(ប្រែសម្រួលពីសារព័ត៌មាន
ម៉ៈទិឆុន ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤)
លោក ភិនយ៉ូ
ភុងចារឺន អាយុ៤៩ឆ្នាំ ជាហោរាដែលមានឈ្មោះល្បីនៅថៃ បានទាយថា នៅដើមឆ្នាំ២០១៥
ឬយ៉ាងយូរបំផុតត្រឹមពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិនឹងជួបគ្រោះធំ ប្រៀបដូច «
ពោះដាច់ក្បាល និងដាច់ដងខ្លួន » ! ។
លោក ភិនយ៉ូ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ បានដើរដល់ផ្លូវបំបែកហើយ គឺចំណងមេត្រីភាពដែលធ្លាប់ផ្អែមល្អែមដូចកូនក្រមុំកម្លោះទើបនឹងរៀបការថ្មីថ្មោងនោះ
រួមរស់នៅជាមួយគ្នាគ្រាន់តែជាង១ឆ្នាំប៉ុណ្ណោះក៏ប្រះឆា។
ការមិនចុះសម្រុងគ្នាពីព្រោះតែមេបក្សទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា មានសារជាតិពុល ជាពីស
បានធ្វើឲ្យជម្ងឺចាស់ ដែលធ្លាប់តែប្រះស្រាំស្រាប់នោះ
រើងើបឡើងវិញ មកកាត់ផ្តាច់សម្ព័ន្ធភាពដ៏ផុយស្រួយរបស់គណបក្សសិទ្ធិមនុស្ស
និងគណបក្សសម រង្ស៊ី ដែលធ្លាប់ឈ្លោះគ្នាមុនរៀបការ និងសន្ធំលើរូបកាយ
ខួរក្បាលរបស់មេបក្សទាំងពី ឲ្យងងឹត
មោហ៍បាំង គឺដល់ម៉ោង ដល់ពេលវេលា ដែលមិនអាចនរណាម្នាក់មកផ្សះផ្សារបានឡើយ។
ប្រធានសមាគមហោរាសាស្ត្រថៃ លោក ភិនយ៉ូ
បានអះអាងដ៏ម៉ឺងម៉ាត់ប្រាប់អ្នកតំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិ
ដែលទៅរកពឹងរូបគាត់ឲ្យទស្សទាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤
នៅទីក្រុងបាងកក ប្រទេសថៃ តាមការណែនាំពីលោក សម រង្ស៊ី ដែលលោក សម
រង្ស៊ី ធ្លាប់ដឹងល្បីតតគ្នាថា លោក ភិយ៉ូ ជាហោរាដ៏ល្បីម្នាក់មកនោះ។
លោក ភិនយ៉ូ បានព្យាករណ៍ថា ១រយភាគរយ បក្សសង្គ្រោះជាតិនឹងរលាយ
បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជម្ងឺប្រជែងអំណាចគ្នា បក្ខពួកនិយម
វ័ណ្ឌកជាមួយលុយកាក់ និងការមិនទុកចិត្តគ្នា។
លោក ភិនយ៉ូ នៅបានឲ្យដឹងទៀតថា តាមជើងលេខ « លោក
សម រង្ស៊ី ប្រធានបក្សស្ថិតនៅចំផ្កាយព្រះគ្រោះ
ចំណែកលោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ
ងងឹតពេញបន្ទុក»។ លោកបានបន្ថែមថា ធាតុរបស់អ្នកទាំងពីរល្អតែសំបកក្រៅ
រីឯចិត្តខាងក្នុងវិញផ្សេងគ្នា ប៉ុន្តែ ដោយសារផលប្រយោជន៍នយោបាយ
ពួកគាត់ទាំងពីររូបធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នាទាំងអារម្មណ៍ភិតភ័យ
និងបន្លំភ្នែកគេឯងជាប់រហូតមក។ ហោរារូបនេះ បាននិយាយចំៗដោយឥតលាក់លៀមថា មេបក្សសង្គ្រោះជាតិ
នឹងប្រឈមមុខបាត់បង់ម្ចាស់ការ ដោយភ្លើងឆេះសន្ធោសន្ធៅចេញពីកណ្តាលទីស្នាក់ការនយោបាយបក្ស
រាលដាលពាសពេញផ្ទៃប្រទេស និងជះឥទ្ធិពលអាក្រក់នេះទៅឯក្រៅប្រទេស
នឹងមានភាពច្របូកច្របល់អាប់អួរ លាយឡំជាមួយនឹងជម្លោះប្តឹងផ្តល់ ទាស់ទែង ខ្វែងគំនិតគ្នា
បាត់បង់សេចក្តីថ្លៃថ្នូរ អស់ទំនុកចិត្តទាំងស្រុងពីសកម្មជន
អ្នកគាំទ្រ និងនៅក្នុងបក្សមានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីញី ប្រពន្ធ‑ ប្តី បែកបាក់
ស្រឡាញ់គ្នាខុសតម្រា កើតឡើងព្រោងព្រាតលើថ្នាក់ដឹកនាំកំរិតនយោបាយ ស្អុយឈ្មោះ ក្រឡាប់ចាក់ « យល់សជាខ្មៅ និងខ្មៅថាជាស» ។
ជម្លោះដ៏តានតឹងបាននាំឲ្យមានការអាក់អន់ស្រពន់ចិត្តដល់អ្នកគាំទ្រ
ផ្តាច់ជំនួយ កើតវិបត្តិកោលាហល
ធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានងើបឡើងផ្ទុះកំហឹង
បកអាក្រាតថ្នាក់ដឹកនាំ និងហ៊ាននិយាយបរិហារិះគន់ដោយឥតសំចៃមាត់។
នៅពេលអ្នកតំណាងរាស្ត្ររូបនោះបានលឺការទស្សទាយរបស់
លោក ភិនយ៉ូ គឺខ្លួនគាត់ផ្ទាល់ហាក់មានការព្រឺរោម
តក់ស្លុតក្នុងចិត្តជាខ្លាំង និងពុំហ៊ានហារមាត់និយាយតបថា
ការទាយនោះត្រូវ ឬខុសឡើយ។ ប៉ុន្តែ ព័ត៌មាននេះ
បានបែកធ្លាយខណៈរូបគាត់និយាយប្រាប់ទៅអ្នករួមដំណើរជាមួយ និងលឺបន្តដល់អ្នកសារព័ត៌មាន
ហើយដំណឹងនេះក៏បានចុះផ្សាយផងដែរនៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា លោក ភិនយ៉ូ ភុងចារឺន បច្ចុប្បន្នជាប្រធានសមាគមហោរាសាស្ត្រថៃ
កន្លងមក
លោកធ្លាប់បានទស្សទាយអំពីការប្រែប្រួលនៃស្ថានការណ៍នយោបាយក្នុងប្រទេសថៃ
ជាពិសេស គឺគាត់ទាយមិនដែលខុសម្តងណាឡើយ
អំពីការធ្លាក់ពីដំណែងរបស់នាយករដ្ឋមន្ត្រីថៃជាបន្តបន្ទាប់
តាំងពីជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកជូឡាណុល សាម៉ាក់
ស៊ុនដារ៉ាវ៉េត ស៊ុមឆៃ វង្សសាវ៉ាត លោកអាប់ភីស៊ីត វេចាជីវ៉ាក់ និង លោកស្រី
យីងឡាក់ ស៊ីណាវ៉ាត់ត្រា
សុទ្ធតែត្រូវបានលោក ភិនយ៉ូ ទស្សទាយត្រូវទាំងអស់
ពីអាយុខ្លីនៃជីវិតនយោបាយរបស់អ្នកទាំងនោះ
ដែលនាំឲ្យប្រជាពលរដ្ឋថៃមានជំនឿភ្លូកទឹកភ្លូកដីនឹងការទាយឆុតរបស់លោកជាខ្លាំង
។ ក្រៅពីនេះ លោក ភិនយ៉ូ ក៏ទស្សទាយផងដែរពីការងាររកស៊ី
ជីវិតក្នុងគ្រួសារ ការប្រកបមុខជំនួញតូចធំ
និងជោគវាសនាមនុស្សពីបច្ចុប្បន្ន និងទៅអនាគត។
គេនៅមិនទាន់ដឹងថា
ដំណឹងនៃការបែកបាក់ រលំរលាយ ដូចទឹកបាក់ទំនប់ តាមរយៈហោរាសាស្ត្រដ៏ល្បីនៅប្រទេសថៃម្នាក់នេះបានទស្សទាយ
លេចលឺដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហើយឬនៅនោះទេ ប៉ុន្តែ
ក្រុមអ្នកតាមដានអំពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា
បានមើលឃើញថា វិបត្តិផ្ទៃក្នុងបក្សសង្គ្រោះជាតិ ពិតជាកំពុងកើតមាន
ហើយការបរាជ័យជាថ្មីទៀត នឹងកើតមានឡើងដោយចៀសមិនផុត
ដោយសារថ្នាក់ដឹកនាំគណបក្សប្រឆាំងខ្វែងគំនិតគ្នា បក្ខពួកនិយម
គិតតែពីរឿងល្មោភអំណាច និងចង់បានផលប្រយោជន៍សួនតួជាងប្រយោជន៍ជាតិ
ជាពិសេស គ្មានសមត្ថភាព និងគ្មានទិសដៅជាយុទ្ធសាស្ត្រក្នុងការដឹកនាំគណបក្សនោះឡើយ៕
ថេម ចារ៉ាណុន
No comments:
Post a Comment