Wednesday, February 21, 2024

រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

(ភ្នំពេញ)៖ រសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទ​សន្និ​បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការបិទសន្និបាត ក្រសួង ក៏រៀបចំសម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ «អគារ តេជោសែន»។


វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ត្រូវបានចាត់ទុកថាជាកម្លាំងចលក រមួយជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតការងារ បង្កើតតម្លៃ​បន្ថែម បង្កើតប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះ កំពុងអភិវឌ្ឍឈានទៅមុខប្រកបដោយនិ​រន្តរ​ភា​ព មានលក្ខណៈចម្រុះ សម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្ម​សេដ្ឋកិច្ច រវាងផ្នែកកែច្នៃកម្ម ន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមា​ហ​រ​ណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់មុំនៃយុទ្ធសាស្ត្រ បាន​រំលេច​តួនាទីរបស់ក្រសួង ដែលរួមមាន៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការលើកកម្ពស់ការ តភ្ជាប់ និង​ការ​បង្កើនប្រសិទ្ធភាពនៃវិស័យទឹកស្អាត វិស័យឌីជីថល និងការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។ ក្នុងនោះកាលពីថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលយុទ្ធសាស្ត្រនេះត្រូវបានរាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ចជូនក្រសួង ឱ្យបំពេញតួនាទី ស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ជំរុញតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ។

ដើម្បីលើកស្ទួយវិស័យឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា រួមទាំងវិស័យទឹកស្អាត និងសិប្បកម្ម ឱ្យបាន​កាន់​តែមានភាពប្រសើរឡើង ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្រសួងបានខិតខំ​ប្រឹង​ប្រែង​ធ្វើកំណែទម្រង់ និងរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីធានាបានកំណើនសេដ្ឋកិច្ច ដែលមានភាពធន់នឹង​វិបត្តិ ការបង្កើនបរិមាណការងារ និងការកាត់បន្ថយ​ភាព​ក្រីក្រ។ ក្នុងនោះក្រសួងបានធ្វើការកែទម្រង់​ការ​ងារ​លើការងារ​គ្រប់គ្រង​រោង​ចក្រ សហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម ដោយពង្រឹងការអនុវត្តច្បាប់ និង​ការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។

របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅ​ឆ្នាំ​២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលកើនចំនួន១៤៣ រោង​ចក្រ ស្មើនឹងប្រមាណ ៧.២១ភាគរយ ធៀបនឹងឆ្នាំ២០២២។ ចំនួនរោងចក្រធុនធ្ងន់​ដែលកំពុងដំណើរការ​ទូទាំងប្រទេសមានចំនួន ២,១២៥រោងចក្រ និងផ្តល់ការងារចំនួន ១,០៤០,៣៣៣កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦.៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១លានដុល្លារ ស្មើប្រមាណ ៣.៣៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥,៣២៨ និងបន្តអាជ្ញា​បណ្ណ​សហគ្រាសធុនតូច និងមធ្យមចំនួន៥,១៥៨ នៅឆ្នាំ២០២៣។

ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើង​ប្រមាណ​១៦ភាគរយ។ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការ​តភ្ជាប់​បណ្តាញទឹកស្អាតសរុបចំនួន ១,៣០៧,៨១០តំណ កើនឡើង ៨.៥ភាគរយ បើធៀបនឹងឆ្នាំ​២០២២ ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣,០៦៧គីឡូម៉ែត្រ (ឬ ១១%) ដល់ ៣០,៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន ៦,៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០,១៧៣ ភូមិទទួលបានទឹកស្អាតប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជា​ហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០.៧០លានដុល្លារ និងគម្រោងហិរញ្ញ​ប្បទានសម្បទាន​ពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ៣គម្រោង ស្មើប្រមាណ ៤១៤,៩០លានដុល្លា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណ​ភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួនស្តង់ដារកម្ពុជា​សរុបកើនដល់១.២១៦។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់ផលិតផល ដំណើរការ​ផលិត​កម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាព
សាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦សេវា ដែលគ្របដណ្តប់លើឧបករណ៍​មាត្រា​សាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩,២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់ក្រសួង​ក៏បានបន្តដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាមរយៈការកាត់បន្ថយ​ចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យ​ជាដើម។ ក្រសួងបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធអនឡាញ។

ជាមួយនឹងការបង្កើតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ ក្រសួងបាន​ជំរុញ​ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រួលដល់បរិវត្តកម្មឆ្ពោះទៅរកការធ្វើ​ពិពិតកម្ម​សេដ្ឋកិច្ច ដែលទទួលបានសមិទ្ធផលផ្សេងៗ រួមទាំងការបង្កើតផែនទីបង្ហាញផ្លូវ របៀបវារៈ​ស្រាវ​ជ្រាវជាតិ និងគោលការណ៍ណែនាំនានា រួមជាមួយនឹងការគ្រប់គ្រង និងការវាយតម្លៃលើគោល​នយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនក្នុងវិស័យនេះ៕ អត្ថបទ៖ Fresh News



No comments:

Post a Comment