ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកវិស័យវិស្វកម្ម ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងតម្រូវឲ្យវិស្វករគ្រប់រូបយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិជ្ជាថ្មីៗដើម្បីលើកកម្ពស់វិជ្ជាជីវៈរបស់ខ្លួន សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តផ្នែកវិស្វកម្ម។
ថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ របស់គណៈវិស្វករកម្ពុជានៅសណ្ឋាគារអាំងទែកុងទីណង់តាល់ កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មានប្រសាសន៏ថា វិស្វករអាជីពកម្ពុជាគួរខិតខំបំពេញលក្ខខ័ណ្ឌចាំបាច់នានា ដើម្បីធ្វើឱ្យវិស័យវិស្វកម្មកម្ពុជាមានតម្លៃសមមូលនឹងវិស្វករអាស៊ាន ក៏ដូចជាវិស្វករពិភពលោក ដោយបានជំរុញ និងលើកទឹកចិត្ត ឲ្យវិស្វករទាំងអស់មានការផ្លាស់ប្ដូរយោបល់ បទពិសោធន៍ជាក់ស្ដែង គំនិតនិងបច្ចេកវិជ្ជាថ្មីៗ ព្រមទាំងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែទូលំទូលាយនៅក្នុងចំណោមសហគមន៍វិស្វករជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់សមត្ថភាពដល់វិស្វករកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានសូមឲ្យវិស្វករទាំងអស់ខិតខំប្រឹងប្រែងជំរុញសមត្ថភាពវិស្វករជាតិ សម្រាប់ដំណើរការពង្រឹងវិស័យវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងចរន្តសមាហរណកម្ម និងសាកលភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរ សាទរចំពោះលទ្ធផលការងារដែលគណៈវិស្វករកម្ពុជាសម្រេចបាន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិករបស់គណៈវិស្វករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ សំដៅបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសេវាកម្មវិស្វកម្មនៅក្នុងតំបន់និងពិភពលោក ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មផ្នែកសេវាកម្ម (General Agreement on Trade in Services – GATS) និងយន្តការសម្របសម្រួលការទទួលស្គាល់គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ាន (ASEAN Mutual Recognition Arrangement – ASEAN MRA) ដែលកម្ពុជាជាប្រទេសហត្ថលេខីតាំងពីឆ្នាំ២០០៥ មក៕





No comments:
Post a Comment