប់។ ប៉ុន្តែ​បើយោងតាម​មាត្រា ៨០​ និងមាត្រា​ ៩៥ នៃរដ្ឋ​ ធម្មនុញ្ញ សិក្សា​ឱ្យស៊ីជម្រៅ​លើបញ្ហានីតិវិធី​ព្រហ្មទណ្ឌ​និងច្បាប់ដែល​ពាក់ព័ន្ធ​តំណាងរាស្រ្ត​ ដូចជាច្បាប់ស្តី​ ពីលក្ខន្តិកៈតំណាង​រាស្រ្ត ឆ្នាំ២០០៦​ដែលចូលជាធរមាន​ បទបញ្ជាផ្ទៃ​ក្នុងរដ្ឋសភា​ យើងអាច​មានចម្លើយ មួយ​ច្បាស់លាស់​ផ្សេងពីការលើក​ឡើងនោះ។​ លោកមេធាវី​ក៏បានធ្វើការវិភាគ​វែកញែក ដោយ​បែងចែក​ នីតិវិធីព្រហ្មទណ្ឌជា​ ២ដំណាក់កាល​ គឺដំណាក់កាល​ជំនុំជម្រះ​ ចេញសាល​ក្រម ឬសាលដីកា​ និងដំណាក់​ កាលអនុវត្តសាលក្រម​ ឬសាលដីកាតុ​លាការ ដែល​បញ្ជាក់ថាការ​ទាមទារឱ្យមាន​ការដកអភ័យឯកសិទ្ធិសភា គឺអនុវត្ត​ចំពោះតែដំណាក់​កាលទី១នៃនី​តិវិធីប៉ុណ្ណោះ​ ដើម្បីទប់ស្កាត់​កុំឱ្យមានការកាត់​សេចក្តីចេញ​ សាលក្រម​ដោយតុលា​ការ។ ប៉ុន្តែបើមាន​សាលក្រម​ ឬសាលដីកា​ស្ថាពរផ្តន្ទាទោស​ហើយនោះ​ គឺតំណាង រាស្រ្ត​ត្រូវបាត់បង់​សមាជិកភាពរដ្ឋសភា​ ឬត្រូវអស់​សិទ្ធិជាតំណាងរាស្រ្ត។​ ម្យ៉ាងវិញ​ទៀតក្នុង​ករណីអ្នក តំណាង​រាស្ត្របាន​ប្រព្រឹត្តបទល្មើស​ជាក់ស្តែង​ ក៏អាចធ្វើ​ឱ្យប្រាសចាកពី​សិទ្ធិតំណាង​រាស្រ្ត នាំឱ្យបាត់សិទ្ធិ ​ជាតំណាងរាស្រ្ត​បានដែរ ​នេះបើយោង​តាមមាត្រា​ ៩៥ នៃរដ្ឋធម្មនុញ្ញ ​មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពី​លក្ខន្តិកៈតំណាងរាស្រ្ត​។


ពាក់ព័ន្ធនឹង​ករណីចាប់ខ្លួន​តំណាងរាស្រ្តណាម្នាក់​ ដើម្បីយកមក​អនុវត្តទោសនោះ លោក​មេធាវីក៏បានបញ្ជាក់ផងដែរថា​ ក្នុងករណីចាប់​ខ្លួនឬនាំខ្លួនមក​ផ្តន្ទាទោសចេញ​សាលក្រម ឬសាល​ដីកាទើប​ត្រូវការការ​ អនុញ្ញាតពី​រដ្ឋសភា។ ប៉ុន្តែ​បើចាប់ខ្លួន​ដើម្បីយកមក​អនុវត្តទោស​តាមសាលក្រម​ ឬសាលដីកា​ស្ថាពរហើយ​ គឺមិនចាំបាច់​មានការអនុញ្ញាត​ពីរដ្ឋសភាទេ ព្រោះ​រដ្ឋសភាបាន​អនុញ្ញាតហើយ​នៅក្នុងច្បាស់​ស្តីពីលក្ខន្តិកៈ​ តំណាងរាស្រ្ត​ ថ្ងៃទី២១ តុលា​ ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ​ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគា​រ ត្រូវបាត់បង់​ទាំងស្រុងនូវ​ សិទ្ធិ បុព្វសិទ្ធិ និងសមាជិក​ភាពរដ្ឋសភា​



No comments:

Post a Comment