រាជរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីន បានយល់ស្របគ្នាក្នុងការជួយលើកទឹកចិត្តដល់អ្នកវិនិយោគហ្វីលីពីនឲ្យចូលមកកាន់កម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៏ដែលកម្ពុជាកំពុងមានសក្តានុពលយ៉ាងខ្លាំងនាសព្វថ្ងៃនេះ។
នៅក្នុងជំនួបពិភាក្សាការងារនៅទីស្តីការគណរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ សីហានេះ ឯកឧត្តម Christopher B. Montero ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈ ថា រយៈពេល៤ខែដែលឯកឧត្តមបានមកបំពេញការងារនៅកម្ពុជា ឯកឧត្តមបានជួបជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដោយបានពិភាក្សាគ្នាផ្តោតជាសំខាន់ គឺការខិតខំធ្វើយ៉ាងណាបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហ្វីលីពិនឲ្យកាន់តែមានទំហំធំតាមរយៈការជំរុញទឹកចិត្តក្រុមហ៊ុនហ្វីលីពីនឲ្យចូលមកកម្ពុជាឲ្យបានកាន់ច្រើនដើម្បិធ្វើការវិនិយោគលើវិស័យស្រូវ-អង្ករ នាំទៅកាន់ហ្វីលិពីន។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជំរាបជូនទៀតថា ប្រទេសហ្វីលីពីនគឺជាអ្នកទិញស្រូវនិងអង្ករច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ហើយគោលបំណងចំបងរបស់ហ្វីលីពីនគឺចង់បង្កើនពាណិជ្ជកម្មរវាងហ្វីលីពីននិងកម្ពុជាតាមការទិញស្រូវអង្គរពីកម្ពុជានាំទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឯកឧត្តម Christopher B. Montero បានគូសបញ្ចាក់ដែរថារដ្ឋាភិបាលហ្វីលីពីន មានគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគហ្វីលីពីនឲ្យមកកាន់កម្ពុជាដើម្បីបង្កើតការិយាល័យពាណិជ្ជកម្ម ក្នុងការរួមចំណែកជួយសម្រួល ការងារពាក់ពន្ធ័និងការនាំស្រូវ-អង្ករពីកម្ពុជាទៅកាន់ហ្វីលីពីន។
ឯកឧត្តមបានឲ្យដឹងដែរថានៅពេលខាងមុខនេះនឹងមានក្រុមធុរៈកិច្ចហ្វីលីពីនមកកាន់កម្ពុជា ដើម្បីពិភាក្សាលើការនាំផលិតផលស្រូវ អង្ករ ទៅកាន់ហ្វីលីពីន។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនហ្វីលីពីន ចង់មកបង្កើតរោងចក្រម៉ាស៊ីនកិនស្រូវនៅខេត្តសៀមរាបផងដែរ ហើយនៅក្នុងសប្តាហ៏ក្រោយនេះនឹងមានគណប្រតិភូពាណិជ្ជកម្មហ្វីលីពីននឹងអញ្ចើញទៅទស្សនកិច្ចខេត្តសៀមរាប ដើម្បីពិនិត្យពីស្ថានភាពវិនិយោគ។
ពាក់ពន្ធ័នឹងវិស័យទេសចរណ៏ឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីន មានប្រសាសន៏ថាកម្ពុជាពិតជាមានសក្តានុពលខ្លាំងហើយឯកឧត្តមនឹងខិតខំជំរុញក្រុមហ៊ុនហ្វីលីពីនឲ្យមកពិនិត្យពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតលើវិស័យទេសចរណ៏នេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន មានប្រសាសន៏ថាកម្ពុជាមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម និងកសិផលកសិកម្ម តាមរយៈសក្តានុពលនេះកម្ពុជាសូមលើកទឹកចិត្តដល់ក្រុមហ៊ុនហ្វីលីពីនឲ្យចូលមកវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ដើម្បីបង្កើនទំហំពាណិជ្ចកម្មទ្វេភាគីរវាងកម្ពុជានិងហ្វីលីពីនឲ្យបានកាន់តែធំថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជទ្វេភាគីកម្ពុជា-ហ្វីលីពីននាបច្ចុប្បន្នេះ មានទឹកប្រាក់ប្រមាណជាង២៥លាន៧សែនដុល្លារសហរដ្ឋអាមេរិកហើយជាជំហររួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ចកម្មទ្វេភាគីនេះបានកាន់តែមានកំណើនកើនឡើងថែមទៀត។
ពាក់ពន្ធ័និងវិស័យទេសចរណ៏ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានជំរាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាមានកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរលើពិភពលោកផ្នែកទេសចរណ៍វប្បធម៌ ជាពិសេសបច្ចុប្បន្ននេះ តំបន់ប្រាសាទអង្គរកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៏ដ៏សំខាន់បំផុតនៅលើពិភពលោក។
ឯកឧត្តមបានបញ្ចាក់ជូនថាសព្វថ្ងៃកម្ពុជាមានកំណើនអ្នកទេសចរណ៏យ៉ាងកំហុង ដូច្នេះដើម្បីការអភិវឌ្ឍវិស៏យទេសចរណ៏រាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់ ក្រុមហ៊ុនវិនិយោគហ្វីលីពីន ដើម្បីឲ្យចូលមកវិនិយោគផ្នែកទេសចរណ៏នេះឲ្យបានច្រើន ដូចជា សណ្ឋាគារ រួមទាំងសេវាកម្មទាំងឡាយដែលទាក់ទងនិងវិស័យទេសចរណ៏ដើម្បីជួយទំនុកបំរ៉ុងនូវតម្រូវការរបស់ភ្ញៀវទេសចរណ៏នៅកម្ពុជា។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០១៤កន្លងមកនេះមានអ្នកទេសចរណ៍ហ្វីលីពីនមកកាន់កម្ពុជាប្រមាណជាង ៩ម៉ឺន៣ពាន់នាក់ រីឯការហោះហើរត្រង់ពីហ្វីលីពីនមកកាន់ខេត្តសៀមរាបគឺក្នុងមួយសប្តាហ៏ មាន៤ជើង ហើយរំពឹងថានៅពេលខាងមុខឆាប់ៗនេះនិងបង្កើនការហោះហើរត្រង់ពីហ្វីលីពីនមកកាន់រាជធានីភ្នំពេញផងដែរ។
ទាក់ទងនឹងបំណងរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីន ដែលចង់សិក្សា អំពីរបៀបអភិរក្សផ្នែកទេសចរណ៏វប្បធម៌នៅកម្ពុជា នោះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានលើកទឹកចិត្តឲ្យមកសិក្សាស្វែងយល់ទាក់ទងនឹងការអភិរក្សដោយចីរភាពពីអាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៏កម្ពុជា៕



No comments:
Post a Comment