ដើម្បីចូលរួមលើកកម្ពស់តំលៃយុវជន
ដែលជាទំពាំងស្នងឬស្សី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្កើតនូវព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយ
ដែលជាសកម្មភាពមនុស្សធម៌មិនអាចកាត់ថ្លៃបាន តាមរយៈការកៀងគរយុវជនដើម្បីប្រមូលមូលនិធិសប្បុរសធម៌
ជួយដល់កុមារកំព្រានៅក្នុងថ្ងៃនៃក្តីស្រលាញ។
តាមរយៈបទសម្ភាសន៍ជាមួយ
នឹងបណ្តាញព័ត៌មានរាជរដ្ឋាភិបាល GNN កញ្ញា កឹម
ម៉ារីយ៉ា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងពីគោលបំណងនៃការរៃអង្គាសថវិកានៅថ្ងៃទី១២
ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ការបង្កើតមូនិធិនេះឡើង ក្រោមគំនិតផ្តួចផ្តើម ពីសំណាក់ឯកឧត្តម
ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
ដើម្បីផ្ញើរសារសំខាន់នៅថ្ងៃ ១៤ កុម្ភៈ ខាងមុខនេះ ដោយការរៃអង្គាសនេះនឹងជួយដល់បណ្តាយុវជន
គ្រប់រូបផ្លាស់ប្តូរនូវការយល់ថា ថ្ងៃនៃក្តីស្រលាញ់នេះគឺ ដើម្បីតែក្តីស្រលាញ់រវាងបុរស
និងស្ត្រី រឺក៏សង្សារជាដើម ហើយទៅប្រព្រឹតអំពើប្រាស់ចាកសីលធម៌សង្គម ប៉ុន្តែវាមិនមែនមានន័យដូច្នោះទេ។
ការបង្កើតនូវក្តីស្រលាញ់នេះ គឺមានន័យថាយើងចែករំលែកក្តីស្រលាញ់នេះ
ចំពោះឱពុកម្តាយ ចំពោះមិត្តភក្តិ ជាពិសេសគឺក្តីស្រលាញ់ចំពោះសង្គមជាតិយើងតែម្តង
ទាំងនេះគឺជាមូលហេតុដែលយើងបង្កើតមូលនិធិនេះឡើងដើម្បីជួយដល់កុមារកំព្រា ក៏ដូចជាកុមារដែលមានផ្ទុកនូវមេរោគអេដស៍។
មូលនិធិនេះត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ២០១៤កន្លងទៅ
ហើយការប្រមូលថវិកាគឺមានតែនៅតាមវិទ្យាស្ថាន រឺសាលារៀនមួយចំនួនប៉ុណ្ណោះ ដោយឡែកនៅឆ្នាំ២០១៥នេះ
គឺមានការចូលរួមផុសផុលជាងមុន ដោយបណ្តាក្រសួងស្ថាប័នផ្សេងៗក៏មានការរៃអង្គាសដើម្បីចូលក្នុងមូលនិធិនេះដែរ
ប៉ុន្តែគឺមានតែនៅក្នុងទីក្រុងភ្នំពេញទេ។
បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលថវិកានេះ
នៅថ្ងៃទី១៤ និង១៥កុម្ភៈ ឆ្នាំ២០១៥ ខាងមុខសហភាពសហព័ន្ធយុវជនកម្ពុជា
នឹងនាំយកមូលនិធិនេះទៅប្រគល់ជូនដល់មណ្ឌលកុមារ កំព្រាចំនួន៨ ក្នុងនោះរួមមាន
មណ្ឌលកុមារកំព្រា កៀនឃ្លាំង, កុលាប៤, ជ្រោយចង្វារ, CPCBO,
House of Family, គេហរង្សី និងបុរីទារក។
កញ្ញា
កឹម ម៉ារីយ៉ា បានបន្តថា ឆ្លងកាត់បទពិសោធន៍ក្នុងឆ្នាំ២០១៤កន្លងទៅ បង្ហាញថាសកម្មភាពដែល
សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើនៅឆ្នាំ២០១៥នេះ មានសន្ទុះនៃការចូលរួមរបស់យុវជន ក៏ដូចជាការជំរុញ នឹងគាំទ្ររបស់ថ្នាក់ដឹកនាំគ្រប់បណ្តាក្រសួងស្ថាប័ន
គឺមានការកើនឡើងគួរឲ្យកត់សំគាល់ ដែលបង្ហាញឲ្យឃើញថា
ការយកចិត្តទុកដាក់របស់យុវជន គឺមានភាពប្រសើរជាងមុន ហើយសកម្មភាពនេះក៏កាន់តែទូលាយជាងមុនដែរ។
ក្រៅពីធ្វើសកម្មភាពតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន ការប្រមូលមូលនិធិនេះក៏នឹងមានផងដែរនៅតាមភូមិសង្កាត់នានាក្នុងក្រុងភ្នំពេញ។
យុវជនខ្មែរមួយរូប
កញ្ញា ភួង សុវណ្ណសូនីតា ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងមូលនិធិនេះ
បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់របស់កញ្ញាថា «ដោយកញ្ញាយល់ថាកុមារកំព្រា
គឺជាអ្នកដែលត្រូវការទំនុកបំរុងជាចាំបាច់ ដូច្នេះក្នុងនាមយើងជាយុវជន
និងជាប្រជាពលរដ្ឋ គឺយើងមានកាតព្វកិច្ចជួយទំនុកបំរុងគាត់ និងផ្តល់ក្តីស្រលាញ់ដល់ពួកគាត់ព្រោះពួកគាត់ត្រូវការភាពកក់ក្តៅក្នុងគ្រួសារ»។
សូនីតា ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ក្តីស្រលាញ់ចំព្រោះគ្នានិងគ្នាមិនចាំបាច់តែនៅក្នុងថ្ងៃនៃក្តីស្រលាញ់ប៉ុណ្ណោះទេ។
កញ្ញាក៏សូមសំណូមពរដល់យុវជនខ្មែរទាំងអស់ថា ក្តីស្រលាញ់មានគឺកើតចេញពីបេះដូងពិតប៉ុន្តែសូមកុំភ្លើតភ្លើននឹងក្តីស្រលាញ់
ដោយបោកប្រាស់ក្នុងរយៈពេលតែមួយថ្ងៃ។
គួររំលឹកផងដែរថា
ការប្រារព្ធទិវានៃក្តីស្រលាញ់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេឃើញលេចឡើងក្នុងអំឡុងឆ្នាំ២០០០
ហើយជាបន្តបន្ទាប់មកយុវជនខ្មែរមួយចំនួន ត្រូវបានគេមើលឃើញថាបានភ្លើតភ្លើនក្នុងល្បែងស្នេហារោលរាលរហូតដល់
យកថ្ងៃនៃក្តីស្រលាញ់នេះធ្វើជាថ្លៃនៃការលះបង់ខ្លួនប្រាណដល់គូរសង្សារថែមទៀត។
ប៉ុន្តែឆ្លងកាត់ការអំពាវនាវ ការអប់រំ និងសកម្មភាពទប់ស្កាត់ជាបន្តបន្ទាប់
ទើបធ្វើឲ្យរយៈកាល២-៣ឆ្នាំចុងក្រោយនេះ យុវជនខ្មែរមួយចំនួនធំបានយល់ដឹងពីទិវានេះកាន់តែច្បាស់
និងបអនុវត្តខ្លួនបានកាន់តែល្អប្រសើរជាមុន៕
អត្ថបទដោយៈ
ច័ន្ទ ទេវី



No comments:
Post a Comment