Tuesday, December 30, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពីធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​យុទ្ធ​សាស្ត្រ​លើ​វិស័យ​​ទេសចរណ៍ រវាង​ក្រសួង​ទេសច​រណ៍ និង​ក្រុមហ៊ុន​ទីភ្នាក់​ងារទេសចរណ៍​ជាតិចិន

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤
         

- ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
- ឯកឧត្តម វ៉ាង វ៉ៃមីង ប្រធានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ CITS ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន (CITS Group Corporation)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម វ៉ាង វ៉ៃមីងនិងគណៈប្រតិភូនៃក្រុមហ៊ុន CITS របស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ​ទេសចរណ៍កម្ពុជានិងចិន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS រហូត​ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាថ្ងៃនេះ។
អនុស្សរណៈយោគយល់នេះ ផ្តោតជាពិសេសលើការជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ការពង្រឹង​ការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជានៅប្រទេសចិន និងការសម្របសម្រួលរៀបចំបង្កើតសាខារបស់ក្រុមហ៊ុន CITS នៅកម្ពុជា ដែលទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិដែលទៅទស្សនាប្រទេសចិន ឱ្យមកទស្សនាកម្ពុជា ​កាន់តែច្រើនថែមទៀត។ អនុស្សរណៈយោគយល់នេះក៏មានសារសំខាន់ផងដែរ ក្នុងការជំរុញនូវលំហូរទេសចររវាង​សាធារណរដ្ឋ​ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណ​ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ វត្តមានរបស់ក្រុមហ៊ុន CITS នឹងរួមចំណែកដល់ការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីឱ្យវិស័យនេះក្លាយទៅជាវិស័យមួយកាន់តែសំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ១១៨ពាន់នាក់ប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងរហូតដល់ ៤,២លាននាក់ ក្នុងឆ្នាំ២០១៣ និងតាមការប៉ាន់ស្មាន ភ្ញៀវទេសចរមកកម្ពុជានឹងកើនឡើងរហូតដល់ ៨លាន​នាក់ ក្នុងឆ្នាំ២០២០។ កំណើនយ៉ាងឆាប់រហ័សនេះកើតមានឡើង ដោយសារកត្តាអំណោយផលជាច្រើន រួមមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានតាមរយៈគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលនយោបាយ «បើកចំហរជើងមេឃ» និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្ម។ ដោយសារកត្តាអំណោយផលទាំងនេះ និងធនធានទេសចរណ៍ដ៏សម្បូរបែបទាំងផ្នែកវប្បធម៌ និងធម្មជាតិ នៅកម្ពុជា វិស័យទេសចរណ៍នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS នឹងក្លាយជាដៃគូយុទ្ធសាស្រ្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនជាលំដាប់ ទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធដទៃទៀត ជាពិសេសគម្រោងវិនិយោគរបស់ក្រុមហ៊ុន CITS មកវិនិយោគនៅកម្ពុជា។
        មុននឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS ដែលបានសហការគ្នាជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និង​លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន សំដៅបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ បន្តសហការគ្នា ដើម្បីអភិវឌ្ឍវិស័យប្រកប​ដោយក្ដីសង្ឃឹមនេះ ឱ្យកាន់តែល្អប្រសើរឡើង​ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនថែមទៀត។
          ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។
សូមអរគុណ!

No comments:

Post a Comment