Wednesday, October 22, 2014

អាជ្ញាធ​រ​អប្សរា នឹង​ប្រារព្ធ​​ពិធី​​ពុទ្ធា​ភិសេក​ព្រះ​ពុទ្ធ​​បដិមា​ដែល​​រង​ការ​​បាក់​​បែក និង​បាន​​ជួសជុល​​រួច តម្កល់​នៅ​​កន្លែង​ដើម​ក្នុង​ប្រាសាទ​​បាយ័ន​វិញ​ នៅព្រឹក​ស្អែក​

រូប​បដិមាមួយ​ព្រះ​អង្គ​ ដែល​រង​ការ​បាក់​បែក​ បង្កឡើងដោយ​ស្ត្រី​ទេសចរជន​ជាតិ​ ហូឡង់​ ម្នាក់ កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៤​ កន្លង​ទៅ​ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​អាជ្ញា​ធរ​អប្សរា អាជ្ញាធរ​ពាក់​ព័ន្ធ​ រួម​ជាមួយ​សីលវ័ន សី​លវតី ដែល​ជា​ចាស់​ទុំ​នៅ​ក្នុង​តំ​បន់​រមណី​យ​ដ្ឋាន​អង្គ​រ​ បាន​ធ្វើ​ពិធី​យាង​ ព្រះ​ពុទ្ធ​បដិមា ដើម្បី​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើម ក្នុង​ប្រាសាទ​បាយ័ន​វិញ​ បន្ទាប់​ពី​ក្រុម​ជំ​នាញបច្ចេក​ទេស​ខាង​​ថ្មប្រាសាទ បាន​ធ្វើ​ការ​ជួស​ជុល​ល្អ ស្អាត និង​រឹង​មាំ​ដូចដើម​ហើយ​នោះ​។

គេសង្កេត​ឃើញ​មាន​ វត្តមាន​ ឯកឧត្តម​ ប៊ុន ណា​រិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ម៉ាន់ ឈឿន អនុប្រធាន​នាយក​ដ្ឋាននគរបាល​ការពារ​បេតិ​កភ័ណ្ឌ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ និមន្ត​ព្រះ​ពុទ្ធ​បដិមា​ ដោយ​មាន​ការ​សូត្រធម៌​ រំ​លឹក​ដល់​គុណ​ព្រះ​រតនត្រ័យមុន​នឹងក្រុម​ការងារ​លើក​ព្រះ​ពុទ្ធ​បដិមា ដាក់​លើ​រថយន្ត​ ឆ្ពោះ​ទៅ​រៀប​ចំ​ពិធី​តាម​បែប​សាសនាបន្ត​ទៀត​ នៅ​ប្រាសាទ​បាយ័ន​ នៅ​ព្រឹក​ស្អែក ដែល​នឹង​មាន​ការ​អញ្ជើ​ញ​ចូល​រួម​ជា​អធិបតីតំ​ណាង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ឯកឧត្តម ជុច ភឿន រដ្ឋ​លេខាធិការ​ និង​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាម​​ រួម​ជា​មួយ​នឹង​មន្ត្រី​ អ្នកមុខ​អ្នក​ការ ព្រះ​សង្ឃ និងប្រជា​ពលរដ្ឋ​ផង​ដែរ។
យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញា​ធរ​អប្សរា  ពិធី​ពុទ្ធាភិសេក​ ដើម្បី​អារាធនាព្រះ​ពុទ្ធ​រូប​ដាក់​នៅ​កន្លែង​ដើម ទុក​សម្រាប់​ជា​ទី​គោរព​សក្កា​រៈ ប្រារព្ធ​ធ្វើ​ឡើង​នៅ​វេលាម៉ោង ៦ និង​៤៥នាទី​ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤៕​




No comments:

Post a Comment