នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លើលិខិតប្តូរសារ និងកំណត់ត្រាពិភាក្សាស្តីពីការផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទានសម្រាប់គម្រោងដូចខាងក្រោម ៖
I- ជំនួយឥតសំណងសម្រាប់ ៣ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ៤.២៩១ លានយ៉េន (បួនពាន់ពីររយកៅសិបមួយលានយ៉េន) មានដូចខាងក្រោម ៖
គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង មានទឹកប្រាក់ចំនួន ១.០៧៧ លានយ៉េន (មួយពាន់ចិតសិបប្រាំពីរលានយ៉េន) ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅទីក្រុងភ្នំពេញ មានទឹកប្រាក់ចំនួន ១.៧២៧ លានយ៉េន (មួយពាន់ប្រាំពីររយម្ភៃប្រាំពីរលានយ៉េន)។
ការកែសម្រួលគម្រោងសាងសង់ និងកែលម្អរោងចក្រវារីអគ្គីសនីខ្នាតតូច នៅខេត្តរតនគីរី ពីទឹកប្រាក់ចំនួន ១.២០៦ លានយ៉េន (មួយពាន់ពីររយប្រាំមួយលានយ៉េន) ទៅ ១.៤៨៧ លានយ៉េន (មួយពាន់បួនរយប៉ែតសិបប្រាំពីរលានយ៉េន)។
II- កម្ចីសម្បទានសម្រាប់ ២ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ២៣.០២៤ លានយ៉េន (ពីរម៉ឺនបីពាន់ម្ភៃបួនលានយ៉េន) មានដូចខាងក្រោម ៖
គម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គីសនីនៅរាជធានីភ្នំពេញ ជំហានទី ២ មានទឹកប្រាក់ចំនួន ៣.៨១៦ លានយ៉េន (បីពាន់ប្រាំបីរយដប់ប្រាំមួយលានយ៉េន)។
គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៥ «កំណាត់ផ្លូវពីធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ» មានទឹកប្រាក់ចំនួន ១៩.២០៨ លានយ៉េន (មួយម៉ឺនប្រាំបួនពាន់ពីររយប្រាំបីលានយ៉េន)។
ភ្នំពេញ, ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥

No comments:
Post a Comment