នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤នេះ រដ្ឋសភាបានអនុម័តរួចហើយចំពោះការធ្វើវិសោធនកម្មច្បាប់ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ក្នុងការបង្កើតឲ្យមានក្រុមភាគតិចនៅក្នុងសភា ដោយសំឡេងគាំទ្រ១០២ លើ១០២ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប៉ុន្តែច្បាប់នេះ នឹងត្រូវបញ្ជូនទៅសុំការយល់ព្រមពីព្រឹទ្ធសភាពិនិត្យជាមុនសិន មុននឹងបញ្ជូនថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ការអនុម័តច្បាប់បង្កើតក្រុមសភាភាគតិចនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រមព្រៀងគ្នារវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
តាមការគ្រោងទុក ឯកឧត្តម សម រង្ស៊ី នឹងត្រូវបានផ្គូផ្គងសម្រាប់កាន់ដំណែងជាប្រធានក្រុមសភាភាគតិចនេះ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ខណៈពេលដែលមហាជនជាច្រើនគេបានគិតថា ឯកឧត្តម កឹម សុខា មិនមែនជាដៃគូល្អនៃវប្បធម៌សន្ទនាជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឡើយ ដោយសារតែភាពរឹងរូស ចចេះមានះជាបន្តបន្ទាប់នាពេលកន្លងមកនេះ។
ឯកឧត្តម សម រង្ស៊ី បានឲ្យដឹងបន្ទាប់ពីសភាអនុម័តច្បាប់ថ្មីនេះថា ខ្លួនគាត់មានរឿងច្រើនណាស់ដែលត្រូវពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នៅពេលដែលលោកក្លាយខ្លួនជាប្រធានក្រុមសភាភាគតិចក្នុងរដ្ឋសភា ដើម្បីរកការដោះស្រាយផលប្រយោជន៍ជាតិ និងអ្វីដែលលោក អះអាងថា នឹងទុកផលប្រយោជន៍ជាតិជាធំ។



No comments:
Post a Comment