នៅល្ងាច ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងពិធីបិទ "បុណ្យសមុទ្រលេីកទី១០" ក្រោមប្រធានបទ “ទាំងអស់គ្នាដេីម្បីទេសចរណ៍" នៅក្រុងកែប ខេត្តកែប។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យុវជន សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។ សម្តេចធិបតីបានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ សម្តេចបន្តថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ទៀតថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ការរៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៥០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។ សម្តេចបន្តថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។ វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេលជំងឺកូវីដ១៩ រាតត្បាត ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនបានស្គាល់ដឹកដីខ្មែរនៅតាមតំបន់ឆ្ងាយៗ។ ផលិតផលវិស័យទេសចរណ៍ខុសពីវិស័យដទៃ ពោលផលិតផលវិស័យទេសចរណ៍ ផលិតក្នុងស្រុក ប្រើប្រាស់នៅក្នុងស្រុក។ សម្តេចបានដាក់ចេញគោលនយោបាយ ពង្រឹងខ្សែក្រវាត់បៃតង ពោលគឺបង្កើនសកម្មភាពផលិតផលិតផល ដើម្បីផ្គត់ផ្គង់នៅនឹងកន្លែងតំបន់ទេសចរណ៍។សម្តេចធិបតីបន្តថា ការដាំដុះ ការចិញ្ចឹម និងបង្កើតផលិតផលនានា សម្រាប់តំបន់ទេសចរណ៍ គឺជាចំណុចសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចខេត្ត និងមូលដ្ឋាន។ សម្តេចធិបតី បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍន៍ខេត្តកែប គឺជាការផ្តល់ផលប្រយោជន៍ជូនដល់ពលរដ្ឋខេត្តកែប។ ផែនការមេដែលបានរៀបចំឡើង ដើម្បីថែរក្សាខេត្តមានសក្តានុពលទេសចរណ៍រយ:ពេលវែង មិនមែនដើម្បីរយៈពេលខ្លីនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរទាំង៤ គឺមិនមែនដើម្បីប្រកួតប្រជែងរវាងខេត្ត និងខេត្តនោះទេ តែត្រូវឱ្យជួយទាញប្រយោជន៍គ្នាទៅវិញទៅមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ បើគ្មានសន្តិភាព គ្មានឡើងការមកលេងខេត្តកែបនោះទេ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក និងសមជាតារារះនាទិសនិរតី។
សម្តេចក៏បានណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរតភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ដំណើរទេសចរណ៍ និងយកចិត្តទុកដាក់ដាក់ជំរុញកសិទេសចរណ៍។
សម្តេចធិបតីក៏បានណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើសន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាត សក្ដិសមជាតារារះនាទិសនិរតី៕
No comments:
Post a Comment