Thursday, July 16, 2015

សម្តេច ហ៊ុន សែន និងបើកឲ្យបក្សប្រឆាំង និងNGOs ពិនិត្យមើល និងដើម្បីផ្ទៀងផ្ទាត់ ផែនទីប្រទេសកម្ពុជាទំាងអស់គ្នា នៅពេលដែលប្រទេស មហាអំណាចឲ្យខ្ចី

សម្តេចតេជោ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃទី ១៥ ​ខែ កក្កដា ​ឆ្នាំ២០១៥​កន្លងទៅ ​បានសរសេរ​លិខិត​ដើម្បីស្នើ​សុំផែនទី ​ពីប្រទេស​មហា​អំណាច​ទាំងបី​ដែលរួមមាន៖​ អាមេរិក ​បារាំង ​និងអង់គ្លេស​ ដើម្បីធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹងផែនទី​ដែល​កម្ពុជាកំពុង​ប្រើប្រាស់​ក្នុងការបោះ​បង្គោល​ និង ​ខណ្ឌសីមា​ព្រំដែន​រវាងប្រទេស​កម្ពុជា ​ជាមួយ​និង​ប្រទេស​ជិតខាង។
​នៅថ្ងៃទី ១៦ ​ខែកក្កដា​ ឆ្នាំ២០១៥នេះ​ នៅក្នុងពិធី​ចែក​សញ្ញាបត្រ​​​ដល់​សមណនិស្សិត​​ពុទ្ធិកសកលវិទ្យា​ល័យ​សីហនុរាជ​​នៅវិទ្យាស្ថាន​ជាតិ​អប់រំ ​សម្តេចតេជោ ​ហ៊ុន សែន​ បានអះអាងថា ​នៅពេលដែល​រាជរដ្ឋាភិបាល​ ទទួលបាន​ផែនទីពីប្រទេស​មហាអំណាច​ដែលពាក់ព័ន្ធទាំង​នោះ ​សម្តេចនឹង​បើកឲ្យបក្សប្រឆាំង​ និងអង្គការសង្គម​ស៊ីវិលទាំងអស់​ចូលរួមពិនិត្យនិង​ផ្ទៀងផ្ទាត់​ទាំងអស់គ្នា ​ជាមួយផែនទី​ដែលរាជ​រដ្ឋាភិបាល​ប្រើបច្ចុប្បន្ន​។​ ការបើក​ឲ្យពិនិត្យរួម​គ្នានេះ ​គឺដើម្បី​ស្វែងរកការពិត​ និង​ជម្រះមន្ទិល​ដែល​តំណាងរាស្រ្ត​បក្ស​សង្គ្រោះជាតិ ​ តែង​តែចោទ​ប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជាថា ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​រហូតមក។
សម្តេចតេជោ​ បានបង្ហាញ​សង្ឃឹម​យ៉ាងមុត​មាំថា ​អាមេរិក​ បារាំង ​និង​អង់គ្លេស​ច្បាស់ជា​មាន​ផែនទី​របស់កម្ពុជា​ ខ្នាត ១/១០០.០០០ ​មិនខាន​។​ សម្តេច​បានបន្តថា ​កន្លងមក​ឯកឧត្តម​ សម ​រង្ស៊ី ​មិន​ដែលចោទរាជ​រដ្ឋាភិបាលថា ​ប្រើផែនទី​ក្លែងក្លាយទេ​ គឺមានតំណាង​រាស្រ្តគណបក្ស​សង្គ្រោះជាតិ​មួយចំនួនទេ​ ដែលចោទថា​រាជរដ្ឋាភិបាល​បានប្រើប្រាស់​ផែនទី​ក្លែងក្លាយ។
​សម្តេចនាយក​រដ្ឋមន្រ្តី ​ក៏បានអះអាង​បន្ថែមថា​ ​ការប្រើប្រាស់​ផែនទី​តាមមូល​ដ្ឋានច្បាប់​ត្រឹម​ត្រូវ​ដែលទទួល​ស្គាល់​ជាអន្តរជាតិ ​គឺដើម្បី​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ប៉ុន្តែមុន​និង​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ គឺ​ដំបូង​យើងត្រូវ​ឲ្យមានឯកភាព​ផ្ទៃក្នុងជា​មុនសិន​៕




No comments:

Post a Comment