Wednesday, October 22, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​បិទ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អាណ​ត្តិទី១ របស់​គណៈ​វិស្វករ​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤
-   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា
-  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃ​គណៈវិស្វករកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមក្នុងពិធីបិទ​មហាសន្និបាត​បូក​សរុប​​​លទ្ធផល​​​​​ការងារ​អាណត្តិទី១ របស់គណៈវិស្វករកម្ពុជា។ ក្នុងនាម​រាជ​រដ្ឋា​ភិបាល ខ្ញុំសូមសម្ដែង​នូវការ​កោត​សរ​សើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោក​​ស្រី ជាសមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​គណៈវិស្វករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំង​អ​ស់​​នៃ​អគ្គលេខាធិការ​ដ្ឋាន ដែលបានធ្វើឱ្យសមាគមវិជ្ជាជីវៈមួយនេះ សម្រេចបាន​នូវ​សមិទ្ធផល​ជា​ច្រើ​ន នាពេលកន្លង​មក ដើម្បីជាប្រយោជន៍ដល់ការធ្វើនិយតកម្ម និង​ការលើក​កម្ពស់​វិជ្ជាជីវៈវិស្វកម្ម​នៅ​កម្ពុជា ​ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

          វិស័យវិស្វកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមរយៈការបង្កើត​​មូលដ្ឋាន​សម្ភារ និង​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តនានា។ ក្នុងន័យនេះ​ វិស្វករអាជីពម្នាក់ មិន​ត្រឹមតែ​ត្រូវមាន​ សមត្ថភាព តាមរយៈការអប់រំ និងការ​បណ្ដុះបណ្ដាលច្បាស់លាស់លើវិស័យវិស្វកម្មប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​ត្រូវមាន​សីលធម៌វិជ្ជាជីវៈខ្ពស់​​ ហើយ​ដើម្បីលើកកម្ពស់នូវវិជ្ជាជីវៈរបស់ខ្លួនថែមទៀត វិស្វករ​គួរធ្វើការសិក្សាស្រាវជ្រាវនូវបច្ចេកវិជ្ជាថ្មីៗ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តផ្នែក​វិស្វកម្មនេះ។

ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា​ វិស្វកម្មគឺជាវិជ្ជាជីវៈ មួយ ដែល​តម្រូវឱ្យមានគោលការណ៍វាយតម្លៃ និងការកំណត់លើ​វិធីសាស្រ្តច្បាស់លាស់។ វិស្វករអាជីពកម្ពុជាគួរខិតខំ​បំពេញលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើឱ្យវិស័យវិស្វកម្មកម្ពុជាមាន​តម្លៃសមមូល​នឹងវិស្វកម្មអាស៊ាន ក៏ដូចជាវិស្វកម្មពិភពលោក​។ ក្នុងន័យនេះ កិច្ចខិតខំប្រឹងប្រែងជំរុញសមត្ថភាពវិស្វករជាតិ គឺពិតជាមានសារៈសំខាន់សម្រាប់ដំណើរការ​ពង្រឹងវិស័យនេះ ដើម្បីឆ្លើយតប​​ទៅ​នឹងចរន្តសមាហរណកម្ម និងសាកលភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ជាងនេះទៅទៀត​​​​ចាំបាច់ត្រូវ​មាន​ការ​ផ្លាស់ប្ដូរយោបល់ ​បទពិសោធន៍ជាក់ស្ដែង គំនិតនិងបច្ចេកវិជ្ជាថ្មីៗ ព្រមទាំងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែទូលំ​​ទូលាយ​នៅក្នុងចំណោមសហគមន៍វិស្វករជាតិ និង​អន្តរជាតិ។ ដើម្បី​​សម្រេច​គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោ​យ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិង​កំពុង​ជំរុញ និងបង្កលក្ខខណ្ឌ​អនុគ្រោះ ដល់ការអភិវឌ្ឍវិស័យ​វិស្វកម្មនៅ​កម្ពុជា តាម​រយៈ​ការបង្កើតគណៈ​វិស្វករកម្ពុជា ជាអង្គការវិជ្ជាជីវៈ​ដែលប្រមូលផ្ដុំ ចុះបញ្ជី​ បណ្តុះ​បណ្តាល​ និងគ្រប់គ្រង​វិស្វករ​ សំដៅលើកកម្ពស់សមត្ថភាពវិស្វករទាំងអស់។ នេះ​ជាសក្ខីភាព​បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីការយកចិត្តទុក​ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍវិស័យវិស្វកម្ម​នៅ​​​កម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
មហាសន្និបាតបូកសរុបលទ្ធផល​ការងារអាណត្តិទី១ របស់គណៈវិស្វករកម្ពុជា នាពេលនេះ មិនត្រឹមតែបង្ហាញឱ្យ​ឃើញនូវ​សកម្មភាព​ និងការបោះជំហានទៅមុខរបស់វិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែ​​​ថែមទាំងបានបញ្ជាក់ឱ្យឃើញអំពីការអភិវឌ្ឍធនធាន​មនុស្ស​នៅ​កម្ពុជា ជាពិសេសក្នុងវិស័យវិស្វកម្ម ថែមទៀតផង។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលការងារដែល​គណៈ​វិស្វករកម្ពុជាសម្រេចបាន និងសូមកោតសរសើរចំពោះកិច្ចខិតខំ​ប្រឹង​ប្រែងរបស់​​មន្ត្រី បុគ្គលិ​ក​របស់គណៈវិស្វករ​កម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ សំដៅបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ការអភិវឌ្ឍ និង​ការធ្វើសមាហរណកម្មសេវាកម្ម​វិស្វកម្មនៅក្នុងតំបន់និងពិភពលោក​ ស្រប​តាមស្មារតីនៃកិច្ច​ព្រម​ព្រៀងទូទៅស្តីពីពាណិជ្ជកម្ម​ផ្នែក​សេវាកម្ម​ (General Agreement on Trade in Services – GATS)  និង​យន្តការសម្របសម្រួលការទទួលស្គាល់គ្នា​ទៅវិញ​ទៅ​មកក្នុងតំបន់អាស៊ាន (ASEAN Mutual Recognition Arrangement – ASEAN MRA) ដែល​កម្ពុជាជាប្រទេស​ហត្ថលេខីតាំងពី​ឆ្នាំ២០០៥ មក។

ទោះបីជាគណៈវិស្វករកម្ពុជា ​សមេ្រច​បាន​លទ្ធផល​ការងារយ៉ាងច្រើន​គួរ​ឱ្យកត់សម្គាល់​ គណៈ​វិស្វករកម្ពុជា​​ក៏នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត​ដែលត្រូវបន្តអនុវត្ត ជាពិសេសការ​បន្តប្រមូលផ្តុំវិស្វករចុះបញ្ជី (Registered engineers) និងបន្តការ​អភិវឌ្ឍ​សមត្ថភាពបន្ថែម ដើម្បីឱ្យ​មាន​ភាព​ប្រកួតប្រជែងក្នុង​វិស័យសេវាកម្មវិស្វកម្ម​ទាំង​នៅកម្រិត​តំបន់ និង​ពិភពលោក។

 ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​នៃគណៈវិស្វករកម្ពុជា ខ្ញុំសូមផ្តល់ជាអនុសាសន៍​​ខ្លះៗ ដើម្បី​រួមចំណែកដល់ការបន្តអនុវត្ត​ភារកិច្ចរបស់គណៈវិស្វករកម្ពុជា ដូចខាងក្រោម៖

១- គណៈវិស្វករកម្ពុជាត្រូវពង្រឹងនិង​ពង្រីកទំនាក់ទំនង និងសហការ​ជាមួយ​​ក្រសួង​អប់រំ យុវ​ជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងពាក់ព័ន្ធនានា ព្រម​ទាំង​វិស័យឯកជន​ ក្នុងការ​ផ្សព្វផ្សាយឱ្យ​បាន​ទូលំទូលាយ និងជំរុញឱ្យ​វិស្វករដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​​វិស្វកម្មមកចុះបញ្ជីនៅ​គណៈវិស្វករកម្ពុជា ឱ្យ​បានគ្រប់ៗគ្នា ដើម្បី​​ទទួល​អត្ថប្រយោជ​ន៍​​​ផ្សេងៗ​ ដូចជា​ការ​បណ្តុះបណ្តាល​បន្ថែម ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និង​ឱកាសកាន់​តែ​ប្រសើរថែមទៀត សម្រាប់ទទួលបាន​គុណវុឌ្ឍិជាវិស្វករអាជីពជាតិ និងវិស្វករអាស៊ាន។

២-         គណៈវិស្វករកម្ពុជាត្រូវបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ឱ្យ​បាន​រួចរាល់ នៅ​​ត្រីមាស​ទី១ ​ឆ្នាំ២០១៥ ​ខាងមុខ ដើម្បី​កៀរ​គរ​និង​ពង្រីក​​សមាជិក​បន្ថែមទៀត ដែល​កំពុង​ប្រកប​វិជ្ជាជីវៈវិស្វកម្ម​នៅ​តាម​បណ្តារាជធានី-ខេត្ត សំដៅ​គ្រប់គ្រង​នូវ​ចំនួន​វិស្វករ​​កម្ពុជាឱ្យ​បានច្បាស់​លាស់​​។

៣-     គណៈវិស្វករកម្ពុជាត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាល និង​ធ្វើសិក្ខាសាលាឱ្យ​បានច្រើន​ថែមទៀតសម្រាប់ផ្សព្វផ្សាយ​នូវ​បច្ចេកវិជ្ជាថ្មីៗលើ​ផ្នែក​វិស្វកម្ម​ ផ្លាស់ប្តូរ​យោបល់​ និង​ការអនុវត្ត​​​ជាក់ស្តែង​ ព្រមទាំង​បង្កើត​បណ្តាញ​សហគមន៍​វិស្វកម្ម​។

៤- គណៈវិស្វករកម្ពុជា ត្រូវបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បី​ឆ្លើយ​តបទៅ​នឹង​លក្ខខណ្ឌតម្រូវ​ដែល​កំណត់​ដោយ​អង្គការសហព័ន្ធវិស្វកម្មអាស៊ាន សំដៅ​សម្រួលដល់ការធ្វើសមាហរណកម្មវិស្វកម្មអាស៊ាន។

        ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំ​សូមសម្ដែងនូវការអបអរសាទរ​និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល​ដែលគណៈវិស្វករកម្ពុជា​សម្រេចបាននាពេល​កន្លងមក ហើយ​ខ្ញុំ​សង្ឃឹមថា គណៈវិស្វករកម្ពុជាក្នុងអាណត្តិទី២ នឹងបន្តបំពេញភារកិច្ចឱ្យ​កាន់តែប្រសើរ​ថែមទៀត ដើម្បីចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍជាតិ​មាតុភូមិ​ជាទីស្នេហានៃ​យើង។

ខ្ញុំ​សូមយក​ឱកាសនេះ ​អបអរ​សាទរឯកឧត្តមអគ្គលេខាធិការ និង​អគ្គលេខាធិការរងទាំង​៦រូប​  ដែល​បានជាប់​ឆ្នោត​សម្រាប់អាណត្តិទី២ ហើយខ្ញុំជឿជាក់ថា ជាមួយ​នឹង​​​បទពិសោធន៍ និងធនធាន​​មនុស្សដែល​មាន​គុណវុឌ្ឍិ​ខ្ពស់ គណៈវិស្វករកម្ពុជា​​អាណត្តិថ្មីនេះ នឹងសម្រេច​បាន​សមិទ្ធផល​​​​​​ថ្មីៗ​បន្ថែម​ទៀត។ ជាមួយគ្នានេះ​ដែរ​ ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​គណៈវិស្វករ​កម្ពុជា​ ខ្ញុំ​នឹង​ស្នើតែងតាំង​​ឯកឧត្តម ប្រាក់ មិន ជាអនុប្រធាន​ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បី​​​ឯកឧត្តម​អាច​បន្ត​ចូលរួម​​​​​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​កម្ពុជាឱ្យកាន់តែ​រីកចម្រើន​ថែមទៀត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង​អង្គ​មហា​សន្និ​បាត​ទាំងមូល​ ​សូម​​ទទួលបានសុខភាព​ល្អ​ ជោគជ័យ និងសុភមង្គលក្នុងក្រុម​គ្រួសារ។

ខ្ញុំសូមប្រកាសបិទមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ ចាប់ពីពេលនេះ​តទៅ​៕                                                                     
សូមអរគុណ!

No comments:

Post a Comment