នៅកិច្ចប្រជុំផ្សព្វផ្សាយផែនការ បន្តអនុវត្តការគ្រប់គ្រងជនអន្តោប្រវេសន៍
នៅប្រទេសកម្ពុជា ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍
សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ទន្ទឹមនិងការរកឃើញនូវជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមដ៏ច្រើននៅកម្ពុជា
យើងក៏បានបណ្តេញចេញនូវជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះមួយចំនួនធំផងដែរ។
នៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការ
និងបន្តគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍
សុខ ផល បានលើកឡើងថាតាមរយៈបាយការណ៍ជំរឿនឆ្នាំ២០១៤ មានពលរដ្ឋវៀតណាម ១៦ម៉ឺននាក់
រស់នៅក្នុងកម្ពុជា។ ឯកឧត្តម សុខ ផល បានបន្តថា លំហូរចូលរបស់ជនបរទេសមករស់នៅក្នុងប្រទេសកម្ពុជា
បានកើតឡើងគួរឲ្យគត់សម្គាល់ ដែលក្នុងនោះមាន ជនជាតិវៀតណាមរហូតដល់ទៅ ៩៥ភាគរយ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា
ជំរឿនឆ្នាំ២០០២ មានជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាចំនួន ៧ម៉ឺននាក់ ឆ្នាំ២០០៧
មានចំនួន ១០ម៉ឺននាក់ ហើយរហូតដល់ ឆ្នាំ២០១៤នេះ មានចំនួន ១៦ម៉ឺននាក់ ដែលចំនួននេះ
គឺគិតក្នុងអត្រា ៧០ភាគរយប៉ុណ្ណោះ បើគិតក្នុងអត្រា ១០០ភាគរយ អាចមានចំនួនច្រើនជាងនេះ។
ឯកឧត្តម សុខ ផល ក៏បានឲ្យដឹងផងដែរ ពីប្រតិបត្តិការគ្រប់គ្រង
និងស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា ដែលជាលទ្ធផលនៅឆ្នាំ២០១៤ រកឃើញជនអន្តោប្រវេសន៍គ្មានលិខិតស្នាមចំនួន
១.៨០០នាក់ ក្នុងនោះជនជាតិវៀតណាម ជាង ១.៥០០នាក់ ហើយពួកគេក៏ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៥នេះ គឺបានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់
១.២០០នាក់ ក្នុងនោះ ៩៨ភាគរយ ជាជនជាតិវៀតណាម ហើយពួកគេក៏ត្រូវបានបណ្តេញចេញពីកម្ពុជាដូចគ្នា។
ឯកឧត្តម សុខ ផល ក៏បានស្នើឲ្យអភិបាលខេត្ត
និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានីទាំងអស់
ជួយសហការដើម្បីស្វែងរក និងគ្រប់គ្រងទៅលើជនអន្តោប្រវេសន៍ ពីព្រោះក្នុងពេលដ៏ខ្លីខាងមុខនេះ
កម្លាំងអន្តោប្រវេសន៍ នឹងចុះប្រតិបត្តិការធ្វើជំរឿនស្វែងរកជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជាបន្តទៀត៕



No comments:
Post a Comment