Wednesday, February 11, 2015

បទអត្ថា​ធិប្បាយ ដោយ៖​ រត្ន័ សណ្ដាប់, ការ​ធ្វើ​ប្រតិកម្ម​​របស់​ក្រុម​ប្រឆំាង​​ប្រៀប​បាន​នឹង​ការ​លើក​«ទង់ស»?

បន្ទាប់​ពី​គណបក្សប្រជាជន​កម្ពុជា​ បានធ្វើ​សមាជ​របស់​ខ្លួនក្នុង​រយៈ​ពេល​៥ឆ្នាំ​ម្ដង​ ដែល​បាន​ប្រព្រឹត្ដិទៅ​កាល​ពី​ថ្ងៃទី៣០-៣១ ​ ខែមករា ដល់​ថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​ មាន​​សាធារណៈមតិមួយ​ចំនួន រំជើប​រំជួល​ក្នុង​ផ្នត់​គំនិត​យ៉ាង​ខ្លាំង​ ​​​ជាពិសេស​មជ្ឈដ្ឋានក្រុម​ប្រឆំាង​​ ក្នុងនោះ​មាន​ អង្គការ​ក្រៅរដ្ឋាភិបាលមួយ​ចំនួន​​ ប្រ​ព័ន្ធ​បណ្តាញ​សារព័ត៌មាននានា គណបក្ស តូចតាច​ ក្រុមដែល​​មាន​បំណង​បង្កើត​គណបក្សនយោបាយ​នា​ពេលខាងមុខ​ ជាពិសេស​ទៅ​ទៀត​គឺគណបក្ស​ប្រឆំាង​តែម្ដង​ បាន​ធ្វើ​ការ​រិះគន់​មក​លើ​សេចក្ដី​សម្រេច​របស់​សមាជ​​គណបក្ស​ប្រជា​ជន​ កម្ពុជា​ ក្នុងនោះគឺបាន​បង្កើន​សមាជិក​គណៈកម្មាធិការ​មជ្ឈឹម​បក្សថែម​សមាជិក​ថ្មី​៣០៦ ​រូប​ ហើយក្នុង​ចំណោម​នោះមាន​ជាង​៥០រូប​ជាយុវជន​ និង​ជាង​៨០​រូប​​ទៀត​ជាមន្តី្រ នគរបាល និ​ងជា​​មន្ត្រីយោ​ធា។​
គណបក្សប្រឆំាង ក៏ដូច​ជាក្រុម​ដែល​មាន​និន្នាការ​ប្រឆំាង​​​ បាន​ចោទ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ដោយ​ត្រង់ៗថា​​​ ទី១​ ហេតុ​អ្វី​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ជ្រើស​រើសសមាជិក​​ឲ្យមាន​តម្លាភាព​ ក្នុងជួរ​ក្រុម​យុវជន​ ​ដែល​​ត្រូវ​ចាត់តាំង​ចូល​ក្នុង​រចនា​សម្ព័ន្ធ​កំពូល​របស់​គណបក្ស​ ​​គឺ​ជ្រើសរើស​តែ​កូន​ ក្មួយ និងសាច់ញាត្ដិរបស់​ខ្លួន​ឯង​។ ហេតុ​អ្វី​មិន​ប្រកាស​ជ្រើ​សរើសយុវជន​ឯ​ទៀតៗ​​ជាសមាជិក​បក្ស​ ។​ ​ទី២ ហេតុអី្វ​ ក៏ធ្វើ​ការជ្រើស​រើសមន្រ្ដី​នគរបាល​ នឹងមន្រ្ដីយោធា​ ពិ​សេស​​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​​នឹងការ​វាយ​ប្រហារ​បង្រ្កាប​ បំបិទមាត់​​ពួក​បាតុករ ​ដែល​បានងើប​ទ្បើង​ទាម​ទារ​សិទ្ធិ​របស់ពួក​គេ។​
ពាក្យ​ពេជន៍​បែប​វោហាសាស្រ្ដ​ ដែល​បាន​លើក​​ទ្បើ​ង​ទំាងអម្បាលមាណនេះ​ បើ​និយាយ​​ពី​មនុស្ស​សាមញ្ញ​ ឬ​អ្នកនយោ​បាយ​​​ត្រចៀក​ស ដែល​ពុំ​បាន​ពិចារណា​ជ្រៅ​ជ្រះ​​អំពីរចនា​សម្ព័ន្ធ​ នឹង​ដំណើរ​ការ​ប្រព្រឹត្ដិទៅ​របស់​គណបក្ស​នយោ​បាយ​នីមួយ​ៗ​​ មើល​ទៅ​វា​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ណាស់​។ ​ដោយ​ទ្បែកតែ​​ចំពោះ​អ្នក​វិ​ភាគ​ខាង​វិ​ទ្យាសាស្រ្ដ​នយោ​បាយ​ ខាង​ការ​ដឹក​នំា​ស្រុក​ទេស​ បែប​​លទ្ធិ​ប្រ​ជាធិបតេយ្យ​ ការបង្កើត​ និង​ដំណើរ​ការ​ប្រ​ព្រឹត្ដិ​ទៅ​នៃ​គណបក្ស​នយោ​បាយ​​ គឺ​គេ​យល់ថា​ ជារឿង​គ្មាន​អ្វី​គួរ​ឲ្យស្លន់ស្លោរអ្វីទ្បើយ។​
មុន​នឹងយើង​​ធ្វើការ​បកស្រាយ​អំពី​ចំណុច​ចោទ​ប្រកាន់​ទំាង​នេះ​ យើង​សូម​ទាញ​អារម្មណ៍​ មិត្ដ​អ្នក​អានឲ្យ​ងាក​ទៅមើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ចាប់​​ពី​ឆ្នាំ​១៩៩១  ជាមុន ​សិន ​គឺ​ពេល​​​ដែល​​ប្រ​ទេស​មហា​អំណាច​ទំាង​៥ សហគមអន្ដរ​ជាតិ​នៃ​ប្រ​ទេស​​មួយ​ចំ​នួន ​ព្រមទំាង​អង្គការ​សហប្រ​ជា​ជាតិ​ បាន​ជួយ​ជ្រោម​​ជ្រែម​ប្រ​ទេស​កម្ពុជា​ឲ្យ​ឆ្លង​ផុត​ពីវិបត្ដិ​សង្គ្រាម​ រហូត​មាន​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​១៩៩១​។​ ​គោល​ដៅ​នៃកិច្ច​ព្រម​ព្រៀងនេះ ​គឺ​​មាន​បំណង​​ចង់​ឲ្យ​ប្រ​​ទេស​កម្ពុជា​​ រួច​ផុត​ពី​សង្គ្រាម​ក្នុងស្រុក ​ដើម្បី​ទទួល​បាន​នូវ​សន្ដិ​ភាព​​បរិបូណ៍​ តាមរយៈ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​​ការរៀបចំ​រចនា​សម្ព័ន្ធ​គ្រប់​គ្រងប្រ​ទេស​​បែប​ប្រ​ជាធិ​បតេយ្យ​សេរី ​​ពហុបក្ស។​
ក្នុង ​ន័យ​នេះ​ ​សហគម​អន្ដរ​ជាតិ​នា​ពេល​នោះ​ បាន​លើក​កំពស់​គណបក្ស​នយោ​បាយ​ដែល​ស្ថិ​ត​ក្នុង​ជម្លោះ​ពីអតីតកាល​ និង​គណបក្ស​នយោ​បាយ​នានាផ្សេង​ទៀត ​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​សកល​នា ​ឆ្នាំ​១៩៩៣។​​​
ចំណុច ​ចាប់ផ្ដើម​ទំាង​នេះ​​ ប្រៀប​បាន​​នឹ​ង​ការ​បណ្ដុះ​ពូជ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ឲ្យ​ចាប់ផ្ដើម​មាន​ ជីវិត​​ និង​រីក​ស្កុះ​ស្កាយ​ ដែល​រហូត​ដល់បច្ចុប្បន្ន​​​មាន​រយៈ​ពេល​ជាង​២០ឆ្នាំ​ ​ហើយ។​
ឆ្លង​កាត់​វិបត្ដិ​នយោ​បាយ​អស់រយៈ​ពេលដ៏យូរលង់​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​មាន​លទ្ធិ​ប្រជាធិ​បតេយ្យ​ចាក់គ្រឹះ​គួរជាទីមោទនៈ​ ​ មាន​សេរី​ភាព​ផ្នែកនយោបាយ​យ៉ាងលើសលប់​ ​បើ​ប្រៀប​ធៀប​ប្រ​ទេស​នានា​ក្នុង​ទ្វីប​អាស៊ី​។​ ទន្ទឹងនឹ​ងនេះ​ ​គណបក្ស​នយោ​បាយ​ជា​ច្រើន​បាន​រីក​ដុះ​ដាល​ដូច​ផ្សិត​ តែ​គណបក្ស​ដែល​នៅ​រស់រាន​មាន​ជីវិត​ដល់​បច្ចុប្បន្ន​ពុំ​​​មាន​កម្លាំង​ធំ​ដុំ​ប៉ុន្មានទេ គឺ​​មាន​តែ​គណបក្សប្រ​ជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ ដែលមាន​អាសនៈ​ក្នុង​សភា។
ក្នុងន័យ ​នេះ  ​ ​យើងសូម​រំឭក​ផងដែរថា​ នៅ​ប្រ​ទេស​លទ្ធិ​ប្រ​ជាធិ​បតេយ្យ​ ក្នុង​ពិភព​លោក​គណបក្សនីមួយៗ​ណា​ក៏​ដោយ​ គេ​មិន​ដែល​ជ្រៀក​ជ្រែក​ទៅ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ លក្ខន្ដិកៈ​ការដឹក​នំា​ ​ របស់​គណ​បក្ស​នយោ​បាយ​ណា​មួយ​ទ្បើយ​។​​​ ​ព្រោះថា គណបក្ស​នយោ​បាយ​នីមួយៗ​ តែង​មាន​បុព្វ​ហេតុ​ប្រកួត​ប្រជែង​យក​ឈ្នះ​ តែង​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ឲ្យគណ​បក្ស​របស់​​ខ្លួន​​​ឈ្នះ​គណ​បក្ស​ដែល​ខ្លួន​ ប្រ​កួត​ប្រ​ជែង​នា​ពេល​បោះ​ឆ្នោត​ម្ដង​ៗ។
ជា​ប្រក្សត្យណាស់​ សេច​ក្ដី​សម្រេច​របស់​គណ​បក្ស​ប្រជាជន​​​ ក្នុង​ឱកាស​សមាជ​កន្លង​មក​នេះ​ បាន​បង្ហាញ​យ៉ាងច្បាស់​នូវ​​មហិច្ឆតា​របស់​ខ្លួន​ នូវ​យុទ្ធសាស្រ្ដ​របស់​ខ្លួន​ ​ និង​យុ​ទ្ធ​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​គូបក្ខ​ដិបក្ខ​ នាពេល​បោះ​ឆ្នោត​ខាង​មុខ​។ គឺមិនខុស​ពីមហិច្ឆតា​នៃគណបក្ស​នយោ​បាយ​លើសកលលោកនោះទេ។​​
ដូ​ចេ្នះ​ ការ​រៀប​ចំ​បន្ថែម​សមាជិក​នៅ​ក្នុង​គណៈមជ្ឈឹម​បក្ស​ ពុំ​​មែន​ជា​រឿង​ថ្មីនោះ​​ទេ​ ហើ​យ​ជា​រឿង​ដែល​អ្នក​នយោ​បាយ​គ្រប់​ប្រ​ទេស​មិន​ត្រូវ​បាន​ភ្ញាក់ផ្អើលនោះ​​ទ្បើយ ព្រោះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​នី​មួយៗ។​ យើ​ង​គិត​ថា​ ចំ​ពោះ​អ្នក​ភ្ញាក់​ផ្អើល​នោះ​ គឺ​កំពុង «​លើ​ក​ទង់​ស» ​ឯ​ណោះ​ទៅ​វិញ​ទេ។​
ក្នុង ​បរិការ​នេះ​ យើង​សូម​សួរ​ក្រុម​ប្រឆាំងថា ក្នុង​បរិបទ​ដែល​​គេ​ធ្វើ​ការ​រៀប​ចំ​កែ​ ទម្រង់​ក្នុង​​​ន័​យ​​ពង្រឹង​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ តើ​គេ​ត្រូវ​ការ​ ជ្រើស​រើស​អ្នក​ដទៃ​ អ្នក​ដែល​មិន​ទុក​ចិត្ដ​មកចូល​​រួម​ប្រយុទ្ធ​ស្លាប់​ រស់ ​មកឲ្យ​នៅក្នុង​រចនា​សម្ព័ន្ធ​កំពូល​របស់​បក្ស​គេ​ឬយ៉ាងណា?​ តើ​គេ​ត្រូវ​ការ​ប្រកាស​​អំពាវ​នាវ​ជ្រើស​រើ​ស​យុវជន​ បញ្ញាវន្ដ​តាមបែប​តម្លាភាព ​​តាមអ្វី​ដែល​ក្រុម​ប្រឆំាង​បាន​លើក​ទ្បើង​ ឬយ៉ាងណា​​ ដើម្បី​បញ្ចូល​ទោះ​ក្នុង​គណៈ​កម្មាធិការ​កណ្ដាល​ឬ​យ៉ាង​ណា​?​ ឬ​ក៏​សមាជ​របស់​គណ​បក្ស​ត្រូវ​សម្រេច​ជ្រើស​រើស​តួ​អង្គ​ ដែលជា​​យុវជន ដែល​ មាន​សមត្ថ​ភាព​ ហើយ​ដែល​មាន​សាច់​ឈាម​ ឬអ្នក​ដែល​គេ​ទុក​ចិត្ត ចេញ​ពី​ខ្សែ​អ្នក​ដឹកនាំ​ របស់​គណ​បក្ស​ យក​មក​ធ្វើ​ជា​ជន្ទល់​ ជា​សសរ​ទ្រូង​របស់​ពួក​គេ​ ​ដែល​ឲ្យ​ឈ្មោះ​ថា «​ទំពាំង​ស្នង​ឫស្សី​» ឬយ៉ាង​ណា?​
រឿង ​ចុង​ក្រោយ​ គឺ​ការ​ជ្រើស​តំាង​មន្រ្ដី​នគរបាល​​​ និងមន្រ្ដី​យោធាចូល​ក្នុង​គណៈ​មជ្ឈឹម​ក៏​មិន​ខុស​នឹ​ង​អ្វី​ដែល​យើង​បាន​ ពិចារណា​ពីខាងលើ​រួច​មកហើយនោះ​ទេ​។​ ព្រោះ​ថា​ នៅ​ប្រ​ទេស​ណា​ក៏​ដោយ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​​​​ គឺ​គណបក្ស​ដែល​ត្រូវ​បង្កើត​រដ្ឋាភិ​បាល​ ហើយ​​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​ត្រូវ​មាន​ក្រៅ​ស្ថាប័ន​ទំាង​ អម្បាលមាណក្នុងគណៈរដ្ឋមន្រ្ដី​ រី​ឯ​​ស្ថាប័ន​ការពារ​ជាតិ​ និង​រក្សា​សន្ដិ​សុខ​ជាតិ​ គឺជាការចំាបាច់មួយ​។​
​កាល​ណា​​គេ​និយាយ​​ពី​កម្លាំង​នគរ​បាល​ និងកម្លំាង​​យោធា​ ខណៈ​ដែល​មាន​បញ្ហា​សង្គម​​ផ្ទុះ​ទ្បើង​​ ដូច​បាតុកម្ម​ដែល​ឈាន​ដល់​កុបកម្មនោះ​ គឺ​​កម្លាំង​រួម​ទំាងពីរប្រភេទ​នេះ ត្រូវបាន​ទប់​ទល់​  ​នឹ​ង​កម្លាំ​ង​ ដែល​ផ្ទុះ​សន្ធោសន្ធៅ​របស់​ពួកបាតុករ​ ​ ព្រោះ​តែ​ពេល​ឈាន​ដល់​ដំណាក់​កាល​«កុប​កម្ម​ គឺ​ត្រូវ​មាន​ការ​ប្រើ​ប្រាស់​​អាវុធខាង​តែ​មិន​បាន ដើម្បី​ទប់​ស្កាត់នូវ​ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​ និង​​ ​ឯក​ជន​។ល។
ឧទាហរណ៍​ជាក់ស្ដែងថ្មី​ៗនេះ​ ​នៅទីក្រុង​ Ferguson ​សហរដ្ឋអាមេរិក អាជ្ញាធរ​រដ្ឋ​ Missouri បានប្រើប្រាស់ ​កម្លំាង​នគរ​បាលផង​ និង​​កម្លំាង​យោ​ធា​ផង​ រហូត​ដល់មាន​ប្រើ​រថក្រោះ​ទៅ​ទៀត ដើម្បី​បង្រ្តាបហ្វូង​បា​តុ​ករ។​ ដូច​នេះ​ការ​សម្រេច​ចិត្ដ​របស់​សមាជ​នៃ​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ ជ្រើសរើស ​មន្រ្ដី​ជាន់ខ្ពស់​នគរបាល​ និង​យោធា​ មិន​ត្រូវ​​ជា​រឿង​ភ្ញាក់​ផ្អើ​ល​នោះ​ទេ​។​ ព្រោះ​ថា​ ក្នុង​ឋានៈជាគណបក្ស​ឈ្នះ​ឆ្នោត​ ដែលត្រូវ​ដឹកនាំរដ្ឋាភិបាល ​គណបក្ស​នេះ​ត្រូវ​មាន​ជំហរ​មុត​មំា​ណាស់ ទទួល​ ខុសត្រូវ​ខ្ពស់ ​​ដើម្បី​ធា​នា​បាន​នូវ​ការ​រក្សា​សណ្ដាប់​ធ្នាប់​សង្គម ក៏ដូច​ជា​ការការពារ​ប្រ​ទេស​ជាតិ​ផង​ដែរ​។​ ​
ជា ​សរុប​​ ចំពោះក្រុម​អ្នក​ដែលយើង​បាន​រៀប​រាប់​ខាង​លើ​ មិន​គួរ​លើក​ទង់ស​​បង្ហាញ​នូវ​ភាព​ភ័យ​ស្លន់ស្លោរ​របស់​ខ្លួន​នោះ​ទេ​ ​។ គណបក្ស​ប្រឆំាង​មិន​ត្រូវឆាប់​​លើ​ក​ទង់ស​ តែផ្ទុយ​ទោះ​វិញ ​ត្រូវ​ខិត​ខំ​រិះ​រក​មធ្យោបាយ​យ៉ាងណា​ដើម្បី​ពង្រឹង​រចនា​ សម្ព័ន្ធ​របស់​ខ្លួន​ យុទ្ធសាស្រ្ដរបស់ខ្លួន​ និង​យុទ្ធ​វិធី​របស់​ខ្លួន​ទៅ​វិញ​ទេ​ នោះ​ទើប​ហៅថា «ជាការ​ប្រពៃ»!​​​​​

No comments:

Post a Comment