Thursday, July 16, 2015

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ លោក សុខ ប៊ុន ចេញមុខមកដោះស្រាយ ផ្លូវច្បាប់ រឿងប្រើហឹង្សាលើកញ្ញា សាសា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ បានថ្លែងអំពាវនាវឲ្យឧកញ៉ា សុខ ប៊ុន ឆាប់ចេញមុខមកដោះស្រាយឲ្យលឿនទៅតាមតុលាការ និងតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងរឿងរ៉ាវប្រើហឹង្សាលើកញ្ញា សាសា ។ សម្តេចតេជោបានសួរបញ្ជាក់បន្ថែម ទៅកាន់ លោក សុខ ប៊ុន ថាប៉ុន្មានថ្ងៃទៀតទើបចេញមុខបកស្រាយដោយលោក សុខ ប៊ុន បានប្រកាសថាលោកបានវ៉ៃហើយ យើងប្រកាសចេះប្រកាសចុះរួចហើយ ចុះបើប្រកាសទទួលស្គាល់ចឹងហើយគ្រាន់តែមុនក្រោយគួរមកចូលខ្លួនដោះស្រាយឲ្យលឿន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឲ្យលោក សុខ ប៊ុន ចេញមុខឲ្យលឿន និងព្រមានប្រយ័ត្នជាប់ខ្នោះ ដោយសារមកយឺតពេល។ រឿងនេះ បើយើងមើលឃ្លីបវីដេអូ គឺវាហួសហេតុពេកហើយ វាឃោរឃៅព្រៃផ្សៃហួស»។ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសូមផ្ញើការឈឺចាប់ដល់កញ្ញា សាសា និង ក្រុមគ្រួសារផងដែរ។
សម្តេចតេជោក៏បានបញ្ជាក់ថា បើទោះបីជាកញ្ញា សាសា ព្រមសម្របសម្រួល នៅក្រៅប្រព័ន្ធតុលាការ ក៏មិនអាចបញ្ចប់បញ្ហានេះបានដែរ ព្រោះមិនអាចរំលត់បណ្តឹងអាជ្ញាបាន ហើយនេះជារឿងព្រហ្មទណ្ឌ ។ សម្តេចក៏បានបញ្ជាក់ថា សម្តេចក៏មិនលើកលែងចំពោះអ្នកមានអំណាច ដែលកំពុងរត់ការដើម្បីបញ្ចប់រឿងករណីអំពើហិង្សាចំពោះស្ត្រីទន់ខ្សោយនេះដែរ។
ការថ្លែងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងនៅក្នុងពិធីប្រគេនសញ្ញាបត្រ ដល់សាមណៈនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥នេះ៕



No comments:

Post a Comment