Thursday, July 16, 2015

ក្រុមការងារព្រំដែនកម្ពុជា-វៀតណាម ចុះស៊ើបអង្កេតលើករណីហិង្សា នៅបង្គោលព្រំដែន លេខ២០២-២០៣ ក្នុងខេត្តស្វាយរៀង

នៅថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៥នេះ​ ក្រុមការងារកម្ពុជា​-វៀតណាម ​ចុះទៅពិនិត្យមើល ​តំបន់បង្គោល​ព្រំដែនលេខ​ ២០២-២០៣ ​ដើម្បីស៊ើប​អង្គេត​ទៅលើករណី​ហិង្សា​ រវាង​តំណាងរាស្រ្ត-​ប្រជាពលរដ្ឋខ្មែរ ​ជាមួយនឹង​ប្រជាពលរដ្ឋ​-អាជ្ញាធរវៀតណាម ​កាលពីថ្ងៃទី​២៨ ខែមិថុនា ​កន្លងទៅ ។
ឯកឧត្តម​ ជៀង ​អំ អភិបាលខេត្ត​ស្វាយរៀង ​ដែលជាសមាជិក​ក្រុមការងារនេះ​បានឱ្យដឹងថា ​ការចុះស៊ើបអង្កេត​ នឹងធ្វើឡើង​ជាលក្ខណៈ​ទ្វេរភាគី​ រវាងកម្ពុជា​ និងវៀតណាម​ នៅថ្ងៃនេះ​ដើម្បីរកមូលហេតុ ​និងរកខុសត្រូវ​ ក្នុងករណី​ហិង្សារវាងពលរដ្ឋ​កម្ពុជា​-វៀតណាម​នាពេល​កន្លងមក​។
​គួររំលឹកដែរថា​ កាលពីថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ ​មានករណី​ប៉ះទង្គិចគ្នាមួយ​ រវាងប្រជា​ពលរដ្ឋ​-ក្រុមតំណាងរាស្រ្ត ​គណបក្ស​សង្រ្គោះ​ជាតិ ​ជាមួយនឹង ​អាជ្ញាធរ​-ពលរដ្ឋ​វៀតណាម​ នៅចំណុច​ព្រំដែន​ ភូមិឆ្លោក ​ឃុំត្នោត ស្រុក​កំពង់រោទ៍ ​ខេត្តស្វាយ​រៀង។​ អំពើហិង្សា​នេះបណ្តាល​ឱ្យ ​ឯកឧត្តម​ រៀល ​ខេមរិន្ទ្រ ​តំណាង​រាស្រ្ត​ គណបក្ស​សង្រ្គោះជាតិ​ រួមទាំង​ពលរដ្ឋ​ខ្មែរ៩នាក់​ ផ្សេង​រៀងរងរបួស ​ចំណែកខាង​ភាគីវៀត​ណាម ​ត្រូវបាន​អាជ្ញាធរ ​ខេត្តស្វាយ​រៀងរាយ​ការណ៍ថា ​របួស​ធ្ងន់ស្រាល ​៨នាក់​។​ បន្ទាប់ពីមាន​ករណី​នេះកើតឡើង ​កម្ពុជា​-វៀតណាម​ ព្រមព្រៀង​គ្នា ​បង្កើតក្រុម​ការងារ ​ដើម្បី​ស្រាវជ្រាវ​រកខុស​ត្រូវផងដែរ៕






No comments:

Post a Comment