Thursday, May 18, 2023

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការពន្លត់ភ្លើងគប់ SEA Games ទង់ជាតិកម្ពុជាត្រូវបានចារឹកជាប់ជាប្រវត្ដិសាស្រ្ដនូវភាពជោគជ័យដ៏ត្រចះត្រចង់ទាំងតំបន់និងពិភពលោក


(ភ្នំពេញ)៖ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរនិងជាអ្នកនិពន្ធសៀវភៅប្រវត្ដិទង់ជាតិ ភ្លើងជាតិនគររាជ បានថ្លែងថាចំពោះពិធីពន្លត់ភ្លើងគប់ព្រឹត្ដិការណ៍ស៊ីហ្គេម SEA Games ដ៏មហាអស្ចារ្យលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣នេះ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបង្ហាញទស្សនីយភាពពីភាពជោគជ័យ និងវប្បធម៌ប្រពៃណីសំបូរបែបកម្ពុជា ហើយមានការចូលរួមអំណរសាទរពីមហាជនខ្មែរនិងបរទេសមកពីជុំវិញពិភពលោក យ៉ាងច្រើនកុះករប្រកបដោយបរិយាកាសសប្បាយរីករាយជាទីមោទនយ៉ាងក្រែងលែងនេះ។

គឺពិតជាបានផ្ដល់គុណតម្លៃទុកជាមរតកជាតិ មាតុភូមិ និងប្រជាជាតិខ្មែរទាំងមូល ព្រោះទង់ជាតិកម្ពុជា ត្រូវបានចារឹកជាប់ជាប្រវត្ដិសាស្រ្ដនូវភាពជោគជ័យដ៏ត្រចះត្រចង់ទាំងតំបន់និងពិភពលោក តរៀងទៅ ។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នងបរិយាកាសដ៏សប្បាយរីករាយជាទីមោទននេះ ចំពោះគុណតម្លៃអត្ថន័យនៃការពន្លត់ភ្លើងគប់SEA Gamesនេះគឺ ៖

១៖ ការលាគ្នា គឺបង្ហាញអំពីការចងចាំស្នាមញញឹមអនុស្សាវរីយ៍ល្អៗ ពុំអាចបំភ្លេចបាន ក្នុងទស្សនកីទ្បារស់ក្នុងសន្ដិភាពយ៉ាងសុខក្សេមក្សាន្ដ។

២៖ ភាពជោគជ័យ គឺបង្ហាញអំពីភាពជោគជ័យដ៏ត្រចះត្រចង់របស់កីទ្បាពីបណ្ដាប្រទេសនានាដែលចូលរួមប្រកួតដណ្ដើមមេដាយជូនជាតិ មាតុភូមិរបស់ខ្លួន ពិសេសប្រទេសម្ចាស់ផ្ទះ ដែលបានខិតខំប្រឹងប្រែងរៀបចំ ប្រកបដោយភាពជោគជ័យអស្ចារ្យ មានយុត្ដិធម៌ ផាសុខភាព សុវត្ថិភាព និងមានម្រិតស្ដង់ដាអូទ្បាំពិក យ៉ាងសប្បាយរីករាយក្រែងលែង ។

៣៖ វិញ្ញាណ-spirit គឺបង្ហាញអំពីកីទ្បាមិនផ្ដោកលើការប្រកួតប្រយុទ្ធយកឈ្នះ-ចាញ់ ឬ ស្លាប់-រស់ទាំងស្រុងនោះទេ គឺផ្ដោកលើវិញ្ញាណនៃការគោរពគ្នាទៅវិញទៅមក ប្រកបដោយសន្ដិភាព មិត្ដភាព ភាតរភាព និងគោលដៅដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្លួនឯងនិងសង្គមជាតិ។

ជាក់ស្ដែងកីទ្បាការិនីខ្មែរឈ្មោះ ប៊ូ សំណាង សម្បុរស្រអែមដ៏តូចច្រទ្បឹងដែលប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដែលបានរត់មកដល់ទីដៅក្រោយគេបង្អស់ នៅក្រោមដំណត់ទឹកភ្លៀង និងទឹកភ្នែកជោគជាំថ្ពាល់ ដោយដៃកាន់ទង់ជាតិកម្ពុជាយ៉ាងណែនយកមកជូតទឹកភ្នែក ធ្វើឲ្យប្រជាជាតិខ្មែរ និងប្រជាជាតិនានាប្រទេសលើពិភពលោក រំភើបញាប់ញ័ររំជួលចិត្ដ ស្រក់ទឹកភ្នែក ចំពោះទឹកចិត្ដស្មារតីអំណត់អត់ធ្មត់របស់នាង ហើយត្រូវបានសារព័ត៌មានជាតិ និងសារព័ត៌មានអន្តរជាតិធំៗ មានដូចជា the guardian, CNA,  និងផេករបស់ Olympic បានផ្សព្វផ្សាយទៅកាន់ពាសពេញពិភពលោក។

វិញ្ញាណនៃកីទ្បា ព្រោះគេមើលឃើញថា ជាពេលវេលាដ៏ឈឺចាប់មួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដែលបានហែលឆ្លងកាត់សោកនាដកម្មនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ដែលបានបោកបក់មកលើប្រជាជនកម្ពុជាអស់ជាច្រើនទសវត្សមកហើយ ទម្រាំបានសន្ដិភាព និងក្នុងការទទឹងរង់ចាំពេលវេលាអស់៦៤ឆ្នាំ ទើបមានឱកាសបានធ្វើស៊ីហ្គេមSEA Gamesនាពេលនេះ ។ នេះសឲ្យឃើញពីប្រទេសកម្ពុជាដ៏តូចច្រទ្បឹងអាចងើបឡើងវិញនូវក្ដីស្រម៉ៃបានមកដល់យ៉ាងភ្លឺចែងចាំងក្រោមពន្លឺសន្ដិភាព ។

ដូច្នេះយើងអាចនិយាយថា គ្រប់កីទ្បាបណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្ដរជាតិដែលបានមកទស្សនាផ្ទាល់ ក៏ដូចទស្សនាតាមបណ្ដាញព័ត៌មានធំៗ ជុំវិញពិភពលោក គឺពិតជាទទួលបានបទពិសោធន៍ ក្ដីរំភើបសប្បាយរីករាយ នៃវប្បធម៌ដ៏បរមបុរាណនៃចក្រភពអង្គរដ៏រុងរឿងនៃយើង៕


No comments:

Post a Comment