
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវមោទនភាព ចំពោះសុខុដុមនីយកម្មខាងជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលគ្រប់សាសនា ជាតិសាសន៍រស់នៅកម្ពុជាមិនដែលមានអំពើហឹង្សា រឺក៍រើសអើងគ្នានោះទេ។ សម្តេចបានហៅភាពសុខុដុមនីយកម្មនេះ ថាបានផ្តល់សារៈ សំខាន់មិនតិចទេ ដល់ដំណើរអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
សម្តេចតេជោថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិហារធំ អាល់សារកាលភ្នំពេញ ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ដោយសម្តេចបញ្ជាក់ថា « កម្ពុជាមានប្រវត្តិល្អនៅត្រង់ថា សាសនា និងជាតិសាសន៍ដទៃជាច្រើន ដែលរស់នៅកម្ពុជា គ្មានការរើសអើងគ្នា គ្មានអំពើហឹង្សាដាក់គ្នានោះឡើយ»។ សម្តេចបានបន្ថែមថា ភាពខុសគ្នាផ្នែកសាសនា និងជាតិសាសន៍ មិនបានក្លាយជាឧបសគ្គនៃការរារាំងដល់ការអភិវឌ្ឍប្រទេសនោះទេ បញ្ហាសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យសាសនានៅកម្ពុជា អាចរស់នៅ ជាមួយគ្នា ប្រកបដោយភាពរមនា និងគ្មានការរើសអើង។ នេះជាការបញ្ជាក់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅចំពោះមុខជនជាតិឥស្លាមជាច្រើនពាន់នាក់ មកពីទូទាំងប្រទេស។
ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះ នៅគ្រាដែលសាសនាចំនួន៣ធំៗ ដែលកំពុងមានវត្តមាននៅកម្ពុជា ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម និងគ្រឹស្តសាសនា បានប្រកាន់ខ្ជាប់នូវជំនឿដោយឡែកពីគ្នា ដោយមិនដែលជួបនូវបញ្ហាអ្វីទាំងអស់។
សម្តេចតេជោបានអះអាងថា ក្នុងអណត្តិរបស់សម្តេច រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន នូវតែរក្សាគាំទ្រ និងរៀបចំឲ្យមាននូវគណៈចាងហ្វាងហាគឹមទួន អ៊ីមាំទួន និងវិហារសាសនាឥស្លាមនៅទូទាំងប្រទេស ដោយគ្មានការរារែក និងគ្មានការរំខានណាមួយដល់ពួកគេនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាតាំងពី ឆ្នាំ២០១៤ រឺ២០១៥ និងឆ្នាំបន្តបន្ទាប់ទៀត និងការចាត់តាំងរៀបចំពិធីបុណ្យស្រាយបួសថ្នាក់ជាតិ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីដោយផ្ទាល់ទៀតផង។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសំរេចឲ្យស្រ្តីឥស្លាម ប្រើប្រាស់សំលៀកបំពាក់ឥស្លាមចូលសិក្សានៅក្នុងសាលារដ្ឋ និងឯកជន ដោយគ្មានការរើសអើង ដើម្បីផ្តល់ឱកាសដល់ស្រ្តីឥស្លាម មានឱកាសចូលរៀនក្លាយជាបញ្ញាវន្ត័ ដោយពុំមានឧបសគ្គរារាំង ។ សម្តេចក៍បានសំរេចឧបត្ថម្ភ ផ្តល់ថវិកាចំនួន៥០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សំរាប់ការប្រលងសូត្រគម្ពីរកូរ៉ាន់ ក្នុងសាសនាឥស្លាមផងដែរ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម មិន ឃិន បានអះអាងថា រដ្ឋបាន ធានានូវការផ្តល់ឱកាសសេរីភាពនៃការគោរព និងការប្រតិបត្តិជំនឿ សាសនា និងរាល់សកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនាផ្សេងៗ។
គួរបញ្ជាក់ថា វិហារអាល់សារកាល កំពស់ពីរជាន់ស្មើនឹង១២ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ២៩ កក្កដា ២០១១ ដោយចំណាយថវិកាប្រមាណ២ លាន ៩សែន ដុល្លារអាមេរិក៕


No comments:
Post a Comment