Thursday, February 12, 2015

រាជ​រដ្ឋា​ភិបាល​កំពុង​ពិចារ​ណា​បញ្ចេញ​ទុន​ទិញ​ប្រេង​ស្តុក​ទុក​ដើម្បី​​ត្រៀម​​បង្ការ​ប្រេង​ឡើងថ្លៃ

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង៤៥០០នាក់ នៃសាកលវិទ្យាល័យ វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅព្រឹកថ្ងៃទី ១០ កុម្ភៈ នៅមជ្ឈមណ្ឌល សន្តិបាត និងពិព័រណ៍កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាល  កំពុងពិចារណាក្នុងការបញ្ចេញទុន ទិញប្រេង មកស្តុកទុក ដើម្បីត្រៀមបង្ការនាពេល ខាងមុខតំលៃប្រេងឡើងថ្លៃឡើងវិញ។
រាជរដ្ឋាភិបាលចង់ឲ្យប្រេង បន្តចុះថោកថែមទៀត ដើម្បីអាចធ្វើឲ្យជីវភាពរបស់ ប្រជាជន កាន់តែប្រសើរឡើង ប៉ុន្តែកម្ពុជា មិនមែនជាប្រទេសផលិតប្រេង ដូច្នោះតំលៃប្រេងឡើង រឺចុះគឺត្រូវទៅតាមតំលៃប្រេង នៅលើទីផ្សារអន្តរជាតិ ។
ការថ្លែងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅពេលនេះ ស្របពេលដែលតំលៃប្រេង នៅ គ្រប់ ស្ថានីយ៍ប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់ថ្លៃចុះជាលំដាប់ ទន្ទឹមនឹងតំលៃប្រេងសាកល នៅ ចុះ មកក្រោម៥០ដុល្លារក្នុងមួយបារ៉ែល។
កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់រដ្ឋ​​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីធ្វើការពិនិត្យលទ្ធភាពក្នុងការបញ្ចេញទុនដើម្បី​​ទិញប្រេងមកស្តុកទុកនៅ ក្នុង ដំណាក់កាលប្រេងកំពុងចុះថ្លៃ។
ទោះបីប្រេងសាំងបានបន្តចុះថ្លៃ នៅកំរិតទាបយ៉ាងណាក្តី ប៉ុន្តែសេវាដឹកជញ្ជូននៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជានៅតែឡើងថ្លៃដដែលដោយមិនចុះទៅតាម ការចុះថ្លៃប្រេងនោះទេ។  សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ម្ចាស់មធ្យោបាយធ្វើដំណើរ ក្រុមហ៊ុន ដឹក ជញ្ជូនទាំងអស់ រាប់ទាំងរថយន្តក្រុងរថយន្តឈ្នួល តាកស៊ី​​ជាដើម ល្មមចុះថ្លៃជាងនេះ ព្រោះ ប្រេងបានចុះថ្លៃទៅហើយ។ « នៅកម្ពុជា  ពេលទំនិញ រឺការដឹកជញ្ជូនឡើងថ្លៃ គេថាមក ពីប្រេងសាំងឡើងថ្លៃ តែដល់ ពេលប្រេងសាំងឡើងថ្លៃ បែរជាទំនិញ រឺការដឹកជញ្ជូន មិនចុះថ្លៃ ទៅវិញ» នេះជាការ បញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៍បានណែនាំឲ្យក្រសួងឧស្សាហកម្ម និង សិប្បកម្ម ធ្វើការសហការជាមួយនឹងសាលារាជធានីភ្នំពេញ បន្តការងារ ជាមួយរដ្ឋាករ ទឹកស្វ័យតភ្នំពេញ ដើម្បីត្រៀមធ្វើការតបណ្តាញទឹកដល់កម្មករ កម្មាការនី នៅតាមបន្ទប់ជួល នៅទូទាំងរាជធានីភ្នំពេញ ប្រមាណជិត៩ម៉ឺនបន្ទប់។ ក្រសួងនឹងលក់តំលៃទឹកជា​តំលៃថេរ​ទៅ​ឲ្យម្ចាស់ផ្ទះ ក្នុងមួយម៉ែត្រគីប តំលៃ ១០៣០ រៀល ហើយម្ចាស់លក់ឲ្យកម្មករ​ទៅតាម​បន្ទប់​ជួល​ក្នុងចន្លោះពី ១១០០ ទៅ ១២០០ ដែលម្ចាស់ផ្ទះអាចចំណេញពី ៧០រៀល ទៅ ១៧០​រៀល​​ក្នុយមួយម៉ែត្រគីប ។
ដូច្នេះ បន្ទុករបស់កម្មករ កម្មការិនី លើបញ្ហាទឹក ភ្លើងនាពេលមុនត្រូវបានកាត់​​បន្ថយច្រើន ជាមួយ​នឹងប្រាក់ខែរបស់កម្មករ កម្មារនី១២៨ដុល្លារ និងប្រាក់ដទៃទៀត នឹងអាចធ្វើឲ្យ​ជីវភាព​គាត់កាន់តែប្រសើរឡើង។
សម្តេចតេជោ ក៍បានអំពាវនាវដល់ ម្ចាស់ផ្ទះជួលទាំងអស់​មេត្តា​កុំតំឡើងថ្លៃផ្ទះ ក្នុងឱកាស​ប្រាក់បៀវត្តកម្មករកើនឡើង ជាបន្តបន្ទាប់នោះ៕

No comments:

Post a Comment