Tuesday, December 30, 2014

ទស្សនៈ គណបក្សប្រឆាំងនៅ​កម្ពុជា​ ជានិច្ចកាលត្រូវ​បាន​គេមើល​ឃើញ​ថា បាន​​ដើរចេញឆ្ងាយ​ពីគោលការណ៍នីតិរដ្ឋ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើក​សន្និសីទ​ជាតិ ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចំ​នួន​បី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ រួមមាន៖ ១‑ ច្បាប់ស្តី​ពី​លក្ខ​ន្តិកៈ​នៃចៅក្រម និងព្រះរាជាអាជ្ញា  ២‑ ច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ និង ៣‑ ច្បាប់​ស្តីពីការរៀបចំ និងការប្រ​ព្រឹត្ត​ទៅនៃឧត្តមក្រុមប្រឹក្សានៃអ​​ង្គចៅក្រម ដែលចងក្រងដោយក្រសួងយុត្តិធម៌ ​និងកិច្ច​សហ​ប្រតិបត្តិ​ការអាល្លឺម៉ង។

សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញា​ចិត្តដ៍មុតមាំរបស់​រាជរដ្ឋាភិបាល លើការបន្ត​អនុវត្តការងារកែទម្រង់ស៊ីជម្រៅរបស់ខ្លួននៅក្នុងវិស័យយុត្តិធម៌ សំដៅពង្រឹង​អភិ​បាលកិច្ចល្អ និងនីតិរដ្ឋ។ ជារួមសេចក្តីព្រាងច្បាប់នេះបានបង្កើតឲ្យមានអភិក្រមមួយច្បាស់លាស់ និង​រឹង​មាំបន្ថែមទៀត ដើម្បីធានាឯករាជ្យភាពនៃអំណាចតុលាការ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ព្រមទាំងអាចធ្វើឲ្យសាលាក្តី និងអយ្យការអមសាលាជម្រះនៅគ្រប់ជាន់ថ្នាក់ អាច​ដំណើរ​ការ​​ប្រព្រឹត្ត​ទៅបានល្អប្រសើរ ជាពិសេស ការលើកកម្ពស់លើការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និង​​ការ​បង្កើនជំនឿទុកចិត្តរបស់សាធារណៈជនមកលើការផ្តល់សេវាសាធារណៈ ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៍បានប្រកាសអំពីការរៀបចំបង្កើតឲ្យមានសាលាឧទ្ធរណ៍តំបន់ ដើម្បី​បង្ខិត​សេវាយុត្តិធម៌ ឲ្យកៀកប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ និងជៀសវាង​ការកាត់បន្ថយ​ការកកស្ទះសំណុំ​រឿង​​នៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយបង្កើនភាពឆាប់រហ័សក្នុងការជំនុំជម្រះ​ក្តីនៅតុលាការជាន់​ខ្ពស់​ប្រកប​​​ដោយភាពយុត្តិធម៌។ ព្រមជាមួយការបង្កើតឲ្យមានគោលការណ៍​វិសមិតភាព ដើម្បីធានាដល់​ការ​កាត់​ក្តី​របស់ចៅក្រមដោយមិនលម្អៀង ជាពិសេសការហាមឃាត់មិនឲ្យចៅក្រមជំនុំជម្រះ​លើរឿងក្តី​តែមួយ​ដែល​មាន​​ភាគីជាសាច់ញាតិ ឬមេធាវី ការពាររឿងក្តីនោះជាសាច់ញាតិរបស់ខ្លួនទ្បើយ។

ដោយស្របតាមការពង្រឹងគោលការណ៍នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិតេយ្យសេរី និងឆ្លើយតបទៅ​គោល​ការណ៍វិសមិតភាព នេះផងដែរ។ រាជរដ្ឋាភិបាលក៍បានស្នើរជូនបក្ស​ប្រឆាំងទាក់ទិនទៅនឹង​ការរៀបចំការ​កំណត់​សមាសភាពនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គួរកុំយកបក្ខពួកនិយម គ្រួសារនិយម ដែលជាការផ្ទុយពីគោលការណ៍ច្បាប់នេះ ហាមមិនឲ្យមានសាច់ញាតិ ឬញាតិពន្ធរបស់​មេដឹកនាំ​គណ​បក្ស​​ណាមួយ ចូលជាគណៈកម្មាធិការដែលនាំឲ្យកើតការលម្អៀង។ ដោយសារការកំណត់សមាសភាព​នេះ ទើបបក្សប្រឆាំងរារែកមិនចូលរួមបង្កើតច្បាប់ខាងលើឲ្យបានប្រត្សក្រ និងរលូនឆាប់រហ័ស ដោយ​យកលេស ការកំណត់សញ្ជាតិខ្មែរតែមួយគឺមិនសំខាន់ ពីព្រោះគណបក្ស​នេះ​យល់​ថា គោលបំណង​ចម្បង​របស់​ខ្លួន គឺចង់​បញ្ចូល​ញាតិពន្ធ និងសមាជិកក្រុមបក្សដែលមានសញ្ជាតិពីរ‑ បី ចូលទៅក្នុងគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត នេះជាចំនុចសំខាន់ ដែលគោលការណ៍បក្សប្រឆាំងមិនអាចលះបង់​សញ្ជាតិបរទេស ដើម្បីបម្រើដល់ផលប្រយោជន៍រួមជូនជាតិមាតុភូមិបាន​ឡើយ។

បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមតាក់តែង​សេចក្តី​ព្រាង​ច្បាប់​​​ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការផ្តល់យុត្តិធម៌សង្គម ដែលគេដឹងថា មកដល់​សព្វថ្ងៃនេះ​មានច្បាប់​ប្រមាណជាង៤០០ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់យ៉ាងណាក្តី ក៏គេបានសង្កេត​ឃើញថា ក្រុម​គណបក្សប្រឆាំងមិនត្រឹមតែមិនបានចូលរួមអនុម័ត និងគោរពតាមគោលការណ៍ច្បាប់ប៉ុណ្ណោះទេ មាន​ពេលខ្លះ ក្រុមបក្សប្រឆាំងបានរួមសហការជាមួយក្រុមស៊ីវិលមួយចំនួនក្នុងការបន្ទុច បង្អាក់បង្កជាឧបសគ្គ ក្នុងគោលបំណងរារាំងមិនឲ្យសេចក្តីព្រាងច្បាប់ទាំងនោះអនុម័តចូលជាធរមាន។ ដោយនៅពីក្រោយ    ចេត​នាប្រឆាំងគោលការណ៍ច្បាប់ ដែលក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង​បានសម្តែងការ​មិន​គ្រាំ​ទ្រ​នូវរាល់ការអនុម័តច្បាប់ម្តងៗ ពីព្រោះការមានច្បាប់ត្រូវបានពួកគេចាត់ទុកថា ជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព ឬក៏ជាការខ្ទាស់ជើងទៅនឹងសកម្មភាពអាណាធិបតេយ្យនានា ដែលកន្លងមក​​ក្រុមប្រឆាំង​តែងតែ​ប្រើ​សិទ្ធិ​ដ៍​ហួស​ព្រំដែន ដើម្បីសម្លាប់គោលការណ៍នីតិរដ្ឋនៅកម្ពុជា។

ម៉្យាង​វិញ​ទៀត នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុម​ប្រឆាំង​តែងតែបន្លំបោក​ប្រាស់ដល់​សាធារណៈ​មតិថា រាជរដ្ឋាភិបាលមិនអើពើលើការតាក់តែងឲ្យមានសេចក្តីព្រាងច្បាប់នេះ ច្បាប់នោះ ទៅ​តាមពួកគេចង់បានឡើយ ប៉ុន្តែ នៅពេលច្បាប់បានរដ្ឋសភា​អនុម័ត ក្រុមបក្សប្រឆាំងបែរជាលើកទ្បើងថា ហេតុអ្វីក៏ប្រញាប់ប្រញ៉ាល់ម្លេះ? ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងមិនធ្វើជាចំណាប់ខ្មាំង ឬ​ក៏ដេក​ចាំការ​ដឹក​ច្រមុះ​របស់​ក្រុម​ប្រឆាំង​នោះ​ឡើយ​។

ដោយប្រកាន់នូវទស្សនទាន « ឆ្កែចេះតែព្រុស មនុស្ស​ចេះ​តែ​ដើរ»​ បាន​ន័យ​ថា សេចក្តីព្រាង​ច្បាប់​នានា ត្រូវបានអនុម័តជាបន្តបន្ទាប់ដើម្បី​សម្រេចទិសដៅជាយុទ្ធ​សាស្រ្ត​ នៃ​កំណែ​​ទម្រ​ង់​​ដ៏ស៊ីជម្រៅនៅក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌កម្ពុជា ពិតជាត្រូវការចាំបាច់នូវ​រាល់ឯកសារគតិយុត្តិ​ជាច្រើន​ទៀត ដើម្បីបំពេញសេចក្តីត្រូវការ​នៃ​របត់នយោបាយ សេដ្ឋកិច្ច សង្គម និងសាកលភាវូបនីយ៍កម្ម នៃ​ការ​ពង្រីកទំនាក់ទំនងអន្តរជាតិ​ជាមួយ​បណ្តា​​ប្រទេសនៅក្នុងតំបន់ និងសកលលោក។

ដូចនេះ តាមរយៈការត្រៀមខ្លួនទុកជាមុនរបស់កម្ពុជា លើការពង្រឹង លើកស្ទួយការគោរពច្បាប់ គឺជា​ជំហានដ៏វិជ្ជមានដែលឆ្លើយ​តបទៅនឹងតំរូវការរបស់កម្ពុជា​ក្នុង​ពេលបច្ចុប្បន្ន​ និង​សម្រាប់​សមា​ហរណ​កម្ម​​​​អាស៊ាន​នាឆ្នាំ២០១៥ខាងមុខ និងទៅអនាគត នៅ​ក្នុង​​​គោលដៅធានាបាននូវប្រព័ន្ធយុត្តិធម៌មួយ ដែល​​អាច​​ជឿទុក​ចិត្ត​ និងមានស្ថិរភាពសម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តី​ថ្លៃថ្នូររបស់​មនុស្សជាតិ​ ព្រមទាំងការបង្កើតការជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយោគ ក្នុងបរិយាកាស​នៃ​សេដ្ឋ​កិច្ច​​ទីផ្សារសេរី ៕  


អត្ថបទ៖ លី ចិន្តា (អ្នកសិក្សាស្រាវជ្រាវគោលការណ៍នីតិរដ្ឋនៅកម្ពុជា)

No comments:

Post a Comment