ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសន្និសីទអន្តរជាតិស្ដីពីទំនាក់ទំនងការទូតកម្ពុជា-ចិន នាសមយ័សម្ដេចព្រះនរោត្ដមសីហនុ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នៅរាជ្យបណ្ឌិតសភាកម្ពុជាឯកត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវចងក្រង និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់មហាជនគ្រប់ស្រទាប់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសារៈសំខាន់ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។
ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជ្យបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានខុងជឺង ក្នុងកិច្ចសហការរៀបចំសន្និសីទ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកសន្និសីទរយៈពេលពីរថ្ងៃដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដែលសុទ្ធសឹងជាឥស្សរជនសំខាន់ៗ នៅក្នុងវិស័យការទូត ជាពិសេស ឯកឧត្តម លោកជំទាវដែលធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា គឺជាវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងចំណងការទូតកម្ពុជា-ចិន។
ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា វេទិកាដ៏មានសារៈសំខាន់នេះ ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស និស្សិត ចែករំលែកទស្សនៈ បទពិសោធន៍ និងសិក្សាស្វែងយល់ ឱ្យកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀត អំពីការកកើត ការវិវត្ត ហើយជាពិសេសអំពីសារៈសំខាន់នៃទំនាក់ទំនងការទូត កម្ពុជា-ចិន។ ដើម្បីពង្រីកការយល់ដឹងកាន់តែទូលំទូលាយអំពីស្នាព្រះហស្តរបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជជាតិ ព្រះបរមរតនកោដ្ឋ។
សន្និសីទនេះ ក៏ជាវិភាគទានដ៏មានតម្លៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ជាអនុសាសន៍ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ក្នុងសម័យសម្តេចព្រះ នរោត្តម សីហនុ គួរត្រូវបានចងក្រង បោះពុម្ព និងផ្សព្វផ្សាយ ជាខេមរភាសា ភាសាចិន និងភាសាអង់គ្លេស ឱ្យបានទូលំទូលាយដល់មហាជនជាតិ និងអន្តរជាតិ។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និត ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលដ៏ខ្លី។ មិត្តល្អជួយគ្នាក្នុងគ្រាក្រ បានក្លាយជាពាក្យស្លោកប្រកបដោយគុណធម៌ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
គួររំឭកផងដែរថា ៦ឆ្នាំក្រោយពីគណបក្សកុម្មុយនិស្តចិនបានឡើងកាន់អំណាច និង២ឆ្នាំក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង កម្ពុជានិងចិន ក៏ចាប់មានទំនាក់ទំនងជាមួយគ្នា។ ដំបូងជាទំនាក់ទំនងក្រៅផ្លូវការ ប៉ុន្តែ ជាទំនាក់ទំនងដ៏ជិតស្និទ្ធមួយ រវាងសម្តេចព្រះ នរោត្តម សីហនុ និងលោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន នៅក្នុងឱកាសសន្និសីទប្រទេសមិនចូលបក្សសម្ព័ន្ធ នៅក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៥៥។ ចាប់តាំងពីដើមឆ្នាំ១៩៥៨ បើទោះជាចិននិងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នាក៏ដោយ ថ្នាក់ដឹកនាំនៃប្រទសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក ហើយប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និត ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលដ៏ខ្លី។ មិត្តល្អជួយគ្នាក្នុងគ្រាក្រ បានក្លាយជាពាក្យស្លោកប្រកបដោយគុណធម៌ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែងក្នុងទសវត្សរ៍ឆ្នាំ៦០ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការតស៊ូមតិនៅលើវេទិកាអន្តរជាតិនានា ដើម្បីជួយគាំទ្រឱ្យសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈប្រចាំអង្គការសហប្រជាជាតិ។
ពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គមិនត្រឹមតែបានលះបង់ព្រះកាយពល ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ហើយបានកសាងប្រទេសកម្ពុជានៅក្នុងសម័យសង្គមរាស្រ្តនិយម ឱ្យក្លាយជាប្រទេសដ៏រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងជាអ្នកការទូតដ៏ឆ្នើមដែលបានកសាងទំនាក់ទំនងយ៉ាងល្អ ក្នុងស្មារតីសន្តិភាព និងសន្តិសហវិជ្ជមានជាមួយប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ជាពិសេស ជាមួយមហាមិត្តចិន។ ទាំងនេះបានធ្វើឱ្យព្រះអង្គទទួលបាននូវការគោរពស្រឡាញ់ និងកោតសរសើរ ពីប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិនថា ជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលពោរពេញទៅដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ជាគំរូសម្រាប់អ្នកដឹកនាំ និងអ្នកការទូតទាំងអស់រៀនសូត្រតាម។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ដោយឈរលើស្មារតីមិត្តភាពជាអមតៈ និងដើរតាមមាគ៌ាដ៏វិសេសវិសាលរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន រហូតឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជាជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ជាមិត្តភក្តិល្អ និងជាដៃគូល្អរបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រដោយឥតងាករេចំពោះនយោបាយចិនតែមួយ និងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ដោយសារកត្តាអំណោយផលទាំងនេះ អ្នកវិនិយោគ និងទេសចរចិន បានមកបណ្តាក់ទុនវិនិយោគ និងទស្សនាកម្ពុជា កាន់តែច្រើនជាបន្តបន្ទាប់។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា ប្រធាន រាជ្យបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ប្រវត្តិទំនាក់ទំនងរវាងកម្ពុជាចិនត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ ដោយលោក ជោ យីង និង លោកកាំងថៃ ដែលបានមកបំពេញបេសកកម្មនៅ ហ្វូណន លើសពីនេះអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន បានយល់យ៉ាងច្បាស់ពីទំនាក់ទំនងកម្ពុជាចិននាសមយ័អង្គរ ពីកំណត់ត្រា របស់ លោក ជីវ តាក្វាន់ បេសកជនចិនដែលបានមកបំពេញបេសសកម្មនៅក្រុងអង្គរ។
លោកជំទាវ បានបន្តថា សន្និសីទនេះបានរៀបចំឡើងជាលើកទី៤ ដោយវិទ្យាស្ថានខុងជឺនៃ រាជ្យបណ្ឌិតសភាកម្ពុជា ដោយយល់ឃើញថា ប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជា-ចិន តែងបានចាត់ទុកសម្ដេចព្រះនរោត្ដមសីហនុជាអច្ឆរិយៈបុគ្គល ជាវីរៈបុរសនិងជាស្ថាបនិកនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរទើប ថ្ងៃនេះយើងរៀបចំសន្និសីទ ដើម្បីផ្ដោតលើការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជាចិន នាសមយ័ សម្ដេចព្រះនរោត្ដមសីហនុ ។ សន្និសីទនេះ ក៍មានការអញ្ជើញចូលរួមពីលោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕





No comments:
Post a Comment