សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានប្រកាសនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងពិធីប្រគល់សញ្ញាបត្រ
ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ៤៥០២នាក់ នៅមជ្ឈមណ្ឌលសន្និបាត
និងពិព័រណ៍កោះពេជ្រ ឲ្យដឹងថា វិស័យមីក្រូ
ហិរញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋទេ វាគឺជារបស់វិស័យឯកជន។
សម្តេចតេជោក៏បានប្រកាសឲ្យបន្តការយកចិត្តទុកដាក់តភ្លើង
និងបញ្ចុះតម្លៃទឹកជូនប្រជាពលរដ្ឋនៅតាមផ្ទះជួលផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍គូសបញ្ជាក់ថា
អ្វីដែលជារបស់រដ្ឋ គឺធនាគារអភិវឌ្ឍន៍ជនបទតែមួយគត់
ដែលធ្វើសេវាតិចតួចនៅតំបន់ខ្លះ ក៏ប៉ុន្តែជាទូទៅឥណទាន
ដែលមានតួលេខខ្លះថា ៣.៥០០លានដុល្លារសហរដ្ឋអាមេរិក តួលេខខ្លះថា ជាង
២.០០០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋដែលបានខ្ចីទៅហើយនោះ
គឺជារបស់ឯកជនទាំងអស់។
ទាក់ទងនឹងបញ្ហាប្រាក់កម្ចីដែលធនាគារឯកជន
ក៏ដូចជាអង្គការមួយចំនួនដើរតួជាស្ថាប័នមីក្រូហិរញ្ញវត្ថុផ្តល់ឲ្យ
ប្រជាពលរដ្ឋខ្ចី ដោយយកការប្រាក់ខ្ពស់
ដែលស្ទើរក្លាយទៅជាកន្លែងបញ្ចាំសម្រាប់រឹបអូសយកដីធ្លី ផ្ទះសម្បែង
ឬមធ្យោបាយរបស់កសិករ
ហើយត្រូវអ្នកនយោបាយឆ្លៀតឱកាសឃោសនាបំភ្លៃយកចំណេញនោះ
សម្តេចតេជោបានមានប្រសាសន៍ពន្យល់ថា
ព្រោះតែបញ្ហានេះហើយបានជាគេឃោសនាថា បើសិនជាគេឈ្នះឆ្នោត
គឺគេនឹងលុបចោលបំណុល។ “អត់ទេ
បំណុលនោះមិនមែនជាបំណុលរបស់ប្រជាជនជាមួយរដ្ឋទេ
គឺជាបំណុលដែលប្រជាជនជំពាក់មីក្រូហិរញ្ញវត្ថុ
ដូច្នេះខ្ញុំសូមបញ្ជាក់ឱ្យច្បាស់អំពីបញ្ហានេះឱ្យបានច្បាស់ថា
រដ្ឋមិនមែនជាម្ចាស់មីក្រូហិរញ្ញវត្ថុទេ
រដ្ឋគ្រាន់តែទទួលខុសត្រូវលើការធ្វើអន្តរាគមន៍ឱ្យមីក្រូហិរញ្ញវត្ថុ
មានការចុះការប្រាក់ និងផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ ”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើ
ប្រជាពលរដ្ឋរបស់ យើងត្រូវមើលឱ្យបានច្បាស់ថា
តើម្ចាស់មីក្រូហិរញ្ញវត្ថុដែលធ្វើឱ្យខូច
ឈ្មោះដល់មីក្រូហិរញ្ញវត្ថុដែលធ្វើសកម្មភាពត្រឹមត្រូវ
ដោយមានច្បាប់អនុញ្ញាតពីធនាគារជាតិឱ្យធ្វើសកម្មភាព។
ថ្លែងអំពាវនាវ
និងផ្តល់ជាអនុសាសន៍ដល់ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់
សុំឱ្យប្រយ័ត្នប្រយែងនឹងធ្វើការវាយតម្លៃអំពីក្រុមគ្រួសារកសិករផង
ហើយប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវចេះប្រើហិរញ្ញវត្ថុ
ដែលខ្ចីពីគេទៅនេះ
ដើម្បីឱ្យវាត្រូវទៅនឹងការបង្កើតផលិតកម្មរបស់កម្ពុជា
សម្តេចតេជោបានមានប្រសាសន៍ថា
បើយើងចង់ឱ្យប្រជាពលរដ្ឋយើងចៀសផុតពីបំណុល
ហើយក្លាយទៅជាអ្នកក្រីក្រទទួលការជំពាក់គ្មានប្រាក់សង
ត្រូវតែធ្វើការវាយតម្លៃឱ្យបានថា គាត់យកទៅណាអភិវឌ្ឍន៍អ្វី
បើយកទៅគ្រាន់តែទិញម៉ូតូជិះលេង គឺអត់មានប្រាក់សងទេ។
ឯម្ចាស់មីក្រូហិរញ្ញវត្ថុ
ដែលមានលទ្ធភាពអនុវត្តន៍ទៅបានសូមបញ្ចុះកម្រៃការប្រាក់ឱ្យកាន់តែ
ទាបទៅៗ។ សម្ដេចតេជោបានគូសបញ្ជាក់ថា
មីក្រូហិរញ្ញវត្ថុកុំធ្វើយ៉ាងណាឱ្យក្លាយទៅជាទីកន្លែងបញ្ចាំរបស់
កសិករ តាមរយៈការមិនវិភាគឃើញ នឹងវាយតម្លៃអំពីផលិតកម្មរបស់ពួកគាត់
អំពីសមត្ថភាពសងរបស់ពួកគាត់
ព្រោះធ្វើយ៉ាងដូច្នេះវាគ្រាន់តែជាវិធីកេងចំណេញ
ដែលមិនខុសពីកាលសម័យដើមគេថា វស្សាមួយកន្តាំង ប្រាំងមួយតៅ
ដែលរបៀបនេះគឺស្លាប់ហើយ។
សម្តេចតេជោក៏បានប្រកាសឲ្យដឹងពីស្ថានភាពនៃដំណើរការនៃស្ថាប័ន
មីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាថា
“ឥឡូវស្ថានភាពកំពុងកើតឡើងនៅតាមជនបទមានបីរូបភាព រូបភាពទីមួយ
គឺមីក្រូហិរញ្ញវត្ថុ ស្របច្បាប់មានអាជ្ញាប័ណ្ណត្រឹមត្រូវ រូបភាពទីពីរ
គឺរូបភាពអ្នកជ្រកក្រោមផ្លាកអង្គការក្រៅរដ្ឋាភិបាល
ឬរូបភាពផ្សេងៗទៅឱ្យប្រជាជនខ្ចី
ដោយគ្មានច្បាប់ហើយយកការប្រាក់ខ្ពស់ ឯរូបភាពទីបី គឺខ្ចីចងការគ្នា
តាមរបៀបសន្យាខ្ពស់ណាស់”។
សម្តេចតេជោមានប្រសាសន៍ថា
ជាទូទៅមីក្រូហិរញ្ញវត្ថុផ្ដល់នូវឱកាសល្អសម្រាប់ប្រជាជនរបស់យើង
ដើម្បីយកទុនទៅបង្កើតមុខរបរ បង្កើតផលិតកម្ម
ព្រោះធនាគារជាតិមិនមានលិទ្ធភាពនឹងធ្វើកិច្ចការងារនេះទេ
មានតែធនាគារឯកទេស
ដែលមានសាខាឬក៏មីក្រូហិរញ្ញវត្ថុដែលទទួលបាននូវអាជ្ញាប័ណ្ណពីធនាគារ
ជាតិ
ដើម្បីធ្វើប្រតិបត្តិការសម្រាប់ជួយឱ្យមានការរីកចម្រើនខាង
សេដ្ឋកិច្ចជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមាន
ប្រសាសន៍រំលឹកឡើងវិញផងដែរ អំពីឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គាត់ ឈន់
ឧបនាយករដ្ឋមន្ត្រីប្រចាំការស្តីពីវិធានការណ៍របស់រាជរដ្ឋាភិបាល
ក្នុងការស្រាវជ្រាវ
និងការបង្ក្រាបក្រុមមីក្រូហិរញ្ញវត្ថុដែលអត់ច្បាប់
ហើយឲ្យប្រាក់ប្រជាជនខ្ចីក្នុងរូបភាពចងការខ្ពស់នោះផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា
ថ្នាក់ដឹកនាំនៃគណបក្សក្នុងរាជរដ្ឋាភិបាល
និងគណបក្សក្រៅរដ្ឋាភិបាលបានឯកភាពរួចហើយ ក្នុងការសរសេរច្បាប់
ដែលពាក់ព័ន្ធនឹងផលប្រយោជន៍រវាងម្ចាស់ផ្ទះជួលជាមួយអ្នកជួលផ្ទះ
នោះ។
សម្ដេចតេជោមានប្រសាសន៍ថា ម្សិលមិញ
(៩កុម្ភៈ២០១៥) ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានពិភាក្សាជាមួយខ្ញុំ តាមរយៈការប្រឹក្សាពិគ្រោះយោបល់
ដោយយើងត្រូវមានច្បាប់មួយការពារទាំងសងខាង ទាំងម្ចាស់ផ្ទះ
ឬបន្ទប់ជួល និងអ្នកជួលដែលមានទាំងកម្មករ-កម្មការិនី សិស្ស
និងនិស្សិតជាដើម។
យើងបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងារសរសេរច្បាប់នេះតែម្តង
ដើម្បីការពារឱ្យមានការទទួលខុសត្រូវទាំងសងខាង។
ទាក់ទងនឹងលិខិតបទដ្ឋានគតិយុត្តិនេះ
សម្ដេចតេជោមានប្រសាសន៍ឲ្យដឹងថា
កាលពីសម័យរដ្ឋកម្ពុជាយើងមានច្បាប់មួយស្ដីពីកិច្ចសន្យា
និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ប៉ុន្តែច្បាប់នេះ
បច្ចុប្បន្នបានបញ្ចូលទៅក្នុងក្រមរដ្ឋប្បវេណីទៅហើយ
ដូច្នេះត្រូវពិនិត្យមើលក្រមរដ្ឋប្បវេណី
ហើយសរសេរចេញបង្កើតជាច្បាប់មួយ។
“ប៉ុន្តែមុនច្បាប់នេះចេញខ្ញុំសូម
អំពាវនាវចំពោះម្ចាស់ផ្ទះជួល មេត្តាកុំដំឡើងថ្លៃផ្ទះជួល
ដើម្បីឱ្យកម្មករ-កម្មការិនីរបស់យើងទទួលបានប្រាក់កម្រៃកាន់តែច្រើន
សម្រាប់ជីវភាពផ្ទាល់ខ្លួនផង និងសម្រាប់ក្រុមគ្រួសារផងដែរ
ព្រោះរាជរដ្ឋាភិបាលបានប្រឹងប្រែងណាស់
ដើម្បីអំពាវនាវឱ្យមានវិនិយោគមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស
របស់យើង។ សូមម្ចាស់ផ្ទះជួលមេត្តាកុំដំឡើងថ្លៃ
នេះជាការអំពាវនាវរបស់រាជរដ្ឋាភិបាល”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោត
សរសើរ ទៅដល់ក្រសួងឧស្សាហកម្ម អាជ្ញាធរជាតិអគ្គិសនីកម្ពុជា
និងអគ្គិសនីកម្ពុជា ដែលបានចុះតភ្ជាប់កុងទ័រ សម្រាប់កម្មករ
ស្នាក់នៅឲ្យទទួល ថ្លៃអគ្គិសនីពិតប្រាកដចំនួន ១គីឡូវ៉ាត់ម៉ោង៦១០រៀល
និងបានណែនាំឲ្យដំណើរការបន្តទៀត។
សម្តេចតេជោបានមានប្រសាសន៍បញ្ចាក់ថា «យើងត្រូវបន្តកិច្ចការងារនេះ
បន្តទៀតដើម្បីឲ្យកម្មករ ដែលជួលផ្ទះស្នាក់
ឲ្យទទួលបានតម្លៃពីរដ្ឋយ៉ាងពិតប្រាកដ»។
សម្តេចតេជោក៏បានអរគុណដល់ម្ចាស់ផ្ទះ
ជួលទាំងអស់ ដែលអ្នកខ្លះបានចេញថ្លៃប្រាក់កក់ទុកជាមុន
និងបានអំពាវនាវ ឲ្យម្ចាស់ផ្ទះជួលទាំងអស់ លក់តម្លៃទឹកឲ្យកម្មករ
និងនិស្សិតត្រឹមតែ ១១០០ ទៅ ១២០០រៀលបានហើយ
ដើម្បីសម្រួលដល់ជីវភាពរបស់នៅរបស់ពួកគេ។
ក្នុងនោះសម្តេចបានឲ្យក្រសួងពាក់ព័ន្ធ លក់តម្លៃទឹកជូនផ្ទះជួល
១០៣០រៀល ក្នុងមួយម៉ែត្រគូប។ សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានដាក់បទបញ្ជាផ្ទាល់មាត់ទៅកាន់អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដើម្បីធ្វើការជាមួយម្ចាស់ផ្ទះជួល ក្នុងការបញ្ចុះតម្លៃទឹក។
ដោយឡែកទាក់ទងនឹងការផ្តល់
និងផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសកម្ពុជា
ជាមួយនឹងការសម្តែងនូវការមន្ទិល
សង្ស័យអំពីភាពមិនប្រក្រតីនៃការធ្លាក់ចុះនូវតម្លៃប្រេង
នៅលើសកលលោក
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងអំពីវិធានការណ៍របស់រាជរដ្ឋាភិ
បាលក្នុងការបញ្ចេញថវិកាដើម្បីទិញប្រេងស្តុកទុកប្រើប្រាស់ក្នុង
ប្រទេស និងបង្ការភាពឡើងថ្លៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី
មានប្រសាសន៍លើកជាចម្ងល់ថា បញ្ហាតម្លៃប្រេង
សកលលោកវាដូចជាមានអាថ៌កំបាំងនៅពីខាងក្រោយ
ព្រោះនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅទីក្រុង Davos
Kloster ប្រទេសស្វីស ខ្ញុំបានស្តាប់ឮដោយផ្ទាល់
ពីប្រទេសអ្នកផលិតប្រេងមួយចំនួនថា «ខាតដើម» ។ សម្តេចតេជោថ្លែងថា
មានតែប្រទេសអារ៉ាប៊ីសាអូឌីតមួយទេ ដែលការផលិតប្រេងមានតម្លៃថោក
ប៉ុន្តែប្រទេសនានា សុទ្ធតែមានតម្លៃដើមជាង៥០ដុល្លារ ក្នុងមួយបារ៉ែល
ហើយមកលក់ ក្រោម៥០ដុល្លារក្នុងមួយបារ៉ែលទៅវិញ។ ខ្ញុំគិតថា
វាដូចជាគាប់ចួន ពេកហើយ។
គាប់ជួនក្នុងពេលទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសរុស្ស៊ី
ប្រទេសអ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា
ខ្ញុំបានផ្តល់អនុសាសន៍ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបញ្ចេញថវិកាជាតិ ដើម្បីទិញ ប្រេងឥន្ធនៈស្តុកទុក
ដើម្បីត្រៀមបង្ការទុកពេលប្រេងឡើងហើយ បញ្ចេញយកមកប្រើប្រាស់វិញ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍
ខ្ញុំបានផ្តល់អនុសាសន៍ទៅឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថា ឱ្យ
សិក្សាមើលបញ្ហាតម្លៃប្រេងសាំង ហើយអាចបញ្ចេញទុនមួយចំនួន
ទិញប្រេងមកស្តុកទុកដើម្បីយើងមានប្រេងបម្រុង និងស្បៀងបម្រុង
ពេលដែលប្រេងឡើងថ្លៃវិញ គឺយើងនៅសល់ប្រេង ហើយបើបញ្ចេញ
វិញក៏គង់តែចំណេញដែរ៕





No comments:
Post a Comment