នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជនក្រុម១៩៧
បានដឹកនាំគណៈប្រតិភូនៃចលនាយុវជនក្រុម១៩៧
ដែលមានការចូលពីក្រុមចលនាយុវជនក្រុម១៥៧ខេត្តកោះកុង និងខេត្តព្រះសីហនុ ចុះសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាង១០០០នាក់
ព្រមទាំងផ្តល់នូវអំណោយយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
ឯកឧត្តម ម៉ឹង ពន្លក បានមានប្រសាសន៍ថា កន្លងមកមិនខ្វះទេអ្នកដែលមកដល់តំបន់នេះ
ហើយបានសន្យាធ្វើនេះធ្វើនោះជូនប្រជាពលរដ្ឋ
ប៉ុន្តែការពិតគេមិនបានធ្វើអ្វីដូចដែលពួកគេបានសន្យានោះទេ
ឬអាចនិយាយថា គេសន្យាខ្យល់។ ជាក់ស្តែងក្នុងពេលថ្មីៗនេះកញ្ញា ធី
សុវណ្ណថា សកម្មជនក្រុមប្រឆាំង បានចុះទៅតំបន់នេះហើយបានសន្យាជាច្រើន
ចុងបញ្ចប់សង់បានតែបង្គន់រខេករខាកមួយ
ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះខកចិត្តយ៉ាងខ្លាំង។
ឯកឧត្តម ម៉ឹង ពន្លក បានបញ្ជាក់ថា ចំពោះក្រុមចលនាយុវជនក្រុម១៥៧
គឺមិនសន្យានោះទេ ប៉ុន្តែបើយើងថាធ្វើគឺត្រូវតែធ្វើជូនប្រជាពលរដ្ឋតាមលទ្ធភាព
ដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នោះ។
នៅពេលនោះផងដែរឯកឧត្តមបានមានប្រសាសន៍ថា នឹងធ្វើឲ្យរូចរាល់នូវសាលារៀនចំនួន៤ខ្នង
ធ្វើអំពីថ្មដើម្បីជូនកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រ និងមិនឲ្យមានការលំបាកបន្តទៀតនោះទេ
ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន
បាននិងកំពុងសាងសង់សាលារៀនឲ្យបានសមរម្យនៅគ្រប់ច្រកល្ហក នៅទូទាំងប្រទេសមិនឲ្យខ្វះនោះឡើយ។
ដោយមើលឃើញភាពខ្វះខាត គួបផ្សំជាមួយនឹងសំណូមពរយ៉ាងខ្លាំងពីសំណាក់លោកគ្រូអ្នកគ្រូ
ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រុមការងារចលនាយុវជនក្រុម១៥៧ បានផ្តល់អំណោយ ផ្ទាំងសូឡាចំនួន២គ្រឿង
កុំព្យូទ័រលេបថបចំនួន២គ្រឿង និងម៉ាស៊ីនព្រីនខ្នាតតូចចំនួន២គ្រឿង
ជូនដល់អនុវិទ្យាល័យ និងសាលាបឋមសិក្សាថ្មដូនពៅ។ បានផ្តល់អំណោយ ម៉ាស៊ីនបូមទឹកចំនួន១គ្រឿង ខ្សែភ្លើង២ដុំ
អំពូលភ្លើង២០អំពូល និងបង្គន់ចំនួន១ខ្នង ប្រាំបន្ទប់ដល់វត្តសុវណ្ណឧទ្យាន។
បានផ្តល់អំណោយ គោយន្តចំនួន២គ្រឿង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងមុខរបរកសិកម្ម
និងកង់ចំនួន៤គ្រឿងដល់ក្រុមប្រជាការពារ។ ចំណែកសាលាឃុំចំនួន៣
រួមមានឃុំដូនពៅ, ឃុំជំនាប់ និងឃុំប្រឡាយក៏ទទួលបានអំណោយជាផ្ទាំងសូឡាចំនួន១ក្នុងមួយឃុំផងដែរ
។
ជាងនេះទៅទៀត ក្រុមយុវជនក្រុម១៥៧
បានពាំនាំនូវអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ មកចែកជូនប្រជាពលរដ្ឋចំនួន៤៦៣គ្រួសារ
ដោយក្នុងមួយគ្រួសារទទួលបានសារុងមួយ ក្រមាមួយ ក្រណាត់មួយដុំ
ថ្នាំពេទ្យមួយប្រអប់ រួមទាំងថវិការ ២ម៉ឺនរៀល។
មិនត្រឹមតែប៉ុណ្ណោះ
ក្រុមគ្រូពេទ្យស្ម័គចិត្តក្រុម១៥៧ បានពិនិត្យ ព្យាបាល និងបានចែកថ្នាំដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។
ក្រុមចលនាយុវជនក្រុម១៥៧ បានអះអាងចំពោះមុខប្រជាពលរដ្ឋដែលនៅទៅនោះថា
នឹងមកតំបន់នេះជាបន្តបន្ទាប់ទៀត
ដើម្បីជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។
ឯកឧត្តម ម៉ឹង ពន្លក បានបន្ថែមទៀតថា លោកនឹងមិនទុកឲ្យប្រជាពលរដ្ឋតំបន់អារ៉ែងរស់នៅឯកោ
និងទទួលឥទ្ធិពលបន្តទៀតពីអ្នកសន្យាហើយមិនធ្វើ ឬសន្យាខ្យល់ទៀតឡើយ៕
អត្ថបទដោយ ជា សុភក្តិ



No comments:
Post a Comment