Thursday, August 13, 2015

ទស្សនៈដោយ៖ សួន ចំរើន, ជារឿងនយោបាយទៀតមែនទេ?

តើករណី​របស់តំណាង​រាស្ត្រម្នាក់​ ដែលត្រូវ​បានគេប្តឹង​ចំនួន​៣បណ្តឹង​ ទៅអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​ពីបទកេង​ប្រវ័ញ្ចថវិកា​ជាច្រើន​ម៉ឺនដុល្លារ​ ទាក់ទងនឹង​ការរៀប​ចំដំណើរ​ទៅមើល​ព្រំដែន​កម្ពុជា-​រៀតណាម ​ជាការប្រព្រឹត្តិ​អំពើពុក​រលួយ ​ឬជារឿង​នយោបាយ​?
បទល្មើស​ពុករលួយ​ មានន័យ​ថាជាបទ​ល្មើសព្រ​ហ្មទណ្ឌ ​ដែលមាន​ចែងនៅ​ក្នុងជំពូក​ទី៦ នៃច្បាប់​ស្តីពីការប្រឆាំង​អំពើពុក​រលួយ ​ដោយរួម​មាន ​បទស៊ី​សំណូក ​កេងប្រវ័ញ្ច ​ជំនួញ​ឥទ្ធិពល​ ជាដើម​។ល។ ​ហើយក៏មាន​វិសាលភាព​អនុវត្តចំពោះ​អំពើពុករលួយ ​គ្រប់រូបភាព គ្រ​ប់វិស័យ ​និងគ្រប់ជាន់​ថ្នាក់​ នៅទូទាំង​ព្រះរាជាណាច​ក្រកម្ពុជា។

ពលរដ្ឋ​ទាំងអស់​ដែលទទួល​អាណត្តិសា​ធារណៈដោយ​ការបោះឆ្នោត​ មានន័យថា​ ជាសមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា ​ក្រុមប្រឹក្សា​រាជធានីខេ​ត្ត ក្រុង​ ស្រុក​ ខណ្ឌ ​សង្កាត់ ​ឃុំ ដែល​ស្ថិតនៅក្នុង​មុខតំណែង​ ហើយបាន​យកតួនាទី​ និងបុណ្យសក្តិ ​របស់ខ្លួន​ទៅអូស​ទាញ បញ្ចុះបញ្ចូល​អ្នកដ៏ទៃ​ដើម្បីទទួល​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ក្រុម​ ឬបក្ខពួក ​និងបង្ក​ឲ្យមានជា​ទំនាស់ផល​ប្រយោជន៍​ ហើយ​ត្រូវបាន​បុគ្គលណាម្នាក់​ក្នុងក្រុមដាក់​ពាក្យប្តឹង​មកអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​នោះអង្គភាព​នេះនឹងមាន​នីត្យានុកូល​ភាពក្នុង​ការតាមដាន ​ស៊ើបអង្កេត​ ត្រួតពិនិត្យ ​និងធ្វើការ​សិក្សាស្រាវជ្រាវ ​រួមទាំង​ចាត់វិធានការ ​ទាំងនៅក្នុង​ស្ថាប័នរដ្ឋ​ អង្គភាព​សាធារណៈ ​និងឯកជន​ស្របតាមនីតិ​វិធីរបស់ខ្លួន។​

ចំពោះករណី​របស់តំណាង​រាស្ត្រម្នាក់នោះ ​ជាអង្គហេតុ ​គឺដោយសារ​តែមានអ្នក​ដាក់ពាក្យ​បណ្តឹងទៅ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយទាក់ទង​នឹងទំនាស់​ផលប្រយោជន៍​ បើនិយាយ​ឲ្យចំគឺការ​ចែកលុយ​មិនស្មើគ្នា ​ឬអាចដូចពាក្យចាស់​ពោលថា ​« ដង្កូវចេញពី​សាច់ឯង » ។ ម្យ៉ាងទៀត​ សហសេវិក​របស់លោក​ក៏បានជួយ​ផ្តល់ព័ត៌មាន ​និងភស្តុតាង​ផងដែរ​ ដោយសហ​សេវិករូបនោះ​បានបញ្ជាក់​ថាទឹកប្រាក់​ភាគច្រើន​បានមកពីបារាំង ​និងអាមេរិក ហើយថា​បើតាមលោក​ដឹងថវិកា​ទាំងនោះសរុបមា​នជាង​២ម៉ឺនដុល្លារ។​ សហសេវិក​រូបនោះក៏បាន​សារភាពផង​ដែរថា ​រាល់លើកពេល​ដែលចុះធ្វើ​សកម្មភាព​ គឺក្រុមការ​ងារទទួល​ថវិកាពីក្រៅ​ប្រទេស ​ចាប់ពី ​១,៥ម៉ឺន​ ទៅ ២ម៉ឺន​ដុល្លារអាមេរិក​។ ដូច្នេះ ក៏អាច​និយាយបាន​ដែរថារាល់​សកម្មភាព​ប្រមូលកម្លាំង​តវ៉ាកន្លងមក​ វាមិនមែន​ជាសកម្មភាព​ស្នេហាជាតិ​អីនោះទេ តែ​ជាវិធីរក​ប្រាក់តាម​របៀបងាយៗ​ ដោយកា​រកេងប្រវ័ញ្ច​ផលប្រយោជន៍​ដោយខុសច្បាប់​មកចែកគ្នា ​ប៉ុន្តែនៅ​ពេលចែក​មិនស្មើគ្នាទើប​នាំឲ្យមានទំនាស់​ផលប្រយោជន៍បែ​បនេះ។

មា​ត្រា៥៩៧ ​នៃក្រម​ព្រហ្មទណ្ឌ ​ចែងថា ​ការកេងយក​ផលប្រយោជន៍​ដោយខុស​ច្បាប់ គឺជាអំពើ​ប្រព្រឹត្តិដោយ​អ្នករាជ​ការសាធារណៈ ​ឬដោយពលរដ្ឋ​ទទួលអាណត្តិ​សាធារណៈ​ដោយការបោះ​ឆ្នោត ​ដែលយក ​ទទួល ​ឬរក្សាទុក​ដោយផ្ទាល់ ​ឬដោយ​ប្រយោល នូវផលប្រយោជ​ន៍អ្វីមួយនៅ​ក្នុងប្រតិបត្តិ​ការណាមួយ​ ដែលអ្នករាជ​ការ ឬពលរដ្ឋ​ទទួលអាណត្តិ​សាធារណៈនោះ​មានភារៈ​កិច្ចរ៉ាប់រងទាំ​ងស្រុង ​ឬមួយផ្នែក​ នូវការ​ឃ្លាំតាមដាន​ ឬទូទាត់។

​ដូច្នេះ ​ផ្អែកលើអង្គហេតុ​នៃពាក្យ​បណ្តឹងចំនួន៣ ​ដែលបាន​ចោទថាទឹ​កប្រាក់ភាគ​ច្រើននៃថវិកាដែ​លទទួល​បាននោះត្រូវ​បានតំណាង​រាស្ត្រម្នាក់នោះកេ​ងប្រវ័ញ្ច ​និងចម្លើយ​សារភាពរបស់​សហសេវិក​របស់ខ្លួន​ទាំងប៉ុន្មាន​ គឺអង្គភាព​ប្រឆាំងអំពើ​ពុករលួយ ​ពិតជាមាន​សិទ្ធិ និ​ងសមត្ថកិច្ចគ្រប់​គ្រាន់ក្នុងកា​រស្នើសុំ​ឲ្យមានការ​បំភ្លឺលើពាក្យ​ប្តឹងចោទ​ប្រកាន់នេះយ៉ា​ងប្រាកដ ​ហើយក៏មិន​បានទាក់​ទងទៅនឹង​រឿងន​យោបាយស្អី​នោះដែរ ប៉ុ​ន្តែវាទាក់ទង​ទៅនឹងអ្នក​នយោបាយ​ដែលប្រព្រឹត្តិ​ខុសច្បាប់ប៉ុណ្ណោះ៕​

No comments:

Post a Comment