ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
គណៈអធិបតី និងអង្គពីធីសន្និបាតទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសោមនស្សរីករាយ ដែលបានមកចូលរួម ក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មកពីគ្រប់អង្គភាពក្រោមឱវាទក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន នាពេលនេះ។ ថ្ងៃនេះគឺយើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារដ៏ស្គឹមស្កៃនេះផងដែរ ដែលជានិមិត្តរូបនៃការដំណើរទៅមុខរបស់យើង។
ផ្អែកតាមរបាយការណ៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ជាពិសេស នៅឆ្នាំ២០២៣ ដូចជា ការពង្រីកវិសាលភាពការងាររបស់ក្រសួង តាមរយៈការផ្លាស់ប្តូរឈ្មោះពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ការជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច ការសម្រេចឱ្យមានការប្រារព្ធ «ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជារៀងរាល់ឆ្នាំ ព្រមទាំងការកែលម្អបរិយាកាសការងារ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវអគារទីស្តីការក្រសួងថ្មីដែលមាន កម្ពស់ ១៨ ជាន់ និងត្រូវបានប្រសិទ្ធនាមថា «អគារតេជោសែន» និងការបន្តកែលម្អអគាររដ្ឋបាលរបស់មន្ទីរតាមបណ្តារាជធានី-ខេត្ត សំដៅឱ្យមន្ត្រីរាជការបំពេញការងារប្រកបមានមោទនភាព និងប្រសិទ្ធភាព។ ចំណុចនេះបង្ហាញឱ្យឃើញថា ក្រោមការដឹកនំារបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានបង្កើតសមិទ្ធផលជាច្រើន រាប់ទាំងការកែទម្រង់ការងារ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីសម្រួល និងបង្កលក្ខណៈ សម្រាប់កិច្ចដំណើរការរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
ផ្អែកលើលទ្ធផលនៃការវិភាគស៊ីជម្រៅអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាល ក្រោមអគ្គមគ្គុទ្ទេសក៍ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប្រមាណ ៤ ទសវត្សរ៍ កន្លងមកនេះ ព្រមជាមួយនឹងឆន្ទៈសម្រេចឱ្យបាននូវក្តីស្រមៃរបស់ជាតិយើងទាំងមូល ក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃ រដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សរុបរយៈពេល ២៥ ឆ្នាំទៅមុខ ដោយរក្សាវិស័យអាទិភាពទាំង ៤ នៃយុទ្ធសាស្រ្តចតុកោណ គឺ «មនុស្ស ផ្លូវ ទឹក និងភ្លើង» នៅដដែល និងបន្ថែមវិស័យអាទិភាពមួយទៀតគឺ «បច្ចេកវិទ្យា» ពោលគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេស បដិវត្តន៍ឧស្សាហកម្មទី ៤ ដែលកំពុងផ្លាស់ប្តូរនូវរបៀបនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត និងការប្រាស្រ័យទាក់ទងរវាងមនុស្សទូទាំងសកលលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានបន្ថែមបញ្ចកោណទី ៥ គឺ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពការងារ។
រាជរដ្ឋាភិបាលក៏បានដាក់ចេញក្របខណ្ឌគោលនយោបាយ មានជាអាទិ៍៖ «គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០» ដែលមានគោលបំណងកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចំពោះមុខ ក៏ដូចជាសម្រាប់ចូលរួមនៅក្នុងដំណើរការបង្កើតបច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍ នាពេលអនាគត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ី រួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង និង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលមានគោលបំណងកសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់លើគ្រប់វិស័យ ព្រមទាំងចូលរួមដោះស្រាយ បញ្ហាប្រឈម និងបង្កើតកាលានុវត្តភាព សម្រាប់វិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការកែលម្អការប្រកួតប្រជែងក្នុងវិស័យអាទិភាពឱ្យមានលក្ខណៈថ្លៃថ្នូរ ស្មើភាព និងយុត្តិធម៌ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង ប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តរភាព។ ជាមួយនឹងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាប្រចាំ នូវសមិទ្ធកម្មនៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» រាជរដ្ឋាភិបាល កំពុងសិក្សាធ្វើបច្ចុប្បន្នភាពគោលនយោបាយដ៏សំខាន់នេះ ដោយដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការគោលនយោបាយសមស្រប សម្រាប់ធ្វើបរិវត្តកម្មឧស្សាកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ។ លើសពីនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បាន និងកំពុងផ្តល់អាទិភាពខ្ពស់ចំពោះការលើកស្ទួយសហគ្រាសធុនមីក្រូតូច និងមធ្យម សិប្បកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយជាច្រើន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ២ នៃ បញ្ចកោណទី ៣ ព្រមទាំងការពង្រឹងឧស្សាហកម្មប្រតិគមន៍ (Backward Linkages) និងការកាត់បន្ថយថ្លៃដើមប្រតិបត្តិការអាជីវកម្ម ដូចជា ថ្លៃដឹកជញ្ជូន ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃឌីជីថល ថ្លៃសេវាសាធារណៈ និងថ្លៃមូលធន។
ជាមួយនឹងការដាក់ចេញនូវគោលនយោបាយអាទិភាព ចំនួន៦សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមនៅឆ្នាំ ២០២៣នោះ ក្នុងកម្មវិធីទី២ដែលនឹងរួមចំណែកផ្ទាល់លើកស្ទួយដល់សហគ្រាសធុនមីក្រូតូច និងមធ្យម និងសិប្បកម្ម ក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជន មកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស និងការដាក់ចេញនូវការជំរុញអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣និង២០២៨ ឱ្យមានលទ្ធភាពចូលរួមក្នុវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។
ចំពោះកិច្ចការដ៏សំខាន់នេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ឱ្យទទួលបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ហើយជាក់ស្ដែងរាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រសួងស្ថាប័នពាក់ព័ន្ធក៏កំពុងរៀបចំសកម្មភាពផែនការលំអិត និងសូចនាករគន្លឹះសម្រាប់វាស់វែង និងវាយតម្លៃសមិទ្ធកម្មរៀងៗខ្លួន ដើម្បីសម្រេចគោលដៅដែលបានកំណត់រួមមានអាទិភាពការងារគន្លឹះចំនួន៥ និងសកម្មភាពការងារចំនួន៤៥។ រាជរដ្ឋាភិបាលក៏កំពុងរៀបចំយន្តការប្រមូលទិន្នន័យជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់និងវាយតម្លៃជាមូលដ្ឋានូវទិន្នន័យពាក់ព័ន្ធនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះពាក់ព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលខាងមុខ។
[ផ្ដើមសេចក្ដីអធិប្បាយ]
(១) ពង្រឹងមូលដ្ឋានអភិវឌ្ឍ ដោយជំរុញចីរភាពនិងភាពធននៃសេដ្ឋកិច្ច និងបង្កើតការងារ
គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។ ការជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពធន់ និងបង្កើតការងារឱ្យបានច្រើន គឺជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៅ។ វាអស់ត្រឹមហ្នឹងហើយ។ ដើម្បីធ្វើឱ្យប្រទេសរីកចម្រើនទៅជាប្រទេសមាន ទាល់តែចំណូលប្រជាពលរដ្ឋម្នាក់ៗ កើនដល់កម្រិតមួយ។ រដ្ឋអត់មានថវិកាសម្រាប់ចែកចូលក្នុងហោប៉ៅប្រជាពលរដ្ឋទេ ក្រៅតែពីការបង្កើតការងារ។ ហើយការងារនោះ អាចទាញផលជាចំណូលមាននិរន្តរភាពនិងភាពធន់។ ការជំរុញរបស់យើងត្រូវគិតអំពីមូលដ្ឋាន។ អគារ១៨ជាន់នេះ បើយើងមិនបុកគ្រឹះរឹងមាំទេ ក៏មិនជាប់យូរដែរ ជាពិសេសតំបន់នេះប្រហែលជាតំបន់ទឹកពីដើមផង នៅរាជធានីភ្នំពេញរបស់យើង …។
(២) សហគ្រាសមីក្រូ តូចនិងមធ្យម (MSMEs) ជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា
គ្រឹះនៃសេដ្ឋកិច្ច រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់យើង ពឹងផ្អែកទៅលើវិស័យឯកជនជាកម្លាំងស្នូល ដែលក្នុងនោះគឺសហគ្រាសហ្នឹងហើយ។ សហគ្រាសប្រភេទណា? នៅកម្ពុជា យើងត្រូវទទួលស្គាល់ថា MSMEs នេះឯងគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង។ នៅប្រទេសអ្នកមាន ប្រទេស OECD បើតាមមើលទិន្នន័យ ៩៥% នៃក្រុមហ៊ុននៅប្រទេសនោះគឺជា MSMEs នេះឯង។ MSMEs បានន័យថាក្រុមហ៊ុនតូច មធ្យម ដែលមានបុគ្គលិក ២៥០នាក់ ចុះ(ក្រោម)។ ៩៥% នៅប្រទេសអ្នកមានគឺក្រុមហ៊ុនប្រភេទនេះ។ នៅកម្ពុជាយើង បើតាមទិន្នន័យស្ដង់ដារចុងក្រោយ ត្រឹមឆ្នាំ ២០១៨ ជាង ៩៩% គឺក្រុមហ៊ុនប្រភេទនេះ។ ខ្ញុំមិនរំពឹងថាខ ២០ទៅ៣០ឆ្នាំទៅមុខទៀត ប្រទេសយើងនឹងគ្របដណ្ដប់ដោយក្រុមហ៊ុនធំនោះទេ … ក្រុមហ៊ុនមីក្រូ MSMEs នេះនៅតែជាមូលដ្ឋានដែលយើងត្រូវលើកស្ទួយ។ គោលនយោបាយពាក់ព័ន្ធជាមួយនឹងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបញ្ជាក់ដូចឈ្មោះរួចទៅហើយ គឺពាក់ព័ន្ធទៅលើកិច្ចការងារនេះ។
(៣) ជំរុញឱ្យ MSMEs ដែលរាប់ចូលសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដើរនិងរីកចំរើន
ការដាក់ចេញផែនការរបស់យើងនៅក្នុងការបង្កើតការងារ ត្រូវធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ចយើងរឹងមាំ។ មូលដ្ឋានសេដ្ឋកិច្ចវិស័យឯកជនរឹងមាំបានត្រូវមើលទៅលើផ្នែកទាំងនោះ។ ពិតណាស់យើងទាក់ទាញក្រុមហ៊ុនធំៗមក ប៉ុន្តែកុំភ្លេចក្រុមហ៊ុនតូច MSMEs ឬមួយក្រុមហ៊ុនមីក្រូដែលមាន ១០នាក់ ឬតូចជាងហ្នឹង។ ឧទាហរណ៍ ហាងគុយទាវមួយក៏យើងចាត់ទុកជាវិស័យឯកជនមួយ។ សហគ្រាសកម្រិតមីក្រូមានច្រើន។ គោលនយោបាយដែលដាក់ចេញមកនេះ ពិសេសពាក់ព័ន្ធជាមួយក្រសួង គឺជំរុញលើកទឹកចិត្តធ្វើយ៉ាងណាឱ្យ MSMEs នេះដើរ។ ខ្ញុំបានឃើញ MSMEs និងផលិតផលច្រើន … យើងបានរីកចម្រើន ប៉ុន្តែនៅមានសក្ដានុពលធំៗ ដែលអាចរីកចំរើនថែមទៀត។ ត្រូវធ្វើយ៉ាងម៉េចជំរុញទាំងប្រព័ន្ធការងារ និងរចនាសម្ព័ន្ធឱ្យបានច្រើន ឱ្យកាន់តែកើន រៀបចំប្រព័ន្ធអេកូឡូស៊ី និងការរៀបចំលើកទឹកចិត្តផ្សេងៗ ដើម្បីឱ្យសហគ្រាសធុន មីក្រូ តូច និងមធ្យម និងសិប្បកម្មបានដើរ ក្នុងនោះក៏មានវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើន។
(៤) ទាក់ទាញសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធ
ស្អីទៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ? គាត់ជា Business ដូចគ្នា គ្រាន់តែគាត់អត់ចុះឈ្មោះដោយសារកត្តាផ្សេងៗ។ ដើម្បីឱ្យមូលដ្ឋានយើងរីកចម្រើន ទាល់តែយើងអាចប្រមូល(អង្គភាព)ទាំងអស់មកក្នុងប្រព័ន្ធ បានន័យថាកុំឱ្យមានការបែងចែក។ ពិតណាស់ យើងមិនអាចប្រមូលគ្រប់គ្នាទេ ជួនកាលគាត់ស្វ័យនិយោជន៍តូចតាច ដូចនេះគាត់មិនចុះឈ្មោះ។ ចុះឈ្មោះដើម្បីអី? ដើម្បីយើងអាចចេញជាគោលនយោបាយផ្តល់ការជួយឧបត្ថម្ភ។ ពេលដែលខ្ញុំប្រកាសចេញនូវកម្មវិធីទី២ នៅក្នុងចំណោមកម្មវិធីអាទិភាពគន្លឹះទី៦ ជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ (ខ្ញុំបានសង្កត់ធ្ងន់ថា)យើងត្រូវដឹងថាគាត់នៅឯណា បានយើងអាចជួយបាន។ ការរៀបចំប្រមូលទិន្នន័យ គឺដើម្បីឱ្យដឹងថាតើសហគ្រាសមីក្រូ តូច និងមធ្យមរបស់យើងទៅឯណា។ ប្រភេទអីខ្លះ។ យើងទាញគាត់ឱ្យចូលនៅក្នុងប្រព័ន្ធ មិនបង្ខំទេ។ យើងទាក់ទាញតាមរបៀបធ្វើទីផ្សារ (Marketing) តាមរយៈការផ្សព្វផ្សាយឱ្យបានយល់អំពីអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលរៀបចំជូនគាត់ ផលប្រយោជន៍ពីការចូលមកក្នុងប្រព័ន្ធជាជាងនៅក្រៅប្រព័ន្ធ។ ពេលដែលចូល(មក)ក្នុងប្រព័ន្ធហើយ ក៏កុំឱ្យថាចូលក្នុងប្រព័ន្ធហើយមានការលំបាក និងបារម្ភថាចូលមកជាប់ស្អីៗ នោះ។
(៥) MSMEs ផ្តល់ការងារខ្ទង់ ៧០% នៅទូទាំងប្រទេស ឬមានជិត ៦០% នៃ ផ.ស.ស
អំពីកិច្ចការនេះគឺយើងផ្តល់គោលការណ៍ គោលនយោបាយ និងការអនុគ្រោះ និងការរៀបចំប្រព័ន្ធពន្ធ ប្រព័ន្ធអីផ្សេងៗ ធ្វើយ៉ាងណាឱ្យ(សហគ្រិនស្វ័យនិយោជន៍)ចូល(មក)ក្នុងប្រព័ន្ធ ដើម្បីយើងងាយស្រួលក្នុងការប្រទាក់ក្រឡាគ្នារៀបចំជាកម្លាំងសរុប។ ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាជនមានមូលដ្ឋានរឹងមាំ មិនសំខាន់ទៅលើបរិមាណទេ សំខាន់ទៅលើគុណភាព។ ចំនួនសហគ្រាសបូកចូលគ្នាមានរាប់ម៉ឺនមែន ប៉ុន្តែក៏មិនច្រើនដូចប្រទេសគេផ្សេងដែរ។ ប្រសិនជាយើងអាចបង្រួមគ្នាបាន អាចជួយគ្នាបាន ផ្អែកទៅតាមវិស័យបាន ខ្ញុំថាកិច្ចការនេះសំខាន់។ បច្ចុប្បន្ននេះ បើយើងមើលភាគរយនៃការផ្តល់ការងារក្នុងទូទាំងប្រទេស ប្រហែលជាខ្ទង់ ៧០% ផ្តល់ដោយសហគ្រាសតូច/មីក្រូនេះឯង។ គិតជាភាគរយនៃ ផ.ស.ស គឺមានជិត ៦០%។ អញ្ចឹង យើងរៀបចំ ចងក្រង ហើយដាក់ទិសដៅជួយ MSMEs ដើម្បីជួយបង្កលក្ខណៈឱ្យអ្នកក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ។
(៦) ពិភពលោករីកចំរើនដោយសារការបង្កើតផលិតផលថ្មី ឬធ្វើនវានុវត្តន៍
ដែលគាត់ចង់ធ្វើ Business អីជារឿងរបស់គាត់។ រឿងហ្នឹងអត់សំខាន់ទេ។ សំខាន់យើងយកមូលដ្ឋានរួម ដាក់ចេញគោលនយោបាយរួម ព្រោះយើងអត់អាចទៅកំណត់សិប្បកម្មមួយត្រូវឱ្យទៅធ្វើនេះឬនោះទេ។ យើងត្រូវការនវានុវត្តន៍។ ពិភពលោករីកចម្រើនដោយសារការបង្កើតផលិតផលថ្មីៗ ដែលមនុស្សមិនដែលបានគិត ១០ទៅ ២០ឆ្នាំមុន។ តែបើយើងដាក់ទិសដៅ ប្រាប់ថាមិនឱ្យផលិតរបស់នេះឬនោះ ពិតណាស់វាមានរបស់ដែលខុសច្បាប់យើងមិនឱ្យផលិត ប៉ុន្តែជាទូទៅត្រូវលើកទឹកចិត្តឱ្យធ្វើនវានុវត្តន៍។ ខ្ញុំមើលនៅក្នុងការវិវត្តន៍នៃបច្ចេកវិទ្យា និង AI ទៅមុខទៀត Business ភាគច្រើននៅលើពិភពលោកគឺ Small ហ្នឹងហើយ ព្រោះវាបង្កើនលទ្ធភាពឱ្យប្រើមនុស្សតិច តែផលិតផលធំ។ ក្រុមហ៊ុនដែលធ្វើធំៗ ដូច Facebook ដូចស្អីនោះ ប្រហែលជាមិនមានច្រើនទេ តែវាមានក្រុមហ៊ុនតូចៗ ហើយក្រុមហ៊ុនធំហ្នឹងក៏គាត់មាន Sub Contract ពីតូចៗ ដូចគ្នា។
(៧) សេដ្ឋកិច្ចក្រៅប្រព័ន្ធ គប្បីក្តាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមគ្នាបង្កើតជាកម្លាំងសេដ្ឋកិច្ចមួយធំ
នៅកម្ពុជាយើងដូចគ្នា។ ដែលខ្ញុំលើកនៅក្នុងន័យនេះ គឺពាក់ព័ន្ធទៅនឹង MSMEs និងក្រៅប្រព័ន្ធ សូមឱ្យក្រសួងយកចិត្តទុកដាក់ទៅលើការរៀបចំយន្តការដើម្បីទាញ(សេដ្ឋកិច្ច)ក្រៅប្រព័ន្ធ។ ឥឡូវយើងមានកម្លាំង យើងមានក្រុមហ៊ុនធ្វើដូចគ្នា ១០ តែយើងមានតែ ៣ទេ ដែលធ្វើការងារជាមួយយើងផ្លូវការ។ ៧ទៀតជាកម្លាំងរបស់ជាតិយើងដែរ តែយើងអត់មានប្រទាក់ក្រឡាជាមួយគាត់។ យើងទៅប្រកួតជាមួយអ្នកណា? បើសិនជាទាញ ៧នេះ ចូលមកក្នុងប្រព័ន្ធ រួមគ្នាជាកម្លាំងមួយ រដ្ឋក៏អាចប្រទាក់ក្រឡាបាន ហើយគាត់ក៏អាចជួយបាននៅក្នុងប្រព័ន្ធនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តជូនបងប្អូននៅក្នុងវិស័យឯកជន ពិសេសបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្វែងយល់និងចាប់យកគោលនយោបាយដែលរដ្ឋាភិបាលអាណត្តិផ្តល់ជូន ដើម្បីយើងរួមគ្នាធ្វើការងារ រួមគ្នាបង្កើតជាកម្លាំងសេដ្ឋកិច្ចមួយធំ។ ប្រទេសយើងតូច តែបើយើងរួមគ្នាធ្វើ ហើយអាចរួមគ្នាបាន ភាពជាដៃគូរវាងឯកជននិងរាជរដ្ឋាភិបាល ជាពិសេស MSMEs នេះ ខ្ញុំគិតថាជាការងារល្អ ជាកម្លាំងធំ។ ខ្ញុំសូមក្រសួងដែលបានជំរុញការងារនេះ បន្តលើកទឹកចិត្ត ចងក្រងនិងរៀបចំគោលនយោបាយបន្ត ពិសេសរៀបចំយន្តការអនុវត្ត។
(៨) យកការច្នៃប្រឌិតនិងផលិតភាពដើម្បីប្រកួត
(ត្រូវមាន)យន្តការអនុវត្តដោយមានប្រសិទ្ធភាពនិងចីរភាព។ គួរកុំមានយន្តការច្រើនពេក។ ជួនកាលយន្តការដែលមានច្រើន វាទៅជាយន្តការដែលប្រកួតប្រជែងគ្នាទៅវិញ។ ដែលយន្តការយើងតូច/តិច ហើយមិនសាមគ្គីគ្នាទៀត វាទៅជាតូចមែនទែន។ កុំភ្លេចថាយើងផលិតដើម្បីបំរើអោយទាំងផ្គត់ផ្គង់ក្នុងស្រុកទាំងក្រៅស្រុក។ សូម្បីតែក្នុងស្រុក ក៏យើងត្រូវផលិតដើម្បីប្រកួតប្រជែងនឹងផលិតផលនាំចូលពីក្រៅដែរ។ យើងមិនអាចបិទប្រទេសបានទេ។ យើងក៏ត្រូវបើកអោយនាំរបស់យើងចេញទៅក្រៅ ហើយក៏ត្រូវឲ្យគេ(នាំរបស់គេ)ចូល(មក)។ អញ្ចឹងបើយើងរួមគ្នាជាសិប្បកម្ម អាចប្រមូលទុន ប្រមូលជំនាញ អាចផលិតបាន ប្រកួតប្រជែងបាន។ យើងមិនអាចដាក់ច្បាប់ បិទមិនឲ្យ(មានការនាំ)ចូលទេ។ មានតែយកការច្នៃប្រឌិតនិងផលិតភាពរបស់យើងដើម្បីប្រកួត។ បានន័យថា អតិថិជនយើង ថ្ងៃណាមួយគាត់នឹងមកទិញផលិតផលក្នុងស្រុកដោយមិនចាំបាច់បង្ខំគាត់។ អញ្ចឹងហើយបានទាមទារការជួយរបស់រាជរដ្ឋាភិបាល ការផ្គុំកម្លាំងគ្នារបស់សិប្បកម្មរបស់សហគ្រាស ដែលផលិត(នូវផលិតផល)ដូចៗគ្នា រួមគ្នាធ្វើការ។ បើមិនប្រមូលកម្លាំងទេ យើងប្រកួតមិនឈ្នះគេទេ … ហើយបើសិនជាយើងកាន់តែប្រកួតគ្នាខ្លួនឯងទៀតនៅលើទីផ្សារតូចនេះ យើងកាន់តែលំបាក។
(៩) បង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជនតាមរូបភាព រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ
អញ្ចឹងកិច្ចការទាំងអស់នេះ មិនត្រឹមតែដាក់ចេញគោលនយោបាយថ្មីទេ។ ខ្ញុំថា(យើងខិតខំ)ពង្រឹងជាជាងពង្រីក ជាជាងបង្កើតយន្តការថ្មី។ យើងត្រូវពិនិត្យមើលយន្តការដែលមានស្រាប់តើច្រើន ឬនៅខ្វះ។ បើខ្វះពិតប្រាកដចាំយើងបង្កើតថ្មី។ បើអត់ទេយើងបង្រួមទៅ។ កន្លែងខ្លះ បើថាអាចបង្រួមបានបង្រួមទៅ ពីកម្លាំងពីរដែលប្រកួតគ្នា មកជាកម្លាំងមួយជជែកគ្នា ធ្វើការជាមួយគ្នា រួមគ្នា ហើយរាជរដ្ឋាភិបាលសម្របសម្រួលជូន។ ខ្ញុំគិតថា ធ្វើបែបនេះគឺនៅក្នុងន័យនៃការពង្រឹងហើយ … យើងបង្កើតច្រើន សេរីភាពយើងមាន ប៉ុន្តែត្រូវមានការវាយតម្លៃ។ វិស័យឯកជនក៏សូមចូលរួមជាមួយនេះ ពីព្រោះរដ្ឋមិនចង់ដើរតួនាទីជាអ្នកចង្អុលទេ។ ខ្ញុំចង់ឲ្យតែរដ្ឋដកខ្លួនថយឲ្យបានកាន់តែច្រើន ទុកឲ្យឯកជនចូលរួមគិត ចូលរួមដឹកនាំអនុវត្តតែម្ដង ដែលខ្ញុំថាភាពជាដៃគូរវាងរដ្ឋ និងឯកជននោះ មិនមែនតែរួមគ្នាគិតទេ គឺរួមគ្នាធ្វើនិងរួមគ្នាទទួលខុសត្រូវ។
(១០) វិស័យឯកជនចូលរួមគិតគូរនិងអនុវត្ត រដ្ឋជួយសម្រួល ជាវិធីសាស្ត្រធានាភាពប្រកួតប្រជែងរយៈពេលវែង
អ្វីដែលរដ្ឋអាចជួយ គ្រាន់តែបង្កើតយន្តការ ជួយសម្របសម្រួល ផ្ដល់គោលការណ៍មួយចំនួន ប៉ុន្តែវិស័យឯកជនគឺជាអ្នកដែលគិតគូរជាមួយគ្នា លើកយោបល់។ បើរដ្ឋៗឯកភាព រួមគ្នាអនុវត្តគោលការណ៍បែបនេះ។ ខ្ញុំគិតថា មានតែវិធីសាស្រ្តនេះទេទើបយើងអាចជោគជ័យ ហើយធានានូវភាពប្រកួតប្រជែងយើងរយៈពេលវែង។ ពេលខ្លះធនធានយើងតិចណាស់ តែផ្គុំគ្នាយើងធ្វើបាន។ ឥឡូវ យើងសាកល្បងនៅក្នុងវិស័យទេសចរណ៍។ កន្លងទៅ យើងមានសមាគមទេសចរណ៍ យើងមានសមាគមអូតែល សមាគម tour សមាគម restaurant។ សមាគមមួយៗ ដាក់ផែនការ ហើយមានយន្តការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល។ ប៉ុន្តែឥឡូវ យើងសាកយន្តការមួយបង្កើតនៅក្រសួងទេសចរណ៍ឲ្យវិស័យឯកជនចូលក្នុង Board ហ្នឹងតែម្ដង។ គិតរួមគ្នា ដាក់ផែនការអនុវត្ត បង្កើតកញ្ចប់ទេសចរអីរួមគ្នាធ្វើតែម្ដង ហើយរដ្ឋាភិបាលចូលរួមជួយកម្រិតណាមួយដែលអាចធ្វើទៅបាន។
(១១) “រដ្ឋាភិបាលជាអ្នកបើកទ្វារ វិស័យឯកជនជាអ្នកចេញចូល”
សូមទោសពីអ្នកជំនាញក្នុងក្រសួង។ ខ្ញុំយល់ថាគាត់យល់ច្បាស់ពីយុទ្ធសាស្រ្ត business និងគ្រាន់បើជាងយើង។ យើងអាចយល់ពីច្បាប់ ពីក្របខណ្ឌម៉ាក្រូ តែកិច្ចការមីក្រូដែលគាត់ធ្វើ គាត់ច្បាស់ជាងយើង។ ខ្ញុំរៀនសេដ្ឋកិច្ចមកមួយជីវិតហើយ តែបើបោះឲ្យខ្ញុំរកស៊ី ខ្ញុំមិនច្បាស់ទេ។ បើឲ្យខ្ញុំគិតពីរឿងក្របខណ្ឌម៉ាក្រូ នយោបាយស្អីៗ កាត់ការប្រាក់ ធ្វើឲ្យស្អីកើនឡើង តម្លៃលុយអីចុះ ជួយសេដ្ឋកិច្ចអីយ៉ាងម៉េច ខ្ញុំចេះ ប៉ុន្តែបើថាឲ្យខ្ញុំទៅ marketing ទៅមិនរួចទេ។ តែវិស័យឯកជនគាត់ចេះ។ យើងរស់នៅក្នុងពិភពលោកមួយដែលប្រកបទៅដោយភាពប្រកួតប្រជែង។ សកលភាវូបនីយកម្មគឺជាអ្វីដែលយើងត្រូវធ្វើ។ អញ្ចឹង ប្រកួតប្រជែងភាគច្រើនគឺសេដ្ឋកិច្ច។ យើងចាប់ផ្ដើមគោលនយោបាយសេដ្ឋកិច្ចតាំងពី ៦ខែមុន គឺយកការទូតសេដ្ឋកិច្ចជាគោល។ មើលថ្នាក់ដឹកនាំប្រទេសផ្សេង ក៏គេធ្វើដូចគ្នា គឺការទូតសេដ្ឋកិច្ច។ មេដឹកនាំទៅកន្លែងណាក៏ដោយ តែងតែជួបវិស័យឯកជន ហើយទាមទារប្រកួតប្រជែង។ អញ្ចឹង រដ្ឋាភិបាលបើកបានតែទ្វារទេ។ ប៉ុន្តែអ្នកចេញចូលគឺវិស័យឯកជនហើយ។ ហៅគេមក និងយើងទៅគេ តើប្រកួតប្រជែងយ៉ាងណា?
(១២) អនុវត្តយុទ្ធសាស្ត្របញ្ចកោណ កែសម្រួលរដ្ឋបាលសាធារណៈ/រចនាសម្ព័ន្ធ ធ្វើឱ្យក្លាយជាប្រទេសមាន
ក្នុងន័យនេះ ម៉ាស៊ីនរបស់សេដ្ឋកិច្ចគឺវិស័យឯកជន ក្នុងនោះ MSMEs សហគ្រាសធុនមីក្រូ តូច និងមធ្យមនឹងដើរតួនាទីកាន់តែសំខាន់។ ឥឡូវសំខាន់ហើយ តែកាន់តែសំខាន់តទៅមុខទៀត។ (យើងត្រូវ)រួមកម្លាំងទាំងវិស័យនៅក្នុងប្រព័ន្ធ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ … នេជាការកសាងមូលដ្ឋានក្នុងមួយអាណត្តិនេះ … យើងមាន(យុទ្ធសាស្ត្របញ្ចកោណ) ២៥ឆ្នាំ … អញ្ចឹង ១អាណត្តិនេះ ខ្ញុំថាជាអាណត្តិដែលត្រូវកសាងនិងកែសម្រួលមូលដ្ឋាន ទាំងក្នុងរដ្ឋបាលសាធារណៈ កែទម្រង់រចនាសម្ព័ន្ធផ្សេងៗ។ គឺ(ត្រូវការពេល) ៥ឆ្នាំ។ ខ្ញុំមិនគិតថា មួយឆ្នាំ(២០២៤)នេះធ្វើអស់ទេ។ តែវាត្រូវចាប់ផ្ដើមពី ២០២៤ នេះ។ បើ(គិតជាអាណត្តិ) ៥ឆ្នាំ ២០ឆ្នាំទៀត យើងធ្វើបានមូលដ្ឋានរឹងមាំនោះប្រទេសយើងនឹងមានហើយ។ ដូចជាធ្វើអគារនេះ។ ខ្ញុំគិតថា ប្រហែលដូចជាអគារទាំងអស់ដែរ។ យូរបំផុតគឺសង់គ្រឹះក្រោមដីហ្នឹង។ ចំណាយពេលយូរគឺអាគ្រឹះក្រោមដីហ្នឹង។ ពេលដែលគ្រឹះក្រោមដីវាមាំ វាការពារទឹកអីហើយឡើងមក ១៨ជាន់នេះមិនសូវយូរទេ។ ខ្ញុំគិតថា ក្នុង ៥ឆ្នាំនេះ រកវិធីកែសម្រួល រៀបចំឲ្យទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំង SMEs រឹងមាំ។ រាជរដ្ឋាភិបាលចាំតែស្វាគមន៍ក្នុងការដាក់ចេញគោលនយោបាយសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការ។
(១៣) សហការជាមួយមិត្តនៅខាងក្រៅ តែជាអាទិភាពពង្រឹងសមត្ថភាពផ្ទៃក្នុង រាប់ទាំងវិស័យឯកជន
យើងទៅជួបវិស័យឯកជននៅខាងក្រៅប្រទេស យើងដោះស្រាយ ប៉ុន្តែមិនភ្លេចទេវិស័យឯកជនក្នុងប្រទេស។ ខ្ញុំចង់បានណាស់នូវផលិតផល និងការដកដង្ហើមខ្លួនឯងលើគ្រប់វិស័យនោះ។ យើងនឹងខិតខំជួយដើម្បីពង្រឹង។ ចៀសមិនផុត យើងត្រូវតែធ្វើការសហការជាមួយមិត្តនៅខាងក្រៅ តែអាទិភាពនៅតែជាការទាញយកដើម្បីពង្រឹងសមត្ថភាពផ្ទៃក្នុង ក្នុងនោះទាំងវិស័យឯកជនកម្ពុជា។ ម្សិលម្ង៉ៃ ខ្ញុំទៅសម្ពោធស្ពាននៅចាក់អង្រែក្រោម និងព្រែកប្រា។ នៅមុខឯកអគ្គរដ្ឋទូតចិន ខ្ញុំបានថ្លែងថា កម្ពុជានឹងបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយសង្ឃឹមថាថ្ងៃក្រោយកម្ពុជានឹងមានសមត្ថភាពធ្វើហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនថ្មីៗ ទាំងក្រោមដី លើដី ហើយធ្វើដោយកូនខ្មែរ ដោយក្រុមហ៊ុនខ្មែរ។ មហិច្ឆតារបស់ខ្ញុំគឺដូច្នឹង។ យើងមិនមែនទាញតែជំនួយមក ហើយយើងចប់នោះទេ។ ពីឆ្នាំ ១៩៩០ជាង មានជំនាញការមកពី World Bank អីមកជួយសរសេរគោលនយោបាយឱ្យយើង។ ឥឡូវយើងបានទាញយកជំនាញនេះមកធ្វើខ្លួនឯងហើយ។ សមត្ថភាពកូនខ្មែរអាចធ្វើអគារច្រើនជាន់ ធ្វើស្ពានឆ្លងទន្លេហើយ តែមិនទាន់បានធ្វើក្រោមដីទេ។ ថ្ងៃក្រោយ យើងចង់ធ្វើទាំងអស់។
(១៤) ក្រសួងបន្តពង្រឹងនិងពង្រីកភាពម្ចាស់ការ រៀបចំបទដ្ឋានគតិយុត្ត ជួយ MSMEs និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អញ្ចឹងយើងត្រូវពង្រឹងវិស័យឯកជន។ នេះគឺជាទិសដៅនៅក្នុងការជួយ ដោយសារយើងត្រូវពង្រឹងមូលដ្ឋាន ដកដង្ហើមខ្លួនឯង លើកទឹកចិត្តឱ្យម្ចាស់ការខ្លួនឯងបានច្រើន ទោះបីជាយើងមិនអាចកាត់ផ្ដាច់ពីពិភពលោកខាងក្រៅ។ អញ្ចឹងនៅក្នុងន័យនេះ ទាក់ទងនឹងក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលភារកិច្ចស្នូលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការជួយលើកកម្ពស់ MSMEs និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ធ្វើយ៉ាងម៉េចយកចិត្តទុកដាក់រៀបចំបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីយើងពង្រឹងលើការងារនេះអោយបានលឿន។
[ចប់សេចក្ដីអធិប្បាយ១]
ដើម្បីជំរុញការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងភាពម្ចាស់ការ ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់យកទៅអនុវត្តបន្ត ដូចខាងក្រោម៖
ទី១. ត្រូវចូលរួមពន្លឿនការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល ធ្វើសមាហរណកម្មទៅក្នុងបណ្ដាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម ការពង្រឹងសុវត្ថិភាពការងារ និងបរិស្ថាន និងការវាយតម្លៃការទទួលស្គាល់សមត្ថភាពរបស់អង្គភាពវាយតម្លៃអនុលោមភាព ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងតំបន់ និងសកល។ ខ្ញុំសូមគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួង ក្នុងការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្តាមន្ទីរពិសោធន៍ជាតិ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក និងបង្កើតបានជាប្រព័ន្ធអេកូឡូស៊ីនៃហេដ្ឋារចនាសម្ព័ន្ធគុណភាព (Quality Infrastructure) ដែលនឹងគាំទ្រដល់ធុរកិច្ចនៅកម្ពុជា ហើយក៏សូមលើកទឹកចិត្តឱ្យបណ្តាមន្ទីរពិសោធន៍ ចូលរួមសហការ និងលើកកម្ពស់សមត្ថភាពខ្លួនឯង។
ទី២. ត្រូវជំរុញការរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម CamDX ឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៤ ព្រមទាំងត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុក និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទំលំទូលាយ អំពីអត្ថប្រយោជន៍នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញនេះ។ ជាមួយគ្នានេះ ត្រូវរៀបចំទិន្នន័យទីតាំងរោងចក្រតាមប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) ដើម្បីផ្តល់សុក្រឹតភាពក្នុងការគ្រប់គ្រង ព្រមទាំងព្យាយាមទាញយកផលប្រយោជន៍ពីកម្មសិទ្ធិឧស្សាហកម្ម លើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការភាពជាដៃគូជាក់លាក់ទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងផលិតកម្ម និងធុរកិច្ច។ លើសពីនេះ ត្រូវពង្រឹងជំនាញផ្នែកបច្ចេកទេសយានយន្ត យានយន្តអគ្គិសនី និងអេឡិចត្រូនិក ក្នុងវិស័យឧស្សាហកម្ម ដោយយកចិត្តទុកដាក់ចំពោះការដំឡើង ការផ្គុំ និងពាក់កណ្ដាលផលិតកម្ម។
ទី៣. ត្រូវដឹកនាំ និងជំរុញចលនាបង្កើនផលិតកម្ម និងផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ជាពិសេស ការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ពីធនធានដែលមានក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយ ដែលជួយកាត់បន្ថយការពឹងផ្អែកការនាំចូល បង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត។
ទី៤. ការចូលរួមសិក្សាស្រាវជ្រាវ អំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយ ដែលអាចសម្រួលគ្រប់នីតិវិធី និងបែបបទគយ ពន្ធដារ បរិស្ថាន ពាណិជ្ជកម្ម សេវាកម្ម ឡូជិស្ទីក និងកិច្ចការទាំងឡាយ ដែលពាក់ព័ន្ធនឹងការស្នើសុំបង្កើតឧស្សាហកម្មក្នុងតំបន់នេះ។ លើសពីនេះ ត្រូវបន្តជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដែលដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគផ្ទាល់ពីបរទេស (FDI)។ ដោយឡែក រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើកញ្ចប់ថវិកាដែលមានស្រាប់ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីទំហំធំ និងរយៈពេលយូរជាងមុន។
ទី៥. ត្រូវពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតសហភាពសមាគមសហគ្រាសធុនតូច និងមធ្យម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងការអភិវឌ្ឍ។
ទី៦. ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារ នៅក្នុងគំនិតផ្តួចផ្តើមស្តីពីការបង្កើត «មជ្ឈមណ្ឌលគាំទ្រធុរកិច្ច និង SMEs ក្នុងការចាប់យកឌីជីថល» (SMEs Go Digital Supporting Hubs) ដើម្បីចូលរួមបណ្ដុះផ្នត់គំនិតសហគ្រិនភាព និងលើកកម្ពស់ការប្រើប្រាស់ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្ម សំដៅបង្កើនប្រសិទ្ធភាពប្រតិបត្តិការធុរកិច្ច និងបង្កើនលទ្ធភាពពង្រីកទីផ្សារ ទាំងក្នុងតំបន់ និងសកល។ ក្នុងទិសដៅនេះ ត្រូវបន្តដឹកនាំ និងពង្រីកអាណត្តិរបស់សហគ្រិនខ្មែរ ឱ្យក្លាយជាកាតាលីករនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាស្ពានគាំទ្រការបង្កើត និងការអភិវឌ្ឍវិស័យថ្មីៗទៀត។
ទី៧. ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិរក្ស ដីស្រែអំបិល (ខេត្តកំពត-កែប) ដែលជាកេរដំណែលពីដូនតា និងជំរុញការផលិតអំបិលដែលរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្ត ឱ្យដើរព្រមគ្នានឹងវិធានការដោះស្រាយបញ្ហាដីស្រែអំបិលដែលមិនមានសក្តានុពល។
ទី៨. ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដើម្បីឱ្យការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺ៖ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ជូនប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជន និងជនបទ ដោយពង្រឹងការលើកទឹកចិត្តដល់ការវិនិយោគផលិតទឹកស្អាតខ្នាតធំ ឬមធ្យម ដើម្បីជួយទ្រទ្រង់តំបន់ដែលប្រឈមនឹងកង្វះប្រភពទឹក ឬខ្វះធនធានហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រសួង ត្រូវបន្តអនុវត្ត គោលនយោបាយថ្លៃទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ តែទន់ភ្លន់ ជាមួយនឹងការគិតគូរដល់ភាពសុខដុមនីយកម្មរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ហើយត្រូវផ្តល់អាទិភាពដល់ប្រជាជនក្រីក្រ និងមានជីវភាពខ្សត់ខ្សោយ រួមទាំងបងប្អូនកម្មករ និងសិស្ស-និស្សិត ដែលស្នាក់នៅតាមបន្ទប់ជួល ក្នុងការទទួលបានថ្លៃទឹកស្អាតមួយសមរម្យ។ លើសពីនេះ ត្រូវជំរុញការរៀបចំបង្កើតនិយ័តករទឹកស្អាត ដើម្បីពង្រឹងនិយតកម្ម និងអាជ្ញាបណ្ណ និងពន្លឿនការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាត ដើម្បីផ្តល់លទ្ធភាពបន្ថែមទៀត ការជួយអន្តរាគមន៍ដល់ការផ្គត់ផ្គង់ទឹកស្អាត នៅកន្លែងដែលជួបការលំបាកខ្លាំង ឬជួយសម្រួល និងគាំទ្រដល់ប្រជាជនដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រភេទក្រ១-ក្រ២។
ទី៩. បន្តជំរុញការអភិវឌ្ឍ និងការអនុម័តស្តង់ដាថ្មីៗបន្ថែមទៀត លើមុខទំនិញយុទ្ធសាស្ត្រ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារដែលជាដៃគូពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ ទន្ទឹមនេះ ត្រូវពង្រឹងប្រព័ន្ធចេញវិញ្ញាបនបត្រ និងអធិការកិច្ច ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីការពារពីការបង្កគ្រោះមហន្តរាយសុវត្ថិភាព សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ ទ្រព្យសម្បត្តិ សន្តិសុខសង្គម និងបរិស្ថាន។
ទី១០. ត្រូវសិក្សារៀបចំក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្សផ្នែកបច្ចេកវិទ្យា (Tech Talents Development Framework) សម្រាប់រយៈពេលមធ្យម និងវែង ដោយពិនិត្យបន្ថែមលើការជំរុញការបង្កើតប្រព័ន្ធអេកូវិទ្យារវាងយុវជន-នវានុវត្តន៍-នវធុរកិច្ច ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រាសធុនតូច និងមធ្យម សំដៅពង្រឹងផលិតភាព ពង្រីកទីផ្សារ បង្កើនប្រសិទ្ធភាព និងពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងលើកកម្ពស់ការចងក្រង និងការទាក់ទាញប្រមូលមូលធនមនុស្សផ្នែកបច្ចេកវិទ្យា ទាំងក្នុងស្រុក និងក្រៅស្រុក។ ទន្ទឹមនេះ ត្រូវជំរុញការរៀបចំគោលនយោបាយ សម្រាប់បង្កើតបរិស្ថានអំណោយផល និងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបន្តតម្រង់ទិសចំពោះការអនុវត្ត ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ និងរបៀបវារៈស្រាវជ្រាវជាតិ ហើយបន្តជំរុញការរៀបចំសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI Park) សារមន្ទីរវិទ្យាសាស្រ្ត (Science Museum) ក៏ដូចជាការរៀបចំ និងការប្រែក្លាយកម្ពុជា ទៅមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន (ASEAN Technology Transfer Hub)។
ទី១១. បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពស្ថាប័ន ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញការផ្តល់សេវាសាធារណៈតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងតាមយន្តការច្រកចេញ-ចូលតែមួយ ទាំងនៅក្នុងក្រសួង និងមន្ទីររាជធានី-ខេត្ត សំដៅកែលម្អផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និងធ្វើឱ្យតម្លាភាព»។
ទី១២. ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់សេវាសាធារណៈនានាក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និងបទប្បញ្ញត្តិជាធរមាន ពិសេស យុទ្ធសាស្រ្តកៀរគរចំណូលរយៈពេលមធ្យម និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទី១៣ ពន្លឿនការរៀបចំផែនាការសកម្មភាពលំអិត និងសូចនាករគន្លឹះនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានសកម្មបំផុតជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ ជាពិសេសសូមក្រសួងស្ថាប័នពាក់ព័ន្ធផ្ដល់នូវធាតុចូលរបស់ខ្លួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានទាន់ពេល និងសូមត្រៀមអនុវត្តសកម្មភាពរបស់ខ្លួនឱ្យមានសកម្មភាពខ្ពស់បំផុត
ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរ ថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំពោះការសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២៣ ហើយក៏សូមលើកទឹកចិត្តឱ្យក្រសួងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យម និងសិប្បកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសុខុមាលភាពប្រជាជនកម្ពុជា ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤» របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕
Selected Comments Samdech Moha Bovor Thipadei Hun Manet, at the closing session of 2023 annual review meeting and 2024 directives setting, and the inauguration of the Techo Sen building of the Ministry of Industry, Science, Technology and Innovation (MISTI)
[Unofficial Translation]
**********
(1) Strengthen the development base by promoting economic sustainability, resilience and job creation
The policy of the Royal Government of the seventh legislative term is to strengthen the basis for development. Promoting a sustainable and resilient economy and creating more jobs is the main goal of the Royal Government […] in order to make a country prosperous, it is necessary to increase the income of each citizen to a certain level […] in Cambodia, we need to recognize that MSMEs are the foundation of our economy. In rich OECD countries, according to the data, 95% of the companies in those countries are MSMEs […], according to the latest standard data by 2018, more than 99% are companies of this type in Cambodia. I do not expect that in the next 20 to 30 years, our country will be dominated by big companies […] these MSMEs are still the basis that we need to promote […]
(2) Encourage MSMEs, including the informal economy, to function and thrive
Setting up plan in job creation is to strengthen our economic base […] especially in relation to the MISTI to encourage functioning of these MSMEs. I have seen many MSMEs and products […] we have grown, but there is still a lot of potential to go further. We need to figure out how to strive the working systems and structures to increase the ecosystem and other incentives for micro, small and medium enterprises and handicrafts, including many informal sectors […]
(3) Attracting the informal economy by promoting the benefits
I announce two key programs among the six priority programs to help the informal economy (for which I emphasize) the need to know where they are, so that we can help them. The purpose of the data collection is to find out where our micro and small enterprises are and what kind of enterprises they are. We invite them into one system, at their free wills. We try to attract them by the marketing method though promoting awareness of the benefits that the Royal Government provides to them (through the system), and for them to see the benefits of entering the system rather than staying outside […]
(4) MSMEs employ 70% of the country or nearly 60% of GDP.
In this regard, we provide principles, policies and concessions, and the reorganization of tax systems and other systems to ensure that (self-employed entrepreneurs) enter (the) system so that we can easily communicate with each other and organize together a total force. Our country is small, our population is small, but if the people have a strong base, it does not matter so much about the quantity. The quality does. The number of enterprises combined is tens of thousands, but not as many as in other countries. If we can unite and help each other, depending on the sectors they involved, I think this will make it works. Currently, if we look at the percentage of employment nationwide, about 70% is provided by micro/small enterprises. Percentage of GDP is almost 60% […]
(5) The world grows because of innovations
The world is growing because of new products that people never thought of in 10 to 20 years before […] generally, we must encourage innovation. I look at the evolution of technology and AI, I am sure that for the time ahead, most of the business in the world will be spearheaded by MSMEs as it increases the ability to use fewer people, and yield large production […] I would encourage the private sector, especially those in the informal economy, to understand and embrace the policies offered by the government so that we can work together to create a great economic force […] the partnership between the private sector and the government, especially the MSMEs, is a good force. I urge the Ministry, which has promoted this work, to continue to encourage the compilation and preparation of policies, especially the implementation of the related mechanism […]
(6) It takes creativity and productivity to compete
(We must have) effective and sustainable implementation mechanisms. There should not be too many mechanisms. Sometimes multiple mechanisms become competing mechanisms. Where our mechanism is small/limited in number, and no longer united, it becomes even smaller. Do not forget that we produce to serve both domestic and foreign supplies. Even domestically, we have to produce to compete with imported products […] if we are together as a handicraft, we can raise capital, raise skills can produce competitive. We cannot impose a ban on imports. The only option is to bring our creativity and productivity to the competition. It means that one day customers will resort to buying local products without having to force them […]
(7) The private sector participates in thinking and implementing, while the state facilitates a long-term competitive approach
What the state can do is just setting up a coordination mechanism, providing some principles, while the private sector is the one who thinks and makes suggestions […] sometimes our resources are less, but together we can endeavor […] we live in a competitive world. Globalization is what we have to face with. In this regard, most of the competition is economic. We started our (socio-)economic policy six months ago, focusing on economic diplomacy. Leaders of other countries are doing the same economic diplomacy thing. Leaders everywhere go to the private sector. That demands competition. The government can only open the door. But the entrants are the private sector. We call them to come in and we are going out to them, […]
(8) Collaborate with friends outside but in priority strengthen internal capacity, including the private sector
We have gone out to meet the private sector abroad, but do not forget the private sector inside the country. I really want us to have own local products and be self-breathing in all areas. We will strive to strengthen (internal capacity to compete). Inevitably, we have to work with friends outside, but the priority remains to strengthen the internal capacity of the Cambodian private sector […] at the inauguration of the bridge at Chak Angre Krom and Prek Pra, in front of the Chinese Ambassador, I said that Cambodia will continue to build infrastructure and hope that in the future, Cambodia will be able to build new highways infrastructure, both underground and on the ground using the Cambodian human resource and companies […]
(9) MISTIS to strengthen and expand ownership, develop legal standards to assist MSMEs and the informal economy
We need to strengthen the private sector. This is the direction in providing assistance because we need to strengthen the foundation for us to breath in by ourselves, to encourage more self-ownership, even if we cannot separate from the outside world. In this sense, in relation to the Ministry of Industry, Science, Technology and Innovation, (MISTI) which has the core responsibility of the Royal Government in helping to promote MSMEs and the informal economy sector, needs to pay attention to the preparation of various legal standards for this strengthening efforts as quick as possible […]./.
No comments:
Post a Comment