Wednesday, February 11, 2015

សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន ​និង​​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត អញ្ជើញ​​ជា​​អធិ​បតី​​ក្នុង​​ពិធី​​ប្រារព្ធ​​រាត្រី​​សមោសរ​​និទាឃ​រដូវ​​ កម្ពុជា-ចិន​

សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ជាអធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​កម្មវិធី​រាត្រី​សមោសរ​ និទាឃរដូវ កម្ពុជា-ចិន ដែល​រៀបចំ​ឡើងក្រោម​កិច្ច​សហ​ការ​រវាង​ក្រសួង​ព័ត៌មាន និង​ទូរទស្សន៍​ខេត្ត​យូណាន នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន នា​រាត្រី​ថ្ងៃ​អង្គារ៍ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នា​មជ្ឈមណ្ឌល​កោះពេជ្រ។
ឯកឧត្តម Zhao Jin រដ្ឋមន្រ្តី​ផ្នែក​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​បក្សកុម្មុយ​នីស្ត​ចិន ខេត្ត​យូ​ណាន និង​លោក​ជំទាវ Bu Jinguo ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា ក៏មាន​វត្ត​មាន​ជាអធិបតី​នៅ​ក្នុង​ពិធីបើក​រាត្រី​សមោសរ​នោះ​ផងដែរ​។
នៅ​ពេល​ថ្លែង​បើក​កម្មវិធី​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាត្រី​សមោសរ​និទាឃរដូវ​នៃ​ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​រៀបចំ ឡើង​ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ទូរទស្សន៍​ខេត្ត​យូណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឆ្នាំ​២០១៥ នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ​កាន់​តែ​រឹត​ចំណង​សាមគ្គីភាព និង​មិត្តភាព​កាន់​តែរឹងមាំ​ដូច​មាស និង​យូរ​អង្វែង។
ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា ក្នុង​នាម​ក្រសួង​ព័ត៌មាន ខ្ញុំ​មានកិត្តិយស​ដ៏ឧត្តុង្គឧត្តម និង​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានកិត្តិយស​ក្នុង​ការ​ទទួល​រៀបចំ​រាត្រី​ សមោសរ​និទាឃរដូវ​នៃទំនាក់ទំនង​កម្ពុជា-ចិន ដែល​ពុំធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏ចាត់ទុក​ជា​មហោស្រព​ខ្នាត​ធំ​ជាប្រវត្តិសាស្រ្ត​របស់​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​យើង។
ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បានថ្លែង​កោតសរសើរ​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទូរទស្សន៍​ខេត្ត​យូណាន ដែល​បានខិតខំ​ប្រឹង​ប្រែង​សហការ​គ្នា​បង្កើត​នូវម​ហោ​ស្រព​រាត្រី​សមោសរ​នេះ ​ឡើង​ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​វប្បធម៌​ដ៏ផូរផង់​រវាង​ប្រជាជាតិ​ទាំង​ពីរ ជា​ពិសេស​ពង្រឹង និង​ពង្រីក​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា-ចិន តាមរយៈ​សិល្បៈ​ក៏​ដូចជា​ការ​ចូលរួមអប​អរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ ណីចិន ឆ្នាំ​មមែ ដែល​ជាឆ្នាំ​មាស ដែលនឹង​ខិត​មក​ជិត​ខាង​មុខ​នេះ។
ឯកឧត្តមរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា មហោស្រព​រាត្រី​សមោសរ និទាឃរដូវនៃ​ទំនាក់ទំនង​កម្ពុជា-ចិន​នេះ គឺ​កើត​ចេញ​ជាផ្លែផ្កា​ឡើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​រវាង​អគ្គនា​យកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន​ជាមួយ​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​ខេត្ត​យូណាន​ក្នុង​កិច្ចសហ​ប្រតិបត្តិការ លើ​ដំណើរការ​ទូរទស្សន៍​ឌីជីថល DTMB ដែល​កិច្ច​សហការ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១១ រហូត ដល់​ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​ជាមួយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ខេត្តយូណាន លើ​កិច្ច​ព្រម​ព្រៀង​សហការ​ប្រតិបត្តិការ លើ​វិស័យ​ឌីជីថល TV តាមប្រព័ន្ធ DTMB រវាង​អគ្គនាយក​ដ្ឋានទូរ ទស្សន៍ជាតិ​កម្ពុជា និងទូរទស្សន៍​ខេត្តយូណាន នៅ​ក្នុងដំណើរ​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​ក្រសួង​ព័ត៌មាន​ទៅកាន់​ ខេត្តយូណាន។ ឯកឧត្តមរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​នេះ ភាគីទាំង​ពីរ​កម្ពុជា-ចិន បានឯកភាព​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​ខេម​បូឌាឌីជីថល ឌីវី ខូអិលធីឌី ដែល​បច្ចុប្បន្ន​ស្ថានីយ និង​អង់តែន​បាន​សាងសង់​រួច និង​កំពុង​បំពាក់​ឧបករណ៍​បរិក្ខារ​បច្ចេកទេស ហើយ​នឹងដាក់​ឱ្យដំណើរការ​សាកល្បង​នៅ​ខែ​មេសា​ខាងមុ​ខនេះ។
ឯកឧត្តម Zhao Jin រដ្ឋមន្រ្តី​ផ្នែកផ្សព្វផ្សាយ​នៃគណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ព័ត៌មាន អគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​សហការ​យ៉ាងល្អ​ជាមួយ​ទូរទស្សន៍​ខេត្ត​យូណាន ក្នុង​ការ​បង្កើត​នូវរាត្រី​សមោសរ​និទាឃ​រដូវ​នៃទំនាក់​ទំនង​កម្ពុជា-ចិន​ នេះ​ឡើង។
ឯកឧត្តម Zhao Jin បាន​ថ្លែង​ថា ប្រជាជន​យើង​ទាំង​ពីរ បានផឹកទឹក​ទន្លេមេគង្គ​តែ​មួយ និង​មាន​វប្បធម៌ ប្រពៃណី​ស្រដៀង​គ្នា ហើយ​មានទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ ដូច្នេះ​ប្រជាជន​នៃប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់​ទំនង​ដូច​គ្រួសារ​តែមួយ ដែល​ជាអ្នក​ជិតខាង​ល្អ ដៃគូល្អ និង​បងប្អូនល្អ ហើយ​តាមរយៈ​ការសម្តែង​សិល្បៈ​ក្នុង​រាត្រីនេះ នឹង​ធ្វើ​ឱ្យប្រទេស​យើង​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។
កម្មវិធីរាត្រី​សមោសរ​និទាឃរដូវ​កម្ពុជា-ចិន ចាប់​ផ្តើម​សម្តែង​ដោយ​ក្រុមសិល្បៈ​មហា​ស្រព​ខេត្ត​យូណាម បាន​ចាប់​ផ្តើម​ដោយ​ការ​ច្រៀង​ ជាមួយ​ប្រធានបទ​ឆ្នាំថ្មី បើកទ្វារ​សិរី​មង្គល ឯសិល្បករ​កម្ពុជា​ លោក ឆន សុវណ្ណ រាជ និង​កញ្ញា សុខ សីឡាលីន បានរួម​គ្នា​ច្រៀង​បទ ជយោ មិត្តភាព កម្ពុជា-ចិន ដែល​សម្តែង​ដោយ​ក្រុមសិល្បៈ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។
ក្រៅពី​ទស្សនិកជន​រាប់ពាន់​នាក់ ដែល​បាន​ទស្សនា​ដោយ​ផ្ទាល់នៅ​ក្នុងសាល​មហោ​ស្រព​កោះពេជ្រ នា​រាត្រីថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ប៉ុន្តែនៅមាន​អ្នកទស្សនារាប់​សែន​នាក់​ទៀត ដែល​បាន​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍​នូវ​ការសម្តែងរួម​គ្នាដ៏អស្ចារ្យ​របស់​ ក្រុម​សិល្បករ សិល្ប​ការិនី កម្ពុជា-ចិន នៅ​ក្នុងរាត្រី​សមោសរ​និទាឃរដូវនៃ​ទំនាក់​ទំ​នង​កម្ពុជា-ចិន ដ៏អស្ចារ្យ ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហ​ប្រតិបត្តិ​ការ​រវាង​ប្រជាជាតិ​ទាំងពីរ ដែល​បាន និងកំពុង​តែស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ដៃគូជា​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ ជ្រោយ​ស្រាប់​ទៅ​ហើយ​នោះ៕

No comments:

Post a Comment