នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នេះ គណបក្សសង្រ្គោះជាតិ
បានចេញសេចក្តីសំរេចយ៉ាងតក់ក្រហល់មួយរបស់ខ្លួន មានលក្ខណៈដូចជាផ្តាច់ការ
ដោយសំរេចបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ដែលមានតួនាទីជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ និងជាជំនួយការផ្ទាល់របស់លោក
កឹម សុខា ពីគណបក្សសង្រ្គជាតិ ហើយបន្ទាប់ពីលោកស្រី
បានទម្លាយរឿងអាស្រូវ ពាក់ព័ន្ធនិងការប្រព្រឹត្តអំពីពុករលួយ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីមានការសម្រេច បញ្ចប់សមាជិកភាពលោកស្រី ឡាក់
សុភាព ដោយគណបក្សសង្គ្រោះជាតិ ដែលមានលោក អ៊ូ ច័ន្ទឬទ្ធិ ជាប្រធានគណៈកម្មាធិការវិន័យនោះ
នៅព្រឹកមិញ នេះដែរ លោកស្រី ឡាក់ សុភាព បានធ្វើសន្និសីទកាសែតនៅមុខរដ្ឋសភា
ដើម្បីបង្ហាញពីជំហរ របស់លោកស្រីក្នុងរឿងនេះ។ លោកស្រី ឡាក់ សុភាព បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីនៅតែប្រកាន់ជំហរជាដាច់ខាតមិនដើរចេញពីគណបក្សសង្រ្គោះជាតិឡើយ
បើទោះបីជាត្រូវបានបណ្តេញចេញក៏ដោយ ព្រោះគណបក្សសង្គ្រោះជាតិ
មិនមែនជាកម្មសិទ្ឋិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់ប្រជាពលរដ្ឋខ្មែរ
ហើយលោកស្រីគឺជាបុគ្គលម្នាក់ដែលបាន តស៊ូធ្វើនយោបាយអស់ពេលជាង២០ឆ្នាំ ដើម្បីបំរើគណបក្សមួយនេះ។
លោកស្រីបានបន្តថា គ្មាននរណាទិញចិត្តគាត់ឲ្យដើរនិយាយពីការបែកបាក់ផ្ទៃក្នុង
នៅក្នុងបក្សរបស់ខ្លួន និងថាមេបក្ស បានប្រព្រឹត្តអំពើពុករលួយទេ តែអ្វីដែលលោកស្រីបាន
និងហ៊ាននិយាយនោះ គឺធ្វើឡើងក្នុងគោលបំណងកែលម្អ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសគឺអ្នកគាំទ្រដែលតែងតែផ្តល់នូវជំនួយជាបន្តបន្ទាប់មកគណបក្សសង្រ្គោះជាតិ
ដែលលោកស្រីចាត់ទុកថា ថវិកាទាំងនោះគឺជាញើសឈាមរបស់អ្នកគាំទ្រ។

នៅថ្ងៃនេះដែរ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ
គណបក្សសង្គ្រោះជាតិ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ
បានសម្រេចជាផ្លូវការហើយ ក្នុងការបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ពីគណបក្សសង្គ្រោះជាតិ។
ការបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ដោយសារតែគាត់បាននិយាយពាក់ព័ន្ធ ថ្នាក់ដឹកនាំប្រព្រឹត្តអំពើពុករលួយ
និងការបែកបាក់ផ្ទៃក្នុងគណបក្ស ដែលការលើកឡើងនេះ ត្រូវបានលោក អ៊ូ
ច័ន្ទឬទ្ធិ និយាយថាមិនមែនជាការពិត។ នេះជាហេតុផល ដែលគណបក្សសម្រេចបញ្ចប់សមាជិកភាពរបស់គាត់។
លោកបានបន្តថា ចំពោះតួនាទី ជាជំនួយការលោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា
គឺនៅមិនទាន់សម្រេចដកនៅឡើយទេ ដោយទុកឲ្យលោក កឹម សុខា ជាអ្នកសម្រេច។

ទោះជាយ៉ាងណា ការសម្រេចដោយតក់ក្រហល មិនមានការពិភាក្សា
និងពិគ្រោះយោបល់ពីសំណាក់អ្នកគាំទ្រ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាធារណៈជនមើលឃើញថា
ជាចំណាត់ការដ៏ផ្តាច់ការបំផុតរបស់ថ្នាក់ដឹកនាំគណបក្សមួយនេះ។
ដោយៈ ច័ន្ទ ទេវី
No comments:
Post a Comment