Thursday, August 13, 2015

នាយករដ្ឋមន្រ្តីទម្លាយថា លោក សម រង្ស៊ី ផ្ញើសារប្រាប់លោកថា «ចង់កែប្រែរដ្ឋធម្មនុញ្ញ មាត្រា២»

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ទម្លាយ​សារឆ្លើយ​ឆ្លងរបស់​លោកជាមួយ​នឹង ​លោក ​សម ​រង្ស៊ី ​ជាសាធារណៈថា​ លោក ​សម ​រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិទេ ​ដែលមាន​បំណង​ចង់ធ្វើវិសោធ​នកម្មច្បាប់​ មាត្រា២ ​នៃរដ្ឋធម្ម​នុញ្ញ ដែលនិយាយ​អំពីអធិប​តេយ្យភាព​ នៃបូរណភាព​ទឹកដីរបស់​កម្ពុជា។ ​

ការលើក​ឡើងរបស់​ សម្តេចនា​យករដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បានធ្វើឡើង​ នៅក្នុង​ពិធីចែក​សញ្ញាបត្រដល់​ និស្សិតសា​កលវិទ្យា​ល័យភ្នំពេញ​អន្តរជាតិ​ នាព្រឹកថ្ងៃ​ទី១៣​ ខែសីហា ឆ្នាំ២០១៥នេះ​ បន្ទាប់​ពីមានអង្គការ​ និងក្រុម​មនុស្ស​ រិះគន់​និងចោទ​ប្រកាន់ មក​លើរដ្ឋាភិបាល​ និងគណ​បក្សប្រជា​ជនកម្ពុជាថា​ មានគម្រោង​ការកែប្រែរ​ដ្ឋធម្មនុញ្ញ​មាត្រា២ ដើម្បី​ដោះស្រាយ​បញ្ហាទឹកដី​ ។ 

ថ្លែងទៅ​កាន់និស្សិត​ទទួលជ័យលា​ភីជាង​១ពាន់នាក់ នៅវិទ្យា​ស្ថានជាតិ​អប់រំ​ សម្តេច​តេជោ ​បានប្រកាសថា​ «ខ្ញុំយកការវ៉ៃ ​SMS របស់ឯក​ឧត្តម សម​ រង្ស៊ី ​មកអានប​ន្តិចទៅចុះ ​ដើម្បីឱ្យកូន​ចៅគាត់​ភ្លឺភ្នែក ព្រោះឥឡូវ​គាត់សុទ្ធ​តែថាស្អីឯណានោះ​ ប៉ុន្តែមេគា​ត់ទេអ្នក​បបួលខ្ញុំ ​(កែមាត្រា២​នៃរដ្ឋធម្មនុញ្ញ)​ ខ្ញុំអត់​ទាន់ព្រម ព្រោះមិន​ត្រូវធ្វើនៅ​ពេលហ្នឹងទេ ​ចាំមើលណា.​..នេះនែ៖​ ថ្ងៃទី១៧ ​ខែ៧ ​ម៉ោង៧៖​៤៩នាទី ខ្ញុំអានឱ្យ​ស្តាប់ ​ហើយអស់​លោកខាង​ផ្នែកគណ​បក្សសង្រ្គោះជាតិ​ ស្តាប់​ឱ្យបាន៖ ជំរាប​សួរសម្តេច​ ! ខ្ញុំសូម​អបអរសាទ​រអនុសាសន៍​សម្តេចថ្មីៗនេះ របស់ស​ម្តេចទាក់ទង​នឹងបញ្ហាព្រំដែន​ ដើម្បីបង្ហាញពី​ឯកភាព​ជាតិ កាន់តែ​រឹងមាំក្នុងគោ​លបំណង​ការពារបូ​រណភាព​ទឹកដី ​នៃប្រទេសក​ម្ពុជា ខ្ញុំសូម​សម្តេចមេត្តាពិ​និត្យលទ្ធភាព​ធ្វើវិសោធន​កម្មរដ្ឋធ​ម្មនុញ្ញត្រង់មា​ត្រា២ ស្តី​ពីផែនទី ​ដែលយើង​ត្រូវបញ្ជាក់ឱ្យ​កាន់តែ​ក្បោះក្បាយ ដោយ​មានការចូលរួ​មពីគណប​ក្សប្រជាជន​ និងគណបក្ស​សង្រ្គោះជាតិរួម​គ្នា ដោយសេចក្តី​គោរពរាប់​អានពីខ្ញុំ»។ 

​ដោយសម្តេច​ពន្យល់ទៅគាត់​(ឯកឧត្តម ​សម រ​ង្ស៊ី) មេថាអញ្ចឹង​អាកូនថា​អញ្ចុះវា​យ៉ាងម៉េច ​ហើយខ្ញុំសូម​ជំរាបអញ្ចឹង​បានខ្ញុំចង​ជាGroupឲ្យតែ​ព្រឹបភ្លាម
(ព័ត៌មាន​ថ្មីៗ)ខ្ញុំផ្ញើ​ទៅអស់លោក​អ្នកធំភ្លាម។​ សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែ​ន បានបន្ថែមថា ​«ឥឡូវខ្ញុំ​សូមផ្តាំ ​មេអស់លោក​បបួលខ្ញុំធ្វើ​វិសោធនកម្ម ​ខ្ញុំយល់ថា ពេលវេលា​វាមិន​ទាន់ស័ក្តិ​សមទេ ​ព្រោះគាត់​យល់ដឹង​ដូចខ្ញុំដែរ ​អារឿង​(ព្រំដែន)នៅខាង​លិចវាត្រូវ​ប្រើ (ផែនទី)​ ១/២០០​.០០០ ​នៅជាមួយឡាវ​ ឥឡូវយើង​ធ្វើផែនទីតែ​ជាមួយវៀត​ណាមទេ ក្នុងរដ្ឋ​ធម្មនុញ្ញមាត្រា២​ មើលឱ្យ​ច្បាស់ទៅ ​ប៉ុន្តែសោកស្តាយត្រ​ង់ថា​ រឿងអាថ៌​កំបាំងរបស់​មេ ប៉ុន្តែមេមិន​ព្រមប្រាប់​កូន អាហ្នឹង​បានពិបាក ​អញ្ចឹងបាន​ជាខ្ញុំថា វាជាការ​សង្ស័យណាស់​ដែលថា ​ចាប់ដៃជាន់​ជើងនោះ»។​


កន្លង​ទៅថ្មីៗនេះ​ តំណាងរាស្រ្ត ​និងមន្រ្តីគណបក្ស​សង្រ្គោះជាតិ បាន​សម្តែងកា​រប្រតិកម្ម​ជាបន្តបន្ទាប់​ ក្រោយពី​លោកបណ្ឌិត ​សុខ ​ទូច ​ប្រធានក្រុមស្រាវ​ជ្រាវអំពី​ផែនទី នៅរា​ជបណ្ឌិត​សភា ​ផ្តល់អនុសាសន៍​ ឱ្យគណប​ក្សជាប់ឆ្នោ​តទាំងពីរ​ ពិភាក្សាអំ​ពីការកែ​ប្រែរដ្ឋធម្មនុញ្ញ ​ត្រង់មាត្រា២ ​ដែលនិយាយ​អំពីបូរណ​ភាពទឹក​ដីកម្ពុជា​។ សូមបញ្ជាក់​មាត្រា២នេះ​បានចែងថា​ «បូរណភាព​ទឹកដីរបស់ព្រះ​រាជាណាចក្រ​កម្ពុជា មិន​អាចរំលោភបា​នជាដាច់​ខាតក្នុងព្រំ​ដែនរបស់ខ្លួន ​ដែលមាន​កំណត់ ​ក្នុងផែនទីខ្នាត ​១/១០០.០០០ ធ្វើនៅ​ចន្លោះឆ្នាំ១៩៣៣-​១៩៥៣ ហើ​យដែលត្រូវ​ទទួលស្គាល់​ជាអន្តរជាតិ​ នៅចន្លោះឆ្នាំ​១៩៦៣-១៩៦៩»​។



No comments:

Post a Comment