Wednesday, March 01, 2017

ក្រសួងរ៉ែ និង​ថាមពល រៀប​ចំសិក្ខា​សាលា ស្តីពី​ការអភិវឌ្ឍ​អាជីវ​កម្មរ៉ែ អណ្តូងរ៉ែ​បើក​

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល រៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍអាជីវកម្មរ៉ែ អណ្តូងរ៉ែបើក ក្រោមកិច្ចសហការជាមួយ JICA អគ្គនាយកដ្ឋានធនធានរ៉ែ ស្តីពីការអភិវឌ្ឍអាជីវកម្មរ៉ែអណ្តូងរ៉ែបើក ដឹកនាំ និងអធិបតីភាព លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ រាជធានីភ្នំពេញ។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី សៀវភៅណែនាំសុវត្ថិភាពការដ្ឋានរ៉ែ ដែលជាសៀវភៅមគ្គុទេសន៍សម្រាប់មន្ត្រីជំនាញរ៉ែ ក្នុងការគ្រប់គ្រងអាជីវកម្មរ៉ែអណ្តូងរ៉ែបើកឱ្យកាន់តែមានប្រសិទ្ធភាព៕

គណៈកម្មាធិ​ការជាតិរៀប​ចំការបោះ​ឆ្នោត ស្វាគមន៍ការចូ​លរួមរបស់​អ្នកអង្កេតកា​រអន្តរជាតិ សម្រាប់កា​របោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបានល្អប្រសើរទេ ប្រសិនបើគ្មានអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ។ លោក ហង្ស ពុទ្ធា បានថ្លែងបែបនេះប្រាប់ក្រុមអ្នកសារព័តមានអំឡុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សនយោបាយ និងនីតិវិធីនៃការប្តឹងតវ៉ា ប្តឹងជំទាស់ និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នាទីស្តីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះមិនអាចដំណើរការដោយរលូន និងល្អប្រសើរទេ ប្រសិនណាបើគ្មានការចូលរួមពីក្រុមអ្នកអង្កេតការណ៍នានានោះ។
លោកបានបន្តថា តាមគម្រោងក្រុមអ្នកអង្កេតការមកពីសហគមន៍អឺរ៉ុបមួយចំនួននឹងចូលរួមជាមួយក្រុមអ្នកអង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតនេះ ប៉ុន្តែមិនទាន់ដឹងថា មានចំនួនប៉ុន្មាននាក់នោះទេ។ ភាគីជប៉ុនមិនមានគម្រោងបញ្ចូនអ្នកអង្កេតការណ៍មកចូលរួមការបោះឆ្នោតឃុំសង្កាត់ទេ គ្រាន់តែបញ្ចូនក្រុមជំនាញការបោះឆ្នោតមកធ្វើការជាមួយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងផងដែរថា បច្ចុប្បន្នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងរៀបចំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ២០១៧ ។ ចំនួនឃុំសង្កាត់នៅទូទាំងប្រទេសមានចំនួន១៦៤៦ ការិយាល័យបោះឆ្នោតមានចំនួន ២២១៤៨ ការិយាល័យ ខណៈដែលចំនួនអ្នកមានសិទ្ធិបោះឆ្នោតដែលបានចុះឈ្មោះរួចមានជាង៧.៨លាននាក់៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ និងលើកទឹកចិត្តដល់អ្នកផលិតសាស្រ្តាស្លឹករឹទ្ធ វ័យក្មេងក្នុងខេត្តសៀមរាប

(សៀមរាប)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហ៊ុន សែន បានផ្តល់កិត្តិយសឱ្យអ្នកនាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បានចូលជួបសំដែងការគួរសម និងលើកទឹកចិត្តចំពោះអ្នកនាងដែលចេះចារសាស្ត្រាស្លឹករឹទ្ធ ដែលស្ទើតែបាត់បង់អស់ទៅហើយនោះ។
លោក ហ៊ុន សែន រីករាយសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ អ្នកនាង ភឿន ផាវី ក្នុងការចារផលិតសាស្ត្រាស្លឹករឹទ្ធឡើងវិញនៅក្នុងខេត្តសៀមរាបនេះ។
លោកបានគាំទ្រ និងលើកទឹកចិត្តដល់គាត់ក្នុងការផលិតសាស្រ្តាស្លឹករឹទ្ធឡើងវិញ និងបង្កើនការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដឹងបានច្រើនដើម្បីរក្សាតម្លៃមរតកវប្បធម៍ខ្មែរ។
ការផលិតសាស្ត្រាស្លឹករឹទ្ធថ្មីនេះ គឺជាការគិតគូរមួយ ដើម្បីរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយអោយបានស្កាល់ថាជាស្នាដៃរបស់ខ្មែរ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យអ្នកនាង ភឿន ផាវី ប្រឹងប្រែងដុសខាត់សមត្ថភាពឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីធ្វើឱ្យការផលិតស្លឹករឹទ្ធនេះកាន់តែមានគុណភាពល្អ។
លោក បានណែនាំឱ្យអ្នកផលិតស្លឹករឹទ្ធវ័យក្មេងរូបនេះប្រមូលផ្តុំអ្នកដែលធ្លាប់មានបទពិសោធន៍ ឬសមត្ថភាពធ្វើសាស្ត្រាស្លឹករឹទ្ធ ដើម្បីចូលរួមជាមួយគ្នាធ្វើឱ្យសង្វាក់នៃការផលិតសាស្ត្រាស្លឹករឹទ្ធបានឆាប់លឿននិងកាន់តែច្រើន។ ដើម្បីគាំទ្រ លើកទឹកចិត្តដល់អ្នកផលិតស្រ្តាស្លឹករឹទ្ឋ និងថែរក្សានូវកេរ្តិ៍មរតកដូនតាយើងអោយបានគង់វង្ស លោក ហ៊ុន សែន បានធានាទិញសាស្ត្រាស្លឹករឹទ្ធដែលផលិតបានទាំងអស់ក្នុងតម្លៃទ្វេជាពីរ។
តាមធម្មតាសាស្ត្រាស្លឹករឹទ្ធមួយច្បាប់លក់ក្នុងតម្លៃ ១២,០០០រៀល ប៉ុន្តែ លោក ហ៊ុន សែន ទទួលទិញក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈការធានាទទួលទិញរបស់លោក ហ៊ុន សែន គឺនឹងធ្វើឱ្យគ្រួសាររបស់អ្នកនាង ផាវី មានការងារធ្វើកាន់ តែច្រើនឡើង ព្រមទាំងទទួលបាននូវប្រាក់ចំណូលសមរម្យដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕



អង្គភាព​ប្រឆាំងអំពើ​ពុករ​លួយ ទាត់ចោល​របាយការណ៍​របស់អង្គការ​តម្លាភាព​អន្តរជាតិ​

ភ្នំពេញ៖ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពីការចេញរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិធ្វើឡើងដោយគ្មានអព្យាក្រិត្យ គ្មានមូលដ្ឋានច្បាស់លាស់ដោយដើរសួរតែមនុស្សដែលគ្មានមូលដ្ឋានច្បាស់លាស់និងមានទំនោរទៅកាន់និន្នាការនយោបាយ ។
លោក ឱម យិនទៀង បានបញ្ជាក់ថា របាយការណ៍នេះធ្វើឱ្យបរិយាកាសមិនល្អនៃការបោះឆ្នោតនៅកម្ពុជា និងបង្កបរិយាកាសអាប់អួរដល់សង្គម ។
លោក ឱម យិនទៀង បានប្រៀបធៀបការចេញរបាយការណ៍នេះទៅនឹងសុភាសិតខ្មែរ ថា ពេលក្រពើក្នុងទឹកបងមិនហ៊ានចាប់ ដល់ក្រពើងាប់ស្រាប់ ទើបបងចាប់ឱ្យស្រីមើល ខណៈដែលរាជរដ្ឋាភិបាលបានធ្វើនិងចេញជាផ្លែផ្ការួចទៅហើយដូចជា សេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ និងសាក្សី។
ការច្រានចោលការចេញរបាយការណ៍នេះ ធ្វើឡើងខណៈអង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ ដែលបង្ហាញថាមន្ត្រីតុលាការប៉ូលីស និងមន្ត្រីរដ្ឋាភិបាលបានប្រព្រឹត្តអំពើពុករលួយជាងគេ។
ពោលគឺមន្ត្រីតុលាការ៥៩ភាគរយ ប៉ូលីស៥២ភាគរយ និងមន្ត្រីរដ្ឋាភិបាល៤៤ភាគរយ។
តែទោះជាយ៉ាងនេះក្តី របាយការណ៍ដដែលនេះបានបង្ហាញភាពវិជ្ជមានថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ បញ្ជីអត្រានីកូលដ្ឋាន មន្ទីរពេទ្យរដ្ឋ សាលារៀនរដ្ឋ សេវាទឹកស្អាតនិងអនាម័យ និងអគ្គិសនីរដ្ឋ ជាដើម៕

លោក សុខ ឥសាន ៖ នយោបាយ ៣ លេប ២៦

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បានលើកយកទស្សនៈមួយមកបង្ហាញស្តីពី នយោបាយ ៣ លេប ២៦ ដែលមានខ្លឹមសារដូចខាងក្រោម៖
ក្នុងវោហាស័ព្ទនយោបាយ និងប្រកបដោយអំនួតខ្លាំងពេក មានការវាយប្រហារគ្នាយ៉ាងចាស់ដៃ ដោយអ្នក ២៦ ដៀល អ្នក ៣ ថា ជាគ្រាប់ខ្សាច់ កុំចង់មកប្រទ្បងប្រណាំងជាមួយអ្នកខ្លាំងអី មិនអាចទៅរួចទេ ពួកអាយ៉ងរបស់អាយ៉ង កុំចង់ឈ្នះអី។
នេះជាពាក្យប្រកបដោយមោទនភាពកប់ពពក ខ្វះការយល់ដឹង និងប្រមាថ។ តែនៅទីប៉ផុតបានធ្លាក់ទៅក្នុងអំណួតរបស់ខ្លួនយ៉ាងអាម៉ាស់បំផុត។ នេះហើយជានយោបាយនៃបញាវ័ន្តមានសញាប័ត្រខ្ពង់ខ្ពស់ពីបរទេស លុះដោយធ៌មប្រមាថ ត្រូវធ្លាក់ទៅក្នុងតំរេះជិះកឯង។
អំណួត គឺអវិជ្ខា អំណួត គឺធ្លាក់ទឹក អំណួត គឺអន្តរាយ អំណួត គឺបរាជ័យ។ ចេះឯង ឲ្យក្រែង ចេះគេ ។ ដំរីជើងបួន គង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច៕


(វីដេអូពិសេស) បរាជ័យរបស់ សម រង្ស៊ី គឺជាជោគជ័យរបស់ កឹម សុខា

គណនីហ្វេសប៊ុកដែលមានឈ្មោះថា សីហា នៅមុននេះបន្តិច បានបង្ហោះផ្សាយនូវទស្សនៈវិភាគរបស់ សាស្ត្រាចារ្យសង្គមវិជ្ជា ខេត្តកំពង់ចាម មានចំណងជើងថា «បរាជ័យរបស់ សម រង្ស៊ី គឺជាជោគជ័យរបស់ កឹម សុខា» ដែលមានខ្លឹមសារ និងភ្ជាប់មកជាមួយនូវវីដេអូ ជាសំដីដើមរបស់លោក កឹម​ សុខា និយាយនៅខេត្តរតនគីរី ដូចខាងក្រោម៖
ការដណ្តើមអំណាចគ្នាក្នុងគណបក្សសង្គ្រោះជាតិ នឹងអាចដឹងលទ្ធផលនៅក្រោយសមាជគណបក្សដែលនឹង ត្រូវធ្វើនៅ ថ្ងៃ២មីនា ខាងមុខនេះ។ តាមពិតសមាជគណបក្សសង្គ្រោះជាតិនឹងត្រូវធ្វើរហូតនៅ ខែមេសា ឆ្នាំ២០១៨ នោះទេ ប៉ុន្តែភាពវិវត្តន៍នយោបាយដែលកំពុងផ្តល់ភាពចំណេញច្រើនដល់លោកកឹម សុខា នាពេលនេះ បាន ជំរុញឱ្យអ្នករំពឹងចំណេញនយោបាយក្នុងគណបក្សសង្គ្រោះជាតិមិនអាចរង់ចាំដល់ឆ្នាំក្រោយនោះបាន ឡើយដោយយកហេតុផលសេចក្តីស្នើច្បាប់គណបក្សនយោបាយបានបញ្ញតិទុកពេលឱ្យតែ៩០ថ្ងៃក្នុងការជ្រើសរើសប្រធានបក្សក្រោយច្បាប់ត្រូវប្រកាសឱ្យប្រើ។
មន្ត្រីផ្ទៃក្នុងបក្សសង្គ្រោះជាតិ បានថ្លែងថាលោក កឹម សុខា មិនអាចឱ្យ លោក សម រង្ស៊ី ប្តូរគំនិតវិលចូលមកធ្វើជាប្រធានវិញបានទេក្រោយពីឆាកសម្តែងលាលែងលេងៗរបស់លោកសមរង្ស៊ីកាលពីថ្ងៃទី១១កុម្ភៈ កន្លងមកបានក្លាយទៅជាការពិតនោះ។ ការបិទច្រកមានតែមួយគត់ គឺការប្រើប្រាស់សមាជបក្សដែលមានសកម្មជនជាច្រើនមិនសប្បាយចិត្តនឹងការលាលែងរបស់លោក សម រង្ស៊ី ធ្វើការ សម្រេចរើសប្រធានគ្រប់គ្រងឱ្យហើយពីព្រោះបើរង់ចាំរហូតដល់ទៅខែមេសាឆ្នាំ២០១៨ លោក កឹម សុខា អាចនឹងគ្មានឱកាសដ៏ល្អនេះទៀតទេ។ មុនសមាជបក្សបានមកដល់ រូបមន្តប្រធានមួយ និងអនុប្រធាន៣ បានដាក់ចេញ ក្នុងនោះលោកសម រង្ស៊ី បាន ដាក់ឈ្មោះប្រពន្ធរបស់លោក និងលោក យឹម សុវណ្ណដើម្បីធ្វើជាអនុប្រធាន…ចំណែកអនុប្រធានមួយទៀតគឺ លោក ប៉ុល ហំម ដែលជាមនុស្សស្និទ្ធនឹងលោក កឹម សុខា។
សេចក្តីរាយការណ៍ពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឱ្យដឹងមុននេះថា ក្រោយការលាលែងតាមលិខិតប្រកាសរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ ចង់តែង តាំងភរិយារបស់លោក គឺលោកស្រី ជូឡុង សូមួរា ដើម្បីធ្វើជាប្រធានបន្ត…ប៉ុន្តែលោក កឹម សុខា បានដឹងនូវផែនការនេះ ហើយក៏រៀបចំសេណារីយ៉ូ ទប់ទល់។ ការតស៊ូដណ្តើមអំណាចផ្ទៃក្នុងបន្ទាយ. របស់គណបក្សប្រឆាំងនេះ បានធ្វើរហូតដល់លោកសម រង្ស៊ី ធ្លាក់ចូលក្នុងកលល្បិចមួយរបស់លោក កឹម សុខា។ លោក កឹម សុខា នៅថ្ងៃទី៧កុម្ភៈ បានធ្វើលិខិតមួយថ្លែងទទួលស្គាល់ថាពិតមានការប្រជែងយកចាញ់ឈ្នះក្នុងរង្វង់ផ្ទៃក្នុងបក្សសង្គ្រោះជាតិមែនហើយលោកបានអំពាវនាវ សូមឱ្យមានការបញ្ឈប់អំពើទាំងនោះ។ លោក កឹម សុខា បានសរសេរក្នុងហ្វេសប៊ុកធ្វើជាអំពាវនាវផ្ទៃក្នុងដឹកនាំបក្សរបស់លោកថា «សូមថ្នាក់ដឹកនាំកុំគិតយក ចាញ់ឈ្នះក្នុងបក្សខ្លួនឯង ឬខ្មែរគ្នាឯង សូមឱ្យគិត…មើលឱ្យឆ្ងាយ…ឱ្យខ្ពស់ជាងនេះ»។
លិខិតរបស់លោក កឹម សុខា នាពេលនោះ គឺនៅទន្ទឹម រូបភាពប្រជែងដណ្តើមអំណាចនៅតាមថ្នាក់មូលដ្ឋានមួយចំនួនបានពុះកញ្ជ្រោល ដូចជាជម្លោះរបស់ សកម្មជន ក្នុងក្រុងបាវិតខេត្តស្វាយរៀងរវាងក្រុមរបស់លោក សម រង្ស៊ី និងក្រុមរបស់លោក កឹម សុខា ដែលចោទប្រកាន់គ្នា លើអំពើបក្សពួកនិយម និងការដើរចេញរបស់សកម្មជនមួយចំនួនចេញពីបក្ស។ ក្នុងសម្តីដាស់តឿនក្នុងរង្វង់ ផ្ទៃក្នុងបក្សដដែលនោះទៀត លោកកឹម សុខាបានសរសេរថា« សូមកុំប្រើល្បិចទុច្ចរិត ព្រោះល្បិចកិច្ចកលនេះ មិនអាចទាញយកទឹកចិត្តពីប្រជាពលរដ្ឋខ្មែរ ឱ្យគាំទ្រខ្លួនបានឡើយ»។ លោកកឹម សុខា ធ្វើជាអំពាវនាវ ឱ្យ គណបក្សរបស់លោក បំបែរមុខព្រួញពីការឈ្លោះ គ្នាផ្ទៃក្នុងនេះ ងាកទៅរកទិសដៅការងារបក្ស នូវអ្វីដែលលោក ចាត់ទុកថាដើម្បីការសង្គ្រោះប្រទេស។
អ្វីដែលស្ថិតនៅចំពោះមុខនេះ គឺលោក សម រង្ស៊ី ដែលជ្រុលខ្លួនក្នុងការនិយាយលាលែងពីប្រធានបក្ស បាន និងកំពុង ព្យាយាមដាក់មនុស្សរបស់ខ្លួនដើម្បីរកការវិលត្រឡប់មកវិញ។ នយោបាយមិនពិតប្រាកដរបស់លោក សម រង្ស៊ី នេះ បានធ្វើឱ្យមនុស្សដែលធ្លាប់គាំទ្រ បានសម្តែងការសង្ស័យ និងខ្លះទៀតស្ទើរតែលែងចង់ធ្វើនយោបាយជាមួយទៀតនោះហើយ សូម្បីតែលោកយឹម សុវណ្ណ។ ប្រភពពីពីផ្ទៃក្នុងជំរំព្រះអាទិត្យបានបង្ហាញថាលោក យឹម សុវណ្ណ មិនចង់ធ្វើជាអនុប្រធានគណបក្សនោះទេ…ហើយក្នុងដំណើររបស់មន្ត្រីស្មោះត្រង់មួយចំនួនដែលមកជួប លោក សម រង្ស៊ី នៅក្នុងក្រុងហុងកុង រវាងពីថ្ងៃទី១៧ដល់១៩កុម្ភៈដែលបាននិយាយអំពីរឿងរចនាសម្ព័ន្ធថ្មីបក្ស នោះ គឺលោកយឹម សុវណ្ណ មិនបានធ្វើដំណើរមកជួបលោកសម រង្ស៊ីនោះឡើយ។ ហេតុដូច្នោះហើយ បានជានៅ រាត្រីថ្ងៃទី២១កុម្ភៈ លោក សម រង្ស៊ី បានទូរស័ព្ទមក លោក យឹម សុវណ្ណ និងជំរុញឱ្យលោក យឹម សុវណ្ណ ទទួលយកតំណែងអនុប្រធានគណបក្សសង្គ្រោះជាតិ។ ការរៀបចំរចនាសម្ព័ន្ធថ្មីក្នុងគណបក្សសង្គ្រោះជាតិនេះ គឺជា ការរៀបពង្រឹងកម្លាំងសារឡើងវិញរបស់លោក សម រង្ស៊ី ក្រោយនយោបាយលាលែងលេងៗ បានក្លាយជាមែនទែននោះ។
ក្នុងការសរសេរមួយលើគេហទំព័ររបស់លោក សម រង្ស៊ី នៅថ្ងៃទី២៦កុម្ភៈនៅមុនសមាជបក្សបានមកដល់ លោកបានសរសេរថា ត្រូវជំនួសបក្សពួកនិយមដោយសមត្ថភាពនិយម… ដែលសម្តីនេះ ហាក់ដូចជាកំពុង វាយប្រហារ និងទះកំភ្លៀងថា ក្រុមលោក កឹម សុខា គឺជាក្រុមគ្មានសមត្ថភាពដឹកនាំបក្ស…ហើយមានតែក្រុម សម រង្ស៊ីទេ ដែលមាន សមត្ថភាពជាងក្រុមលោក កឹម សុខា។ សំណួរតែមួយគត់នាពេលនេះ គឺ ក្រោយការឃើញសម្តីចុងក្រោយបង្ហាញ ការមើលងាយនេះ តើលោកកឹម សុខា នឹងឱ្យលោក សម រង្ស៊ី មានឱកាសមកធ្វើជាបងធំរបស់លោកវិញដែរ ឬទេ ? ។
ខាងក្រោមនេះគឺជា សំដីជាក់ស្តែងរបស់លោក កឹម សុខា បញ្ជាក់ពីឱកាសមាសរបស់ខ្លួនក្នុងការផ្តួលរំលំលោក សម រង្ស៊ី ។ នេះជាការពិត១០០% អ្នកគាំទ្របក្សសង្គ្រោះជាតិត្រូវដឹងឱ្យច្បាស់។

លោក សុខ ឥសាន ៖ បំណុល មីក្រូហិរញវត្ថុ

អ្នកនាំពាក្យគណបក្សប្រជាជកម្ពុជាលោក សុខ ឥសាន្ត នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បាន​លើក​ឡើង​ថា ដោយសារជឿការឃោសនាបោកប្រាស់ ភូតកុហករបស់លោក សម រង្ស៊ី នាពេលកន្លងទៅថា បើ​គេ​ឈ្នះឆ្នោត គេនឹងលុបចោលបំណុលធនាគារចោលទាំងអស់ ប្រជាជនមួយចំនួនធំបាន​លង់ទៅខ្ចី​ប្រាក់ពី​ស្ថាប័ន​មីក្រូហិរញវត្ថុយ៉ាងច្រើន ដោយធ្វេសប្រហែស និងមានសង្ឃឹមថា គេនឹងលុបចោលបំណុលដដែល។
លោក សុខ ឥសាន បញ្ជាក់បន្តថា ឥទ្បូវស្រាប់តែលោក សម រង្ស៊ី និយាយយករួចខ្លួនថា ឲ្យរាជ​រដ្ឋាភិ​បាល​ជួយ​ចេញសងបំណុលមីក្រូហិរញវត្ថុរបស់ប្រជាជនទៅវិញ។ នេះបានចំជាប្រើឧបាយកលទុច្ចរិត បោកប្រាស់ធ្វើឲ្យ​ប្រជាជន​វណ្ឌ ក នឹងបំណុល ហើយបំភាន់មតិសាធារណៈ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលទៅវិញ។
ទោះយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា រាជរដ្ឋាភិបាល មាន​តែ​អប់រំ និងរំលឹកប្រជាជនទូទៅ ឲ្យមានការប្រុងប្រយ័ត្នចំពោះបំណុលមីក្រូហិរញវត្ថុ កុំចូលចិត្តខ្ចីពេក ពីព្រោះ​ស្ថាប័ន​មីក្រូហិរញវត្ថុ ជាស្ថាប័នឯកជន មិនមែនជារបស់រដ្ឋទេ បើជារបស់ឯកជន គេយកកិច្ចសន្យា​ទ្វេភាគី​ជា​ផ្លូវ​ច្បាប់។
មន្ត្រី​នាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះសង្កត់ធ្ងន់ថា ដោយសារការឃោសនាអកុសលរបស់លោក សម រង្ស៊ី គ្មានការទទួលខុសត្រូវបែបនេះហើយបានជារាជរដ្ឋាភិបាល ចាត់វិធានការផ្សព្វផ្សាយ អប់រំ និងរំលឹក​ប្រជា​ជន កុំឲ្យធ្វេសប្រហែសថា ស្ថាប័នមីក្រូហិរញវត្ថុ ជាស្ថាប័នឯកជន រកស៊ីរកផលចំណេញ។
លោក សុខ ឥសាន បានឱ្យដឹងទៀតថាផលវិបាករបស់ប្រជាជនជំពាក់បំណុលមីក្រូហិរញវត្ថុ គឺជាកំហុស នៃ​ឧបាយកលពិសពុលរបស់លោក សម រង្ស៊ី យ៉ាងប្រាកដ៕