Wednesday, July 01, 2015

មេពូជ​ត្រីនិង​កូន​ត្រីជា​ច្រើន​ប្រភេទ សរុប១​លាន​ក្បាល ត្រូវបាន​ព្រលែង​ចូល​ទៅក្នុ​ង​បឹងធម្មជាតិ​ខ្នាច ស្តិតក្នុង​ភូមិវត្ត

មេត្រីពូជចំនួន២០០គីឡូក្រាម និងកូនត្រីឆ្ពិន ត្រីឆ្កោក ត្រីគល់រាំង ត្រីអណ្តែង ត្រីក្រាញ់ និងត្រីត្រសក់ ដែលជាប្រភេទត្រីទឹកសាប សរុប១លានក្បាល រួមនិងកូនអណ្តើក កូនកន្ធាយ និងកូនបង្កង ចំនួន១សែនក្បាលទៀត ត្រូវបានព្រលែង នៅក្នុងអាងទឹកធម្មជាតិខ្នាច ស្ថិតក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងទិវាមច្ឆាជាតិ១កក្កដា ឆ្នាំ២០១៥ ខួបលើកទី១៣នេះ ដើម្បីបង្កើនចំនួនពូជត្រី នៅក្នុងបឹងធម្មជាតិនេះ ឲ្យបានកាន់តែច្រើន សំរាប់បំពេញសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅតំបន់នេះ។

នេះជាលើកទី១៣ហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំទិវាមច្ឆាជាតិ ១កក្កដា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

ជាការកត់សំគាល់ «ទិវាមច្ឆាជាតិ» ត្រូវបានប្រារព្ធឡើងដំបូង នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីឆ្នាំ២០០៣ ហើយសម្តេចតេជោ ហ៊ុន សែន  តែងតែ​អញ្ជើញ​ចូលរួម ក្នុងទិវានេះ ​ក្នុងគោលបំណងផ្សា​ភ្ជាប់ មនោសញ្ចេតនា​ជាមួយប្រជាពលរដ្ឋ ​និង​បំផុស​ចលនា ​ប្រជា​ពលរដ្ឋ​គ្រប់ៗរូប ឱ្យចូលរួមសកម្ម ក្នុងការថែរក្សាពូជត្រី ក៏ដូចជាវារីជាតិ​ផ្សេងៗ​ទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើតផលត្រី នៅតាមតំបន់​ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងប្រទេស ដើម្បីធានា​ឱ្យមានផលត្រី នៅតាមតំបន់ជនបទ។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បើយើងរង់ចាំត្រីធម្មជាតិ វាមិនគ្រប់គ្រាន់ទេ ដូច្នេះក្នុងន័យនេះ ជាថ្មីម្តងទៀត សម្តេចតេជោហ៊ុន សែន បានអំពាវនាវឱ្យមានការចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីគួបផ្សំជាមួយត្រីធម្មជាតិ ដែលមានស្រាប់។ សម្ដេចតេជោ ក៍បានជំរុញឲ្យមានការចិញ្ចឹមត្រីនៅតាមទន្លេ ព្រែក បឹងបួរ ស្រះ ត្រពាំង ប្រឡាយជាដើម ដើម្បីឆ្លើយតបតម្រូវការហូបចុក និងកំណើនប្រជាជនកម្ពុជា ដែលចេះតែកើនឡើង។ ជាមួយនេះ សម្ដេចក៏សុំ ឱ្យទិវាមច្ឆាជាតិ១កក្កដា បន្តពង្រីកខ្លួន ដោយមិនគ្រាន់តែធ្វើមួយថ្ងៃ និងមួយកន្លែងទេ    គឺត្រូវធ្វើជាប្រចាំ និងច្រើនកន្លែង ដើម្បីឱ្យធនធានត្រី កាន់តែសម្បូរ។ ជាមួយនេះ សម្តេចតេជោ ហ៊ុនសែន បានសុំឱ្យពង្រឹងសហគមន៍នេសាទ ហើយឱ្យសហគមន៍នេះ ត្រូវបំរើផលប្រយោជន៍ពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ក៏ត្រូវចូលរួមឱ្យបានសកម្ម ក្នុងកិច្ចការនេះផងដែរ។ ដោយយោងទៅលើរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា ប្រជាជនខ្មែរជាប្រជាជនលេខ១ នៅលើពិភពលោក ដែលទទួលទានត្រី ក្នុងមួយឆ្នាំៗប្រមាណ៥២គីឡូក្រាមសម្រាប់មនុស្សម្នាក់ៗ។

យ៉ាងណាក៍ដោយ នៅក្នុងទិវាមច្ឆាជាតិ១កក្កដានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវជាថ្មីម្ដងទៀត នូវសំណូមពរ៧ចំណុច ដែលសម្ដេចធ្លាប់បានលើកឡើង ក្នុងទិវាមច្ឆជាតិកន្លងទៅ ក្នុងនោះ ទី១ ‑សម្ដេច អំពាវនាវ ដោយទទូច ចំពោះប្រជាពលរដ្ឋ កុំប្រើឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ជាពិសេសឧបករណ៍ឆក់ត្រី ដែលនាំទៅដល់ការបំផ្លាញពូជមច្ឆជាតិ ចំណុចទី២‑ សុំកុំចាប់ត្រី ក្នុងរដូវហាមឃាត់ គឺក្នុងរដូវត្រីពង ទី៣ ‑កុំកាប់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូននិងត្រូវចូលរួមដាំព្រៃលិចទឹកឡើងវិញ ទាំងនៅតំបន់ទឹកសាប និងតំបន់ទឹកប្រៃ ទី៤‑ សូមជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្ដល់ពត៌មាន អំពីជនខិលខូច ឬមន្ត្រីខិលខូច ដែលចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស ទី៥ ‑ កុំយកបឹងព្រែក ប្រើប្រាស់ខុសគោលដៅនេសាទ ដូចជាយកទៅ ដាំឈូក និងចាក់ដីលុប ឬសាងសង់ជាដើម‑ ទី៦ កុំឲ្យមានទំនាស់ រវាងប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ រវាងជាពលរដ្ឋ អ្នកនេសាទនិងអ្នកនេសាទ ដែលមកពីទីកន្លែងដទៃ និងទី៧‑ សូមចូលរួមឱ្យសកម្មក្នុងទិវាមច្ឆជាតិ១កក្កដា និងជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម រក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ។

ដើម្បីសម្រេចបានជោគជ័យ នូវសំណូមពរ ៧ចំណុចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិ មានថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានគ្រប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ ទទួលខុសត្រូវនិងចូលរួមដឹកនាំ មើលឱ្យឃើញបញ្ហា ដើម្បីដោះស្រាយ។ សម្ដេចលើកឡើងថា កិច្ចការនេះមិនអាចធ្វើតែរដ្ឋបាលជលផលទេ ត្រូវតែមានការចូលរួម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួម ពីប្រជាពលរដ្ឋ។ ជាងនេះទៀត សម្តេចតេជោ ក៏បានផ្ដល់អនុសាសន៍ ឱ្យរដ្ឋបាលជលផល បន្តការផ្គត់ផ្គង់កូនត្រី សម្រាប់ការលែងក្នុងបឹងបួ ធម្មជាតិ និងសម្រាប់ប្រជាពលរដ្ឋចិញ្ចឹម ឱ្យបានកាន់តែច្រើនថែមទៀត ហើយសម្ដេចសង្ឃឹមថា ទិវាមច្ឆជាតិនេះ នឹងក្លាយទៅជាទិវា ដែលនៅទូទាំងប្រទេស បន្តសកម្មភាពចូលរួមចលនាព្រលែងកូនត្រី, ចិញ្ចឹមត្រី និងការពារត្រី នៅក្នុងរដូវត្រីពង៕ 

No comments:

Post a Comment